អាជ្ញាធរ​​ចាប់​​ខ្លួន​​តំណាង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​នៅ​​ខេត្ត​ស្វាយរៀង​ដាក់​ពន្ធនាគារ

0:00 / 0:00

សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​​សម្រេច​ឃុំ​ខ្លួន​​ដាក់​​ពន្ធនា​គារ តំណាង​​​សហគមន៍​​ចេក​មាស​ ​​២ ​នាក់ ​រួម​​មាន​ ​លោក​ស្រី ឥន សូត្រ និង​លោកស្រី យស់ សោភ័ណ្ឌ ​ ក្រោម​​បទ​​ចោទ​​មិន​​គោរព​​វិធាន​ការ​​ដែល​​រដ្ឋ​បាល​ខេត្ត​ដាក់​​ចេញ​​នៃ​ច្បាប់​​ ស្តី​ពី​ វិធាន​ការ​ទប់​ស្កាត់​ការ​​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ-១៩ មាត្រា១០ និង១១។​

ប្តី​របស់​លោក​ស្រី ឥន សូត្រ គឺ​លោក​ មុំ កុសល ​រៀប​​រាប់​​ប្រាប់​​​អាស៊ី​​​សេរី​នៅថ្ងៃទី២៨​ ខែសីហា​ថា ប៉ូលិស​បាន​កោះ​​ហៅ​​ប្រពន្ធ​របស់​លោក​និង​តំណាង​សហគមន៍​ម្នាក់​ទៀត​ទៅ​ឆ្លើយ​បំភ្លឺ​រឿង​ផ្ទាល់​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តស្វាយ​រៀង​កាល​​ពី​ថ្ងៃ​ទី២៧ សីហា។ ​លោក​ថា​ ពេល​​ទៅ​​ដល់​សមត្ថ​កិច្ច​បាន​ឃុំ​ខ្លួន​ពួក​គាត់​មួយ​យប់ ហើយ​ស្រាប់​តែ​ព្រឹក​ឡើង​សមត្ថកិច្ច​​បញ្ជូន​ពួក​គាត់​ទៅ​តុលាការ​បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​ពន្ធនា​គារ​ខេត្ត។

លោក​ មុំ កុសល ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលា​ការ​នេះថា ជា​រឿងអយុត្តិធម៌​សម្រាប់​ប្រពន្ធ​លោក​និង​ពលរដ្ឋ​សហគន៍​ផ្សេង​ទៀត ដែល​គ្រាន់​តែប្រើ​ប្រាស់​សិទ្ធិ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដី​ធ្លី​ពី​អាជ្ញាធរ​ដោយ​សន្តិវិធី។ លោក​​យល់​ថា​​ ការ​​ឃុំ​​ខ្លួន​នេះ​​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ ដើម្បី​បង្ខំ​ឱ្យ​ពួក​គាត់ទទួល​យក​សំណង​បន្តិច​បន្តូច​ពី​អាជ្ញាធរ៖ «អា​រឿង​ហ្នឹង​វា​អយុត្តិធម៌​ហួស​ព្រោះ​អី​មនុស្ស​អត់​មាន​ខុស​អីផង សម័យ​ឥឡូវ​វា​មិន​ដឹង​មិច ​អ្នក​ត្រូវ​​ទៅ​​ជា​ខុស ​អ្នក​ខុស​ទៅ​ជា​ត្រូវ រឿង​ដីរបស់​ឯង​សោះ​គេ​ចាប់​យើង​គេ​ថា ​យើង​ខុស​ទៀត ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ដោះ​លែងវិញ​តែ​មិន​ដឹង​ធ្វើ​របៀប​ណា»។

កាល​ពី​ដើម​ខែ​សីហា ពលរដ្ឋ​​មួយ​​ក្រុម​​ប្រមាណជា ​​៣០ ​​នាក់ ​នៅ​​ក្នុង​​ភូមិ​​ចេក​​មាស ឃុំ​​ឈើ​​ទាល និង​​មួយ​​ក្រុម​​ទៀត​​មាន​​គ្នា ​​៤០ ​នាក់ ​​នៅ​​ភូមិ​​ធ្នង់​ ឃុំ​ស្វាយ​ធំ បាន​ប្រមូល​​ផ្ដុំ​គ្នា​​លើក​​បដា នៅ​​លើ​​ដី​ស្រែ​​ពួក​គាត់​ ដើម្បី​​ទាម​ទារ​​ឱ្យ​​អាជ្ញាធរ​​ផ្ដល់​សំណង​​សម​រម្យ​​ក្នុង​​ជម្លោះ​​ដី​ធ្លី​​ពួក​គាត់​ ក្រោយ​​ពី​​ដឹង​ថា ​អាជ្ញាធរ​​មូល​ដ្ឋាន​ផ្ដល់​​សំណង​​ត្រឹម​តែ ​៩០០រៀល ​ក្នុង​​មួយ​​ម៉ែត្រ​​ការ៉េ។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​​បាន​​ចាត់​​វិធាន​ការ​​លើ​ពលរដ្ឋ ដោយ​​​​បង្គាប់​​ឲ្យ​តំណាង​សហគមន៍​​ចេក​មាស​លោក​ស្រី ឥន សូត្រ និង​​លោកស្រី យស់ សោភ័ណ្ឌ ឱ្យ​​បង់​​ប្រាក់​​​ម្នាក់​ ២ លានរៀល​ ទៅ​​សាលា​​ខេត្ត​​ស្វាយ​រៀង។ ​អាជ្ញាធរចោទ​ពួក​​គាត់​ថា ​ល្មើស​​បម្រាម​​សាលា​​ខេត្ត​ ដែល​​ហាម​​មិន​​ឲ្យ​​ពលរដ្ឋ​​ជួបជុំ​​គ្នា​ច្រើន ក្នុង​​អំឡុង​​ពេល​​មាន​​ការ​​រីក​រាល​​ដាល​​ជំងឺ​​កូវដី​-១៩។ អាជ្ញាធរ​​ព្រមាន​​​ថា​ ប្រសិន​​បើ​​អ្នក​​ទាំង​ពីរ មិន​​បាន​​បង់​​ប្រាក់​​ត្រឹម​​ដំណាច់​​ខែ​សីហា​នេះ​​ទេ នោះ​អាជ្ញាធរ​​នឹង​​បញ្ជូន​​សំណុំ​​រឿង​​នេះ​ទៅ​​តុលា​ការ។ ទោះ​ជា​យ៉ាង​ណា ពល​រដ្ឋ​អះអាង​ថា ​ការ​​ជួប​​ជុំ​​គ្នា​​លើក​​បដា​​នៅ​​វាល​​ស្រែ​​នាពេល​​កន្លង​ទៅ​នោះ គឺ​ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ដែល​អាជ្ញាធរ​ផ្តល់​សំណង​មិន​សមរម្យ​ដល់ពល​រដ្ឋ​រង​គ្រោះ​​តែ​ប៉ុណ្ណោះ។ ពួក​គាត់​​ស្នើ​សុំ​​ឱ្យ​​អាជ្ញាធរ​​ទម្លាក់​ចោល​​ការ​ផាកពិន័យ​នេះ និង​​ដោះលែង​​តំណាង​​របស់​​ពួក​គាត់​​ទាំង​ពីរ​នាក់​មក​វិញ។

ជុំវិញ​រឿង​នេះ អភិបាល​រង​ខេត្ត​ស្វាយ​រៀងលោក រស់ ផារិទ្ធ ថ្លែង​​ថា ​លោក​មិន​​អាច​​បញ្ជាក់​​ករណី​​ចាប់​​តំណាង​សហគមន៍​នេះ​​បាន​​ទេ​ ក្រោម​​​ហេតុ​​ផល​​​ថា ​លោក​មិន​ដឹង​រឿង​រ៉ាវ​នេះ។ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទងស្នង​ការ​នគរ​បាលខេត្ត​ស្វាយ​រៀងលោក កឹង ឃន និងអ្នក​នាំ​ពាក្យ​តុលា​ការ​ខេត្ត​ស្វាយ​រៀងលោក ផាន់ រតនា ដើម្បី​សុំការ​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៨ ខែសីហា។

ទោះ​ជា​យ៉ាងណា ពលរដ្ឋ​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ពលរដ្ឋ​ប្រមាណ ៤០ នាក់​បាន​តវ៉ា​នៅ​មុខ​ស្នង​ការ​ដ្ឋាននគរបាល​​ខេត្ត និង​តុលាការ​នៅ​ថ្ងៃទី២៧ និង ២៨សីហា ដោយ​​ស្នើ​​ឱ្យ​​​​ដោះ​​លែង​តំណាង​ពួក​គាត់​​ឱ្យ​​​មាន​​​សេរី​​ភាព​​វិញ ព្រោះលោកស្រី ឥត សូត្រ និង​លោក​ស្រី យស់ សោភ័ណ្ឌ ​មិន​​មាន​​កំហុស​ដូច​ការចោទ​ប្រកាន់​របស់​តុលា​ការ​​នោះ​​ទេ។ ប៉ុន្តែ​​អាជ្ញាធរ​​បែរ​​ជា​ប្រើ​អំពើ​ហិង្សា​​បំបែក​ការ​​ប្រមូល​​ផ្តុំ​​គ្នា​​របស់​​ពលរដ្ឋ​​ទៅ​វិញ។ លោក​ស្រី​ប្រាប់​ទៀត​ថា ​ពលរដ្ឋ​នៅ​ក្នុងភូមិ​ក៏​កំពុង​ភិតភ័យ​ក្រោម​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ដែរ៖ «ដី​ហ្នឹង​គេ​កំពុង​ដំណើរ​ការ​ផ្តិត​មេ​ដៃ​ គេ​បញ្ចប់​នៅ​ថ្ងៃ​ស្អែកហ្នឹង​គេ​ប្រាប់​យើង​ បើ​យើង​មិន​ទៅ​ផ្តិត​​ចោល​ទេ ខ្ញុំ​គិត​​ថា​​ ការ​ចាប់​សកម្ម​តវ៉ារឿង​ដីធ្លី​ ជា​រឿង​អយុត្តិ​ធម៌​ចំពោះ​ពួក​គាត់​ណាស់​ ថត​បង្ហោះ​លើ​វាល​ស្រែ​សោះចាប់​គាត់​ដាក់​ពន្ធនា​គារ»។

ជុំវិញ​​​រឿង​​​នេះ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO) ​លោក​ អំ សំអាត​ មាន​​ប្រសាសន៍​​ថា​​ មូល​​​ហេតុ​ដែ​ល​​ពលរដ្ឋចេញ​​តវ៉ា​​ដោយ​​សារ​​អាជ្ញាធរ​មិន​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ។ លោក​ចាត់​ទុក​​ ការ​​ចាប់​និង​ឃុំ​ខ្លួន​​ពលរដ្ឋ​​ដោយ​យក​ហេតុ​ផល​ល្មើស​នឹង​ច្បាប់​កូវីដ​នេះ គឺ​ជា​​ការ​​គំរាម​​កំហែង​ និង​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខតវ៉ា​រក​ដំណោះ​ស្រាយ។ លោក​​​​ស្នើ​​​ឱ្យ​​​អាជ្ញា​តុលាការ​ដោះ​​លែង​​​តំណាង​សហគន៍​ទាំង​នោះ​​ និង​​​ដោះ​​ស្រាយ​​​បញ្ហា​ដីធ្លី​​នេះ​​ដោ​យ​​ត្រឹម​​​ត្រូវ​​៖ «ប្រសិន​បើ​ជា​ចេតនា​ពិត​ប្រាកដ​ទាំង​អស់​គ្នា​មែន​អាជ្ញាធរនិង​ពលរដ្ឋ​គួរ​តែ​ធ្វើ​ការ​ចរចា​គ្នា​ដោះ​ស្រាយ​បញ្ចប់​រឿង​ដីធ្លី​ហ្នឹង​ទៅ ខ្ញុំ​គិត​ថា ដោះ​ស្រាយ​ចប់​គ្មាន​ទេ​រឿង​តវ៉ា​ គ្មាន​ទេ​រឿង​ទៅ​ស្រែក ឬ​ក៏​បង្ហោះ​ហ្វេស​ប៊ុកទាក់​ទង​រឿង​ដី​ធ្លី​ហ្នឹង តែ​បើ​សិន​មិន​ទាន់​មាន​ដោះ​ស្រាយ​ អាហ្នឹង​ពល​រដ្ឋគាត់​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​គាត់​ប្រើប្រាស់​មធ្យោ​បាយ​ផ្សេងៗ​ដើម្បីទាម​ទារ​ការ​ចាប់​អារម្មណ៍​ឱ្យ​មាន​ដំណោះ​ស្រាយ»។

មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ថា ​មន្រ្តី​ប៉ូលិស​នៅ​តុលាការ​ខេត្ត​​ស្វាយ​រៀងបាន​បណ្តេញ​មេធាវី​អង្គការ​​របស់​​លោក​មិន​​ឱ្យ​​ជួប​​កូន​​ក្តី​ទាំង​ពីរ​នាក់​ ដើម្បីការពារ​​តាម​​នីតិវិធី​ច្បាប់​នោះ​ឡើយ នៅ​ថ្ងៃទី២៨ ខែសីហា។ លោក​​សោក​ស្តាយ​ជា​ខ្លាំង​​ចំពោះ​ករណី​នេះ ប៉ុន្តែ​​លោក​​ថា ​ខាង​មេធាវី​នឹង​បន្ត​នីតិ​វិធី​ការ​ពារ​សិទ្ធិកូន​ក្តី​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ទៀត។

ទំនាស់​ដីធ្លី​​នេះ កើត​​ឡើង​​ដោយ​​សារ​​ការ​​មិន​​ត្រូវ​​រ៉ូវ​គ្នា​​រវាង​​ពលរដ្ឋ និង​​អាជ្ញាធរ ជុំវិញ​សំណង​លើ​គម្រោង​​សាង់​សង់​អាង​ទឹក។ ពលរដ្ឋ​​ជាង​ ១០០ ​គ្រួសារ ដែល​​រស់​​នៅ​​អាស្រ័យ​​ផល​​ធ្វើ​​ស្រែ​​លើ​​ដី​​សរុប​ជិត ​១០០ ​ហិកតារ តាំង​​ពី​​ឆ្នាំ​១៩៧៩ នោះ​បាន​​ស្នើ​​សុំ​​អាជ្ញាធរ​​ខេត្ត​​ស្វាយ​​រៀង និង​​ក្រសួង​​ធនធាន​​ទឹក​​ប្ដូរ​គោល​​នយោ​បាយ​​ផ្ដល់​​សំណង​​​ឲ្យ​​ពលរដ្ឋ​​ពី​​ ៩០០​រៀល​​ ក្នុង​​ម៉ែត្រ​​ការ៉េ ទៅ​ ១ម៉ឺន ​២ពាន់​រៀល ឬ​​៣​ដុល្លារ​​ក្នុង​​ម៉ែត្រ​​វិញ។ ប៉ុន្តែ​អាជ្ញាធរ​​មិន​​យល់​​ព្រម​​តាម​សំណើរ​បស់​​ពលរដ្ឋ​​នេះ​ឡើយ។

ក្រុម​​​ប្រជា​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​​ស្នើ​​ឱ្យ​​អាជ្ញាធរ​​តុលាការ​​ដោះ​​លែង​​តំណាង​ពួក​​គាត់​​ត្រឡប់​​មក​​ផ្ទះ​​វិញ និង​​​ទទូច​​​ដល់​​អាជ្ញាធរ​​ខេត្ត​​នេះ​ឱ្យ​​​ជួយ​​រក​​ដំណោះ​ស្រាយ ទំនាស់​​ដី​ធ្លី​​នេះ​​ដោយ​​សន្តិ​​វិធី​​តាម​​ច្បាប់​​ផង​​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។