ពលរដ្ឋដែលរងរបួសក្នុងពេលតវ៉ាជម្លោះដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ស្នើសុំអាជ្ញាធរខេត្តកំពតជួយរកយុត្តិធម៌ឲ្យគាត់។ សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ចប់វិវាទដីធ្លីទើបអាចបញ្ចប់ជម្លោះរវាងអ្នកភូមិជាមួយក្រុមឈ្មួញបាន។
អ្នកភូមិព្រៃពាយខ្លះ ចាប់ផ្ដើមរអាក្នុងការចេញតវ៉ាជាមួយឈ្មួញហើយ ក្រោយពេលក្រុមបក្ខពួករបស់ឈ្មួញដីចាប់វាយធ្វើបាបអ្នកភូមិយ៉ាងចាស់ដៃ កាលពីថ្មីៗនេះ។
អ្នកភូមិព្រៃពាយម្នាក់លោកស្រី ង៉ែត យឿន ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា អ្នកភូមិជិតសែសិប(៣៧) គ្រួសារ បាននាំគ្នាចេញតវ៉ាទាមទារឲ្យកម្មកររបស់ឈ្មួញដីម្នាក់ដែលអ្នកភូមិស្គាល់ថា ជាឧកញ៉ាឈ្មោះ ប៉ែន នួន ឲ្យបញ្ឈប់ការឈូសឆាយដីចម្ការរបស់អ្នកភូមិ ហើយស្នើសុំឲ្យយកគ្រឿងចក្រចេញពីតំបន់មានជម្លោះ។
ស្ត្រីវ័យជាង ៥០ ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយពេលអ្នកភូមិតវ៉ាបានបន្តិចស្រាប់តែមានមនុស្សប្រុសមួយក្រុមដោយខ្លះមានកាន់ដំបងក្នុងដៃផងបានស្ទុះមកចាប់វាយក្រុមអ្នកតវ៉ា។ នៅពេលប៉ះទង្គិចគ្នានោះលោកស្រី ង៉ែត យឿន ភ័យខ្លាច ហើយមិនដឹងរត់ទៅណា លោកស្រីក៏ស្រវាឡើងលើគ្រឿងចក្រដើម្បីស្រែកទាមទារឲ្យបញ្ឈប់ការរំលោភយកដីអ្នកភូមិទៀត៖ «ខ្ញុំនឹងឃើញថា បើសិនជានៅប្រវាយប្រតប់គ្នា គេរុញទៅរុញមកអ៊ីចឹង ប្រហែលជាយើងមិនឈ្នះគេទេ គេគ្នាច្រើន។ ខ្ញុំនឹកឃើញអ៊ីចឹងមានតែរត់ទៅទំនៅលើដែកអាអ៊ិចហ្នឹងហើយកុំឲ្យបើកកាយណា។ ខ្ញុំវាគិតអ្វីអត់ឃើញ។ គិតអ្វីអត់ឃើញតែម្ដង រួចហើយមកដេកភ័យខ្លួនឯងថាបើសិនគេបើកទៅគេបោកខ្ញុំស្លាប់ហើយ មើលទៅហ្ន៎ះ»។
លោកស្រីបន្តថា អ្នកភូមិព្រៃពាយច្រើននាក់ឲ្យរបួសក្នុងពេលប៉ះទង្គិចគ្នានេះ។ ប៉ុន្តែអ្នកភូមិ២នាក់របួសធ្ងន់ គឺឈ្មោះ អឿន សុខនៅ និងម្នាក់ទៀត គឺជាប្ដីរបស់លោកស្រីឈ្មោះ លឹម រុំ។ អ្នកភូមិបានបញ្ជូនបុរសទាំង២ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងស្រុកឈូក ប៉ុន្តែដោយសារខាងគ្រួសារគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ទើបពួកគាត់ស្នើសុំឲ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពតវិញ។
បច្ចុប្បន្នលោក អឿន សុខនៅ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកនៅផ្ទះវិញហើយ ព្រោះគ្មានលទ្ធភាពបង់ថ្លៃសេវាព្យាបាលនៅមន្ទីរពេទ្យបន្តទៀត។ ឯលោកស្រី ង៉ែត យឿន ក៏ត្រៀមសុំគ្រូពេទ្យឲ្យលោក លឹម រុំ ចេញពីមន្ទីរពេទ្យដែរ ព្រោះលោកស្រីគ្មានលទ្ធភាពបង់ថ្លៃព្យាបាលទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីខាងភាគីលោក ប៉ែន នួន ដែលអ្នកភូមិអះអាងថា ជាគូរជម្លោះក្នុងករណីនេះទេ។ វិទ្យុអាស៊ីសេរីក៏មិនអាចសុំការបញ្ជាក់ពីមេឃុំត្រពាំងភ្លាំងលោក ថាវ វណ្ណារ៉េត និងអ្នកនាំពាក្យសាលាខេត្តកំពតលោក ភូ លិ និងលោក វ៉ិត វឌ្ឍនា បានទេនៅថ្ងៃទី១៩ ខែកញ្ញា។ ចំណែកស្នងការរងប៉ូលិសខេត្តកំពតទទួលបន្ទុកព្រហ្មទណ្ឌលោក លត ញ៉ាវ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ខាងនគរបាលមិនទាន់ទទួលបានពាក្យប្ដឹងក្នុងករណីនេះទេ។
ជុំវិញករណីនេះពលរដ្ឋរងរបួសដដែល គឺលោកស្រី ង៉ែត យឿន ឲ្យដឹងថា អ្នកភូមិមិនទាន់បានដាក់ពាក្យប្ដឹងទៅនគរបាលនោះទេ ព្រោះពួកគាត់ភាគច្រើន គឺជាកសិករមិនចេះអក្សរ។ ប៉ុន្តែពួកគាត់តែងតែបានទូរស័ព្ទប្រាប់ទៅអាជ្ញាធរមូលដ្ឋានជារឿយៗឲ្យមកជួយឃាត់គ្រឿងចក្រ និងស្នើសុំឲ្យអាជ្ញាធរមកដោះស្រាយ។ លោកស្រីអះអាងថា អាជ្ញាធរឬនគរបាលមិនបានចុះទៅដោះស្រាយឲ្យពួកគាត់ទេ ទើបពួកគាត់នាំគ្នាតវ៉ាដើម្បីការពារដីចម្ការដោយខ្លួនឯង។ រយៈពេលកន្លះខែចុងក្រោយនេះ អ្នកភូមិព្រៃពាយ បានចេញនាំគ្នាតវ៉ាយ៉ាងតិចណាស់៣ដង។ ក្នុងពេលតវ៉ាទាំងនេះ អាជ្ញាធរមូលដ្ឋានមិនបានចុះទៅដោះស្រាយឲ្យអ្នកភូមិទេ។
សង្គមស៊ីវិលព្រួយបារម្ភថា ករណីហិង្សានេះ នឹងបន្តកើតឡើងទៀត ប្រសិនបើអាជ្ញាធរមិនប្រញាប់ដោះស្រាយទេ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្តកំពតលោក ប៉ែន វុទ្ធា ឲ្យដឹងថា ពលរដ្ឋបានចូលទៅកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋដើម្បីបង្កបង្កើនផលនៅភូមិព្រៃពាយច្រើនឆ្នាំហើយ ប៉ុន្តែក្រោយមកមានក្រុមឈ្មួញជាច្រើនសុទ្ធសឹងតែជាអ្នកមានលុយ និងមានអំណាចបានចូលទៅដណ្ដើមដីនោះបន្តពីអ្នកភូមិ ទើបបណ្ដាលឲ្យកើតមានជម្លោះហិង្សាដល់សព្វថ្ងៃ។ លោកយល់ថា អាជ្ញាធរគួរតែរកយន្តការដោះស្រាយបញ្ហានេះឲ្យគ្រប់ភាគីទទួលយកបានទើបអាចបញ្ចប់បញ្ហានេះបាន៖ « បើសិនជាយើង ( អាជ្ញាធរ ) អត់ធ្វើការដោះស្រាយទេ ហើយយើងទុករឿងហ្នឹងដដែលហើយឲ្យខាងភាគីដែលគាត់មានលុយមានអំណាចគាត់យកទៅធ្វើការឈូសឆាយដីដំណាំប្រជាពលរដ្ឋ យើងមើលទៅវាគ្មានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទេ ដែលគាត់ជាអ្នកក្រីក្រ»។
ច្រើនឆ្នាំមកនេះ អ្នកភូមិព្រៃពាយនាំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍រឿងវិវាទដីធ្លីជាមួយឈ្មួញដីច្រើនដងហើយទាំងនៅសាលាខេត្តកំពត និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីទេ។ ទោះជាអ្នកយ៉ាងអ្នកភូមិប្ដេជ្ញាថា ពួកគាត់នឹងនាំគ្នាតវ៉ាទៀត រហូតដល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។