សង្គមស៊ីវិលចាត់ទុកបទចោទប្រកាន់របស់តុលាការខេត្តត្បូងឃ្មុំថា ជាការបំបាត់ស្មារតីពលរដ្ឋកុំឱ្យហ៊ានចេញតវ៉ារឿងដីធ្លីនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ការចាត់ទុកនេះបានធ្វើឡើង បន្ទាប់ពីមានតំណាងពលរដ្ឋមានជម្លោះដីធ្លី ៣នាក់ បានចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ពាក់ព័ន្ធនឹងការចូលកាន់កាប់ដីស្រែរបស់ពួកគាត់ ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថា ជាដីរដ្ឋ។
សង្គមស៊ីវិលយល់ឃើញថា បទចោទប្រកាន់លើពលរដ្ឋដែលហ៊ានតវ៉ារឿងដីធ្លីនៅខេត្តត្បូងឃ្មុំនេះ គ្រាន់តែជាវិធីសាស្ត្រដ៏ពេញនិយម ដែលអាជ្ញាធរតែងយកទៅប្រើប្រាស់ បំបាក់ស្មារតីសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស។
មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលសហគមន៍ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ មេសា ថា វាបានក្លាយជាបញ្ហាកើតឡើងនៅទូទាំងប្រទេស នៃការប្រើប្រាស់ប្រព័ន្ធតុលាការបំបាក់ស្មារតីពលរដ្ឋ ដែលហ៊ានប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន តវ៉ារឿងរំលោភបំពានដីធ្លី។
លោក ញិល ភាព៖«សកម្មភាពនៃបទចោទនេះ គឺជាបទចោទដែលពេញនិយម ដែលគេយកមកប្រើប្រាស់ជាទូទៅ ទៅលើសកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស នៅទូទាំងប្រទេសរបស់យើងហ្នឹង ហើយវាអត់មានអីចម្លែកទេ សម្រាប់ស្រុកយើងហ្នឹង»។
ការលើកឡើងពីមន្ត្រីសង្គមស៊ីវិលរូបនេះបានកើតឡើង បន្ទាប់ពីតំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅក្នុងស្រុកមេមត់ចំនួន ៣នាក់ រួមមានលោក ស៊ុន សូ លោក ហ៊ុយ ម៉ុន និងលោក ផុស សុផល បានចូលបំភ្លឺនៅតុលាការខេត្តត្បូងឃ្មុំ ដែលក្នុងនោះ ម្នាក់បានចូលបំភ្លឺកាលពីថ្ងៃទី១៨ ខែមីនា និងពីរនាក់ទៀត បានចូលទៅបំភ្លឺ កាលពីថ្ងៃទី១៩ ខែមេសា។
អយ្យការអមសាលាខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា បានចេញដីកាកោះហៅពលរដ្ឋទាំង៣នាក់ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានដីដោយខុសច្បាប់ នៅចំណុចភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែតំណាងពលរដ្ឋបានអះអាងថា ដីទាំងនោះ ជាដីស្រែដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ ហើយក៏អាក់ខានចូលទៅប្រើប្រាស់ដីទាំងនោះ បន្ទាប់ពីទាហានវៀតណាមចេញមកហាមឃាត់ អំឡុងពេលមិនទាន់មានការកំណត់ និងបោះបង្គោលព្រំដែន។
លោក ស៊ុន សូ អាយុ៤៨ឆ្នាំ មានដីពីរហិកតារនៅជាប់ព្រំដែនបានលើកឡើងថា ក្រោយពីមានការស្ថាបនាផ្លូវក្រវាត់ព្រំដែន និងការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនរួចរាល់នៅក្នុងឆ្នាំ២០២១ ដីស្រែ ៣៥ហិកតាររបស់អ្នកភូមិរបស់លោកចំនួន ២១គ្រួសារ ស្ថិតក្នុងឃុំចាន់មូល ស្រុកមេមត់ មិនស្ថិតក្នុងទឹកដីវៀតណាមឡើយ។ លោកបន្តថា នៅឆ្នាំ២០២២ ពួកលោកក៏បានស្នើសុំច្បាប់ទៅអាជ្ញាធរភូមិឃុំរហូតដល់ថ្នាក់ខេត្ត ដើម្បីចូលទៅធ្វើស្រែចម្ការនៅលើដីទាំងនោះវិញ ប៉ុន្តែត្រូវបានអាជ្ញាធរអះអាងថា មិនហ៊ានសម្រេច ព្រោះជាដីរដ្ឋ និងទុកសម្រាប់ចែកឱ្យទាហានចូលនិវត្តន៍។លោកបន្ថែមថា ក្រុមពលរដ្ឋក៏បានឡើងតវ៉ាដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញ ស.ជ.ណ មួយ ប្រគល់សិទ្ធិឱ្យថ្នាក់ខេត្តដោះស្រាយបញ្ហាដីនេះ តាមរយៈការត្រួតពិនិត្យទិដ្ឋភាពផ្លូវច្បាប់ឱ្យបានជាក់ស្ដែង។
ប៉ុន្តែលោក ស៊ុន សូ បញ្ជាក់ថា ក្រោយមកអាជ្ញាធរភូមិឃុំនិងស្រុក រួមទាំងមន្ត្រីសុរិយោដី និងប៉ូលិសព្រំដែន បានចុះទៅវាស់វែង និងប្រើគ្រឿងចក្រឈូសឆាយដីទាំងនោះ ដោយមិនឱ្យពលរដ្ឋដឹងឡើយ រហូតធ្វើឱ្យពលរដ្ឋនាំគ្នាទៅហាមឃាត់និងបង្ហាញ ស.ជ.ណ ក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ក្រោយពីមានការតវ៉ា អភិបាលស្រុកក៏បានហៅក្រុមពលរដ្ឋទៅជួបនៅសាលាឃុំឱ្យទទួលយកដីទទឹង៣០ម៉ែត្រ និងបណ្ដោយ៤០ម៉ែត្រក្នុងមួយគ្រួសារ ប៉ុន្តែត្រូវបានក្រុមពលរដ្ឋបដិសេធ ហើយក៏មានការប្ដឹងលោក និងតំណាងពីរនាក់ទៀត ពីបទទន្ទ្រានដីរដ្ឋខុសច្បាប់ទៅវិញ។
លោក ស៊ុន សូ៖«និយាយតាមច្បាប់មកឱ្យពួកខ្ញុំអស់ចិត្តទៅថាបើដីហ្នឹងត្រូវបែងចែកទៅជាស្អីៗ ឱ្យច្បាស់ ហើយខ្ញុំជាម្ចាស់ដីពិតប្រាកដហ្នឹង ត្រូវទទួលបានរបៀបណា ឱ្យខ្ញុំអស់ចិត្ត។ កុំឱ្យនិយាយរួចពីមាត់ថា ដីរដ្ឋហើយដល់យកដីទៅ មិនដឹងជាធ្វើស្អី លក់ឯកជន លក់អី យើងតវ៉ា ដោយសារអ៊ីចឹង បានយើងហ៊ានតវ៉ា។ ឮគេថា ដីរដ្ឋ ប៉ុន្តែមិនដឹងថា ដីហ្នឹងបានទៅរដ្ឋពិតប្រាកដឬអត់»។
តំណាងពលរដ្ឋដដែលនេះលើកឡើងទៀតថា ពលរដ្ឋមានបញ្ហាដីធ្លីនៅតាមព្រំដែននេះ មានចំនួន៧ឃុំក្នុងស្រុកមេមត់ ប៉ុន្តែពលរដ្ឋភាគច្រើនមិនហ៊ានចេញតវ៉ាឡើយ ដោយសារអាជ្ញាធរព្រមានថា ប្រសិនបើអ្នកណាហ៊ានចេញតវ៉ាយកដីសល់ពីការបោះបង្គោលព្រំដែន នឹងអាចប្រឈមជាប់ពន្ធនាគារ។ លោកបញ្ជាក់ថា ដីទាំងនោះភាគច្រើនជាដីស្រែ ហើយមានដីទួលខ្លះ អាចដាំដំឡូង ស្វាយចន្ទី និងដាំពោតជាដើម។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមេឃុំចាន់មូលលោក ម៉ី សារុំ និងអភិបាលស្រុកមេមត់លោក ស្រេង លី បានទេ ដោយសារពួកលោកទទួលទូរស័ព្ទហើយក៏បានចុចបិទទៅវិញ។ តំណាងពលរដ្ឋម្នាក់ទៀត លោក ហ៊ុយ ម៉ុន អាយុ៥៩ឆ្នាំ លើកឡើងដែរថា នៅពេលទៅឆ្លើយបំភ្លឺនៅតុលាការ ខាងតុលាការបានបញ្ជាមិនឱ្យលោកចូលធ្វើស្រែលើដីទាំងនោះឡើយ ដោយអះអាងថា មិនទាន់មានការដោះស្រាយ។
លោក ហ៊ុយ ម៉ុន៖«តុលាការគេថា មិនទាន់ឱ្យធ្វើទេ ព្រោះដីហ្នឹងពាក់ព័ន្ធនឹងដីរដ្ឋ កុំទាន់អាលទៅធ្វើ។ ដល់ក្រោយមក គេយកគ្រឿងចក្រទៅរុញទៅកាយ ខ្ញុំក៏បានហាមឃាត់វិញ ក៏គេផ្អាកដែរ»។
នៅក្នុងចំណោមអ្នកតំណាងទាំងបីនាក់ ដែលតុលាការកោះហៅទៅឆ្លើយបំភ្លឺ គឺលោក ផុន សុផល មិនមានដីស្ថិតនៅតាមព្រំដែន ហើយក៏មិនបានចូលកាប់ឆ្ការដីទាំងនោះដែរ។ មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបញ្ជាក់ថា មូលហេតុតុលាការចោទប្រកាន់ទាំងលោក ផុន សុផល ព្រោះលោកជាមនុស្សសកម្មក្នុងការងារការពារសិទ្ធិដីធ្លី ហើយកន្លងមក លោកក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារម្ដងរួចហើយ អំឡុងពេលលោកចុះសិក្សានៅក្នុងសហគមន៍មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។