ពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ ស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីជូនពួកគាត់ បន្ទាប់ពីរងភាពអយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សង្គមស៊ីវិល ចាត់ទុកទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាសឌែលខម ខេមបូឌា (Delcom Cambodia) ជាបញ្ហារ៉ាំរ៉ៃដែលទាមទារឲ្យអាជ្ញាធរត្រូវដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុករវៀងខេត្តព្រះវិហារប្រឈមទៅនឹងបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាសរបស់ចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយធ្វើឱ្យពួកគាត់ជួបប្រទះការលំបាកក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។
ពលរដ្ឋរស់នៅក្នុងឃុំរមណី ស្រុករវៀងលោកស្រី លិង ហ៊ួ ថ្លែងថា លោកស្រីកំពុងជួបប្រទះបញ្ហាជីវភាពនៅក្នុងការរស់នៅ ដោយមិនមានដីសំរាប់ធ្វើកសិកម្មតទៅទៀត។ ជាមួយគ្នានេះ លោកស្រីត្រូវប្រឈមជាមួយការដោះស្រាយបណ្ដឹងរវាងលោកស្រីនិងបុគ្គលឈ្មោះ ប៉ែន សង ដែលរំលោភយកដីដោយមានអភិបាលស្រុករវៀងជាអ្នកការពារផងនោះ ជាហេតុបណ្ដាលឱ្យត្រូវបន្ថែមការចំណាយមួយកម្រិតទៀតទៅលើជីវភាពដែលកំពុងខ្វះខាត។
លោកស្រីស្នើសុំឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយបណ្ដឹងដីធ្លីរបស់អ្នកស្រីដែលបានកកស្ទះតាំងពីឆ្នាំ២០២១ មកនេះ ឱ្យបានឆាប់រហ័ស ដើម្បីលោកស្រីបានបង្កបង្កើនផលចិញ្ចឹមជីវិតនៅលើដីនោះ៖ «អត់បានធ្វើអីទាំងអស់ឆ្នាំនេះ វាធ្វើអស់រលីងទាំងដីចំការទាំងដីស្រែវាភ្ជួរយកអស់រលីងអស់ហើយនេះ។ ខ្ញុំចូលធ្វើវាដេញកាប់ដេញច្រាស់។ ចាំសាលាខេត្តក៏សាលាខេត្តគេពន្យារពេលចាំបកមកពីភ្នំពេញអីឯណា។ ខ្ញុំចំណាយច្រើនណាស់កាលគេប្ដឹង ខ្ញុំខ្វះខាតលុយកាក់ គ្មានលុយធ្វើដំណើរ។ ខ្ញុំសំណូមពរឱ្យបញ្ចប់ឱ្យឆាប់ៗស្រួលខ្ញុំធ្វើស្រែនៅខែ៧នេះ »។
ចំណែកពលរដ្ឋម្នាក់ទៀតក្នុងឃុំមរណីយ គឺលោក សេង ហុង ឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ឌែលខម ខេមបូឌា (Delcom Cambodia) របស់ចិន បានធ្វើឱ្យជីវភាពគ្រួសារគាត់ក្រដុនដាប រហូតដល់ថ្នាក់ខ្ចីលុយពីធនាគារ។ លោកបន្តថា ដីស្រែចំការរបស់លោកត្រូវបានក្រុមហ៊ុនមួយនេះធ្វើរបងព័ទ្ធយក ធ្វើឱ្យលោកមិនអាចបង្កបង្កើនផលនៅលើដីនោះ ដែលធ្វើឱ្យលោកត្រូវបង្ខំចិត្តលក់ផ្ទះសងធនាគារទៀតផង។
លោកអំពាវនាវឱ្យអាជ្ញាធរដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និងដោយភាពយុត្តិធម៌ ប្រគល់ដីឱ្យប្រជាពលរដ្ឋវិញដើម្បីឱ្យពួកគាត់បានដាំដុះនៅលើដីនោះ៖ «ដីស្រែដែលមានទំនាស់ជាមួយគេខ្ញុំអត់បានទៅធ្វើទេ ដីនៅជិតហ្នឹងក៏អត់បានធ្វើដែរ។ ធម្មតាដីដែលយើងខំទិញមកពីអ្នកភូមិ ទ្រព្យសម្បត្តិរបស់យើងៗចង់បានហើយ។ សូមឱ្យអាជ្ញាធរជួយដោះស្រាយឱ្យលឿនឱ្យគ្នាផង ព្រោះអីគ្នាគ្មានដីបង្កបង្កើនផលតទៅទៀតទេ ព្រោះអីគេហ៊ុំព័ទ្ធរបងអស់ហើយ »។
អាស៊ីសេរីនៅពុំទាន់អាចទាក់ទងអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ បាននៅឡើយនោះទេនៅថ្ងៃទី២៥ខែមិថុនានេះ។
ចំណែកមេឃុំរមណីយលោក ឃុត រី ឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានដោះស្រាយបញ្ហាជម្លោះដីធ្លីនេះជូនប្រជាពលរដ្ឋអស់ជាច្រើនមកហើយ។ ប៉ុន្តែ លោកថា គឺប្រជាពលរដ្ឋនិងភាគីជម្លោះផ្ទាល់គឺមិនបានសម្រុះសម្រួលគ្នាទៅតាមការដោះស្រាយរបស់អាជ្ញាធរនោះទេ៖ «ខ្ញុំហួសសមត្ថភាពដោះស្រាយ ព្រោះដោះច្រើនលើកហើយវាដោះអត់ចេញ ដោយសារភាគីទាំងសងខាងគាត់មិនព្រមព្រៀងគ្នា ដើម្បីសម្បទានឱ្យគ្នាទៅវិញទៅមក»។
អ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុករវៀង កើតមានឡើងតាំងពីយូរយារណាស់មកហើយ និងមិនឃើញមានដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពបាននោះទេ។ លោកបន្តថា បើបញ្ហានេះនៅតែបន្តមិនមានការដោះស្រាយណាមួយសមស្របទេ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ ហើយជះផលអាក្រក់ទៅលើតំបន់និងសង្គមជាតិ៖« ក្នុងខណៈនេះយើងចង់ទទូចស្នើសុំឱ្យអាជ្ញធរទាំងអស់ទាំងនៅខាងខេត្ត ទាំងនៅខាងថ្នាក់ជាតិហ្នឹងគួរតែមានការពិនិត្យមើលសំណុំរឿងរបស់ពួកគាត់ឡើងវិញដើម្បីរកដំណោះស្រាយឱ្យពួកគាត់ឱ្យបានទាន់ពេលវេលាដើម្បីឱ្យគាត់បានដីប្រកបរបរចិញ្ចឹមជីវិតគ្រួសាររបស់ពួកគាត់។ បើមិនដូច្នេះទេ យើងបារម្ភថាបញ្ហានេះនឹងជះឥទ្ធិពលដល់ជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាបទៅ »។
រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៣ បានមករកស៊ីជីករ៉ែមាសនៅក្នុងស្រុករវៀង រួមមាន ក្រុមហ៊ុន ស៊ិន សាន (Xinshan) ក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd.)។ ក្រុមហ៊ុនទាំងនោះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរបស់ចិននិងវៀតណាម ដែលបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈការទិញពីឈ្មួញដែលគេស្គាល់ថា ជាអភិបាលស្រុករវៀងនិងបក្ខពួក។
ក្រៅពីបញ្ហាដីធ្លីត្រូវបានកកស្ទះមិនមានការដោះស្រាយប្រជាពលរដ្ឋក៏កំពុងត្រូវបានរងការគំរាមកំហែងមិនឱ្យចូលបង្កបង្កើនផលនិងទាញប្រយោជន៍ពីដីរបស់ខ្លួនព្រមទាំងមានការគំរាមដកហូតយកដីទាំងនោះទៀតផង។
កាលពីចុងឆ្នាំ២០២០ក្រុមហ៊ុនរ៉ែមាសទាំងនេះបានពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាសជាថ្មីដោយហ៊ុមព័ទ្ធដីបោះបង្គោលព្រំដីបំពានដីស្រែចម្ការរាប់ពាន់ហិកតាបណ្ដាលឲ្យប៉ះពាល់អ្នកស្រុករាប់រយគ្រួសារ។
ក្រុមប្រជាពលរដ្ឋព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ស្ទើរតែគ្រប់ស្ថាប័ន និងសង្ឃឹមថា ក្រោយការបោះឆ្នោតឃុំ សង្កាត់ រដ្ឋាភិបាលនឹងជួយរកយុត្តិធម៌ឲ្យពួកគេ ប៉ុន្តែផ្ទុយទៅវិញបែរជាមិនមានដំណោះស្រាយណាមួយ ខណៈអាជ្ញាធរខ្លះ នៅតែបន្តរំលោភយកដីធ្លីពួកគាត់លក់ឱ្យក្រុមហ៊ុនពង្រីកផ្ទៃដីអាជីវកម្មរ៉ែមាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។