ពលរដ្ឋកំពុងមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG) នៅខេត្តកោះកុង ចោទថា ក្រុមហ៊ុនមួយនេះ នៅតែប្រើប្រាស់រូបភាពគំរាមកំហែងពលរដ្ឋ ដោយយកគ្រឿងចក្រ ២គ្រឿង ចូលទៅឈូសកម្ទេចផលដំណាំរបស់ពួកគេ។ សង្គមស៊ីវិល ទាមទារឲ្យមានការដោះស្រាយទំនាស់ដីធ្លីនេះ ឲ្យបានចប់សិន ចាំបញ្ជូនគ្រឿងចក្រចូលទៅដីមានជម្លោះ។
អ្នកភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខែត្រកោះកុង ឲ្យដឹងថា ក្រុមហ៊ុនចិនដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយអ្នកភូមិ បានបញ្ជូនគ្រឿងចក្រ១គ្រឿង នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ចូលក្នុងភូមិហើយបានធ្វើសកម្មភាពឈូសកម្ទេចផលដំណាំពលរដ្ឋជាច្រើន នៅចំណុចប៉ោយឡាំធាន ក្នុងភូមិពាមកាយ។ បន្ថែមពីនេះ នៅរសៀលថ្ងៃដដែល ក្រុមហ៊ុន យូឌីជី បានបន្ថែមគ្រឿងចក្រមួយទៀត ចល័តចូលក្នុងភូមិ ឈូសកម្ទេចផលដំណាំអ្នកភូមិ។
អ្នកភូមិពាមកាយម្នាក់ ដែលអះអាងថា បានរងគ្រោះដោយសារសកម្មភាពគ្រឿងចក្រឈូសឆាយកម្ទេចផលដំណាំ លោក ណៃ វិបុល ឲ្យដឹងថា បើទោះជាមានការកម្ទេចផលដំណាំ ប៉ុន្តែ គ្រឿងចក្រទាំងនោះ នៅមិនទាន់ធ្វើសកម្មភាពកម្ទេចផ្ទះអ្នកភូមិទេ ព្រោះអ្នកភូមិបាននាំគ្នាទៅតវ៉ា កាលពីព្រឹកថ្ងៃទី០៣ មេសា។ លោក ណៃ វិបុល ប្រាប់ថា ពលរដ្ឋរងផលប៉ះពាល់ក្នុងភូមិពាមកាយ បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានរួចរាល់ហើយ និងកំពុងពិភាក្សាគ្នា ដើម្បីទៅតវ៉ា នៅសាលាខេត្ត។ «»
ក្រុមហ៊ុនចិនឈ្មោះ យូញៀន នេះ រងការចោទថា កន្លងមកបានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនចិនមួយនេះ បានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំនៅតំបន់ថ្មពាន ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងព្រឹត្តិការណ៍ដុតផ្ទះកាលណោះ ពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់គ្មានលទ្ធភាពក្នុងការតតាំងនឹងក្រុមហ៊ុនទេ។ ក្រោយមកពួកគេបានប្ដឹងទៅសាលាដំបូងខេត្តកោះកុង ពីការដុតកម្ទេចផ្ទះរបស់ពួកគេ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបានដំណោះស្រាយបែបណានៅឡើយ។
ក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ បានចេញសេចក្ដីថ្លែងការណ៍ ថា ជម្លោះដីធ្លីនៅខេត្តកោះកុង គឺមានកងកម្លាំងប្រដាប់អាវុធជាអ្នកនៅពីក្រោយ នៃការរំលោភសិទ្ធិមនុស្ស។ អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលគម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា រកឃើញថា កងកម្លាំងដែលត្រូវបានក្រុមហ៊ុនឯកជនជួល ជាពិសេសក្រុមហ៊ុនចិន ផ្ដល់កម្រៃពលកម្មក្នុងមួយខែៗ ចន្លោះចាប់ពី ៣០០ ទៅ ៥០០ដុល្លារអាមេរិក។ លើសពីនេះទៀត កត្តាដែលជំរុញឲ្យក្រុមហ៊ុនចិន យូឌីជី នេះមានឥទ្ធិពល ដោយសារតែមានយោធា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។ សេចក្ដីថ្លែងការណ៍កាលណោះ ឲ្យដឹងថា មេទាហានម្នាក់ គឺឧត្ដមសេនីយ៍ គន់ គីម និងគូកន បានប្រើអំណាចមកដោះស្រាយទំនាស់ដីធ្លីជាមួយពលរដ្ឋដោយកម្រោល។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអាជ្ញាធរខេត្តកោះកុង ដែលកាន់តួនាទីជា អភិបាលស្រុក និង អភិបាលរងខេត្តទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី ក្នុងខេត្តកោះកុង បានទេ ដោយសារ អស់លោកមន្ត្រី តែងតែបដិសេធផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី ដោយប្រើប្រាស់ហេតុផលឲ្យអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរី ទៅសម្ភាសអស់លោក ដល់ទីតាំងសាលាស្រុក ឬ សាលាខេត្ត។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន យល់ថា ករណីក្រុមហ៊ុនចិន បញ្ជូនគ្រឿងចក្រទៅឈូសឆាយកម្ទេចផលដំណាំអ្នកភូមិ មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជារឿងចម្លែក សម្រាប់ជនរងគ្រោះដីធ្លីក្នុងខេត្តកោះកុងដែរ។ លោក ញៀប សំអឿន ស្ដីបន្ទោសក្រសួងបរិស្ថានថា មិនដែលឃើញមន្ត្រីនៃក្រសួងបរិស្ថាន ចុះទៅសម្របសម្រួល ឬដោះស្រាយទំនាស់ឲ្យពលរដ្ឋឡើយ។ សង្គមស៊ីវិល យល់ថា ការបណ្ដែតបណ្ដោយឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុនប្រើប្រាស់រូបភាពគំរាមកំហែង សម្លុតពលរដ្ឋដោយបង្ខំឲ្យទទួលយកសំណងមិនសមរម្យ មិនមែនជាដំណោះស្រាយល្អទេ ផ្ទុយទៅវិញ វាជាការពង្រីកឲ្យជម្លោះកាន់តែរ៉ាំរ៉ៃ និងរីកធំជាងមុន។ «»
ពលរដ្ឋដែលរងគ្រោះដោយការកម្ទេចផលដំណាំ នៅចំណុចប៉ោយឡាំធាន ក្នុងភូមិពាមកាយ មិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ ដែលក្រុមហ៊ុនបានប្រើគ្រឿងចក្រទៅឈូសកម្ទេចផលដំណាំពួកគាត់ នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។