ឧកញ៉ា ហេង ហ៊ុយ ប្ដឹង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល​ពី​បទ​បរិហារកេរ្តិ៍

0:00 / 0:00

តុលាការ​ខេត្ត​កោះកុង ចេញ​ដីកា​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់ ទាក់ទង​នឹង​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ ប្ដឹង​ពលរដ្ឋ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ខ្លួន ៣​បទល្មើស​ផ្សេងគ្នា។ ចំណែក​ស្ត្រី ២​នាក់ ដែល​រង​ការចោទប្រកាន់​នេះ ថ្លែង​ថា ជា​រឿង​អយុត្តិធម៌ ចំពោះ​ពួកគាត់ ដែល​មិន​ត្រឹមតែ​បាត់បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​រង​បណ្ដឹង​ទៅ​តុលាការ​ថែមទៀត។

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក អ៊ង រី កោះហៅ តំណាង​ពលរដ្ឋ​ពីរ​រូប គឺ​លោកស្រី អ៊ិន ធូ និង​លោកស្រី កើត នៅ ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៣ កក្កដា តាម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​។ លោក ហេង ហ៊ុយ ប្ដឹង​ស្ត្រី​ទាំងពីរ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

តំណាង​ពលរដ្ឋ​១៩៧​គ្រួសារ នៅ​ភូមិ​តានី ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោកស្រី អ៊ិន ធូ ថ្លែង​ថា រូប​គាត់​មិន​ភ័យ​តក់ស្លុត ចំពោះ​ការ​កោះ​ហៅ​ពី​តុលាការ​ទេ ពីព្រោះ​គាត់ និង​អ្នកភូមិ​ផ្សេងទៀត គឺជា​ជនរងគ្រោះ​ក្នុង​រឿង​ដីធ្លី​យ៉ាង​ពិត​ប្រាកដ​។ លោកស្រី​យល់ថា ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​ដាក់​ទៅ​តុលាការ​នៅ​ពេល​នេះ អាច​ជា​ការ​ដាក់​សម្ពាធ​ឱ្យ​ពួកគាត់​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅ​ទៀត​។ តំណាង​ពលរដ្ឋ​ដែល​មាន​កូន ៩​នាក់ ក្នុង​បន្ទុក​គ្រួសារ​រូប​នេះ បញ្ជាក់​ថា ពួកគាត់​នៅតែ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជាថ្មី​ទៀត បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏ដោយ​៖ «ខ្ញុំ​មិន​បាន​ចោទ បរិហារកេរ្តិ៍​ទេ​។ គ្រាន់តែ​ថា គាត់​រំលោភបំពាន​ដី​ប្រជាពលរដ្ឋ ខ្ញុំ​ថា​ដោយ​ការ​ស្មោះត្រង់ បើសិនជា​គាត់​អត់​បាន​រំលោភបំពាន​ទេ សូម​ឱ្យ​គាត់​ចេញមុខ​មក​តតាំង​ជាមួយ​ពួក​ខ្ញុំ​មក។ ខ្ញុំ​អត់​ខ្លាច​ទេ​។ ខ្ញុំ​ត្រូវ​ក្រោក​ឈរ​ឡើង ដើម្បី​ទាមទារ​យក​ដីធ្លី​របស់​ខ្ញុំ​មកវិញ​។ ខ្ញុំ​ខ្លាច​ម៉េច បើ​គេ​យក​ដី​ខ្ញុំ​អស់​ហើយ​។ ខ្ញុំ​ទៅ​បំភ្លឺ​ឱ្យ​គាត់​ដឹង​ថា បើ​សិន​គាត់​ហ្នឹង មិន​យក​ដី​ប្រជាពលរដ្ឋ​សូម​ឱ្យ​គាត់​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នេះ និង​រូប​ខ្ញុំ​ផ្ទាល់​ក៏ដោយ ព្រោះ​ខ្ញុំ​បាត់បង់​ដី​ដល់​ទៅ​ប្រាំពីរ ប្រាំបី​ហិកតារ»។

រឿង​ក្រុមហ៊ុន ហេង ហ៊ុយ ប្ដឹង​ពលរដ្ឋ​ឡើង​តុលាការ​នេះ គឺ​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​ជិត​២​រយ​គ្រួសារ នាំគ្នា​ងើប​តវ៉ា​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី ជាច្រើនលើក​ច្រើន​សា​នៅ​ក្រសួង​រៀបចំ​ដែនដី ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​សាលាខេត្ត​កោះកុង​។ ប៉ុន្តែ​ខាង​ក្រសួង និង​ខាង​អាជ្ញាធរ​ខេត្ត បាន​ច្រាន​ចោល​សំណើ​របស់​ពលរដ្ឋ ដោយ​មិន​ទទួល​ដោះស្រាយ និង​គ្មាន​ការ​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​ទេ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន យល់ថា ការ​ប្ដឹង​ពលរដ្ឋ​ឡើង​តុលាការ ដោយ​ចោទប្រកាន់​៣​បទល្មើស​ដូច្នេះ គឺជា​ករណី​មួយ​ធ្ងន់ធ្ងរ ខណៈ​ដែល​ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ និង​ក្រសួង​រៀង​ចំ​ដែនដី​នៅឡើយ។ លោក ហួរ អ៊ីន ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្រៅ​ប្រព័ន្ធ​តុលាការ៖ «ការ​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​នេះ មិនមែន​ជា​ដំណោះស្រាយ​ទេ ទោះបី​វា​ជា​ការ​គំរាមកំហែង​ឱ្យ​ពួកគាត់​២​នាក់​ហ្នឹង ជាប់ពន្ធនាគារ​ក៏ដោយ​។ ក៏​ប្រជាពលរដ្ឋ​ទាំងនោះ គាត់​ប្ដេជ្ញា​ចិត្ត​ហើយ នៅតែ​បន្ត​ការ​ឡើង​ទៅ​តវ៉ា​នៅ​ភ្នំពេញ​អ៊ីចឹង។ អ៊ីចឹង​ ! ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង គួរតែ​ពិចារណា​រក​ដំណោះស្រាយ​ណាមួយ​ឱ្យ​បាន​សមរម្យ​សម្រាប់​ពួកគាត់​ទៅ​។ ពីព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដើម ដែល​មាន​ទីលំនៅ នៅ​ក្នុង​ទឹកដី​ស្រុកស្រែ​អំបិល​ហ្នឹង​ទេ​។ យើង​មើល​តែ​ភាសា​និយាយ​របស់​ពួកគាត់​ទៅ»។

កាលពី​ថ្ងៃទី​១ កក្កដា ក្រសួង​រៀបចំ​ដែនដី អះអាង​នៅ​ក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន​ថា ពលរដ្ឋ​ទាំង ១៩៧​គ្រួសារ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ​។ ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ ៩៨៧​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា ពួកគេ​ទទួល​បាន​ដំណោះស្រាយ​អស់ហើយ​។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ប្រសិនបើ​ប្រមូល​ផ្ដុំគ្នា តវ៉ា​រក​ដំណោះស្រាយ​នៅមុខ​ក្រសួង​ជា​ថ្មី​ទៀត។

ចំណែក​រដ្ឋបាល​ខេត្ត​កោះកុង ក៏បាន​ចេញ​លិខិត​មួយ​ដែរ នៅ​ថ្ងៃ​ទី​១ កក្កដា បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល​។ ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទីតាំង​ដែល​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួចហើយ របស់​ក្រុមហ៊ុន ហេង ហ៊ុយ​។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

អង្គការ​ស៊ីវិល​ដែល​តាម​ជម្លោះដីធ្លី ឆ្ងល់​ជា​ខ្លាំង អំពី​ការ​វិវត្ត ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ​ជិត ៨​រយ​ហិកតារ (៧៧៩) កាលពី​ឆ្នាំ​២០០៧ ក្លាយ​ទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ នៅ​ឆ្នាំ​២០១៩។

ទោះបីជា​យ៉ាងណាក្ដី អង្គការ​សង្គម​ស៊ីវិល នៅតែ​ស្នើ​ដោយ​ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ថា គួរ​រិះរក​ដំណោះស្រាយ​សមស្រប​ណាមួយ ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ស្រុកស្រែ​អំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។