ពលរដ្ឋ​ជិត ១ពាន់​នាក់​នៅខេត្ត​បន្ទាយ​មាន​ជ័យ ​​ប្តឹង​​មេឃុំ​ភ្នំលៀប​ រឿង​លក់​​ដី​ព្រៃ​លិច​ទឹក​​ជាង ​​១០០​​ហិកតារ​

0:00 / 0:00

ប្រជាពលរដ្ឋ​ជិត​ ១ពាន់​គ្រួសារ ​(៨០៨)​ រស់​នៅ​ភូមិ​ចំនួន ​៦ ​ក្នុង​ឃុំ​ភ្នំលៀប​ ស្រុក​ព្រះនេត្រព្រះ ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​លិច​ទឹក​ដ៏សំខាន់​ ប៉ះពាល់​ប្រភព​ចំណូល​របស់​​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​រស់​នៅ​តំបន់នោះ​។ ​អ្នកភូមិថា ​ព្រៃ​លិច​ទឹក​មួយ​ផ្នែកធំ​ នៅ​ចំណុច​រហាស​សន្ទូង ​ជាប់​ស្ទឹង​ស្រែព្រៃ ​និង​ស្ទឹងពាម ​ក្នុង​ឃុំភ្នំលៀប​ កំពុង​ទទួល​រង​ការ​ឈូសឆាយ ​និង​ដុតកម្ទេច​ ឱ្យ​ក្លាយ​ជា​វាល រហោឋាន​ ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​។

​ពលរដ្ឋ​រស់​នៅ​ភូមិកំបោរ ​​ឃុំភ្នំលៀប​លោក ចង ហម ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែកក្កដាថា ​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​នេះ ​មានការ​ឃុបឃិត​គ្នា​រវាងមេឃុំ ​និង​អាជ្ញាធរមូល​ដ្ឋាន​​មួយ​ចំនួន​ទៀត ​ដើម្បី​ច្បាម​យក​ដី​ព្រៃ​លិច​ទឹក​ ១២០ ​ហិកតារ ​លក់​ឱ្យ​ឈ្មួញ ​ធ្វើឱ្យ​ពួកគាត់​កើត​ទុក្ខ​មិន​សុខចិត្ត​ ​ចំពោះ​បញ្ហានេះ​ ព្រោះ​ស្តាយ​ស្រណោះ​សម្បត្តិ​ធនធានជាតិ។​ លោកថា ​ដី​ព្រៃលិច​ទឹក​នៅ​តំបន់នោះ​ផ្តល់​ប្រយោជន៍​ច្រើន​ដូចជា​ រក​ឧស ​រកត្រី ​ក្តាម ​និង​ជាជម្រក​សត្វស្លាប​ជាច្រើន​ប្រភេទ​ស្នាក់​អាស្រ័យ​។ បន្ថែម​ពី​នេះ​លោក​បញ្ជាក់​ថា ប្រសិនបើ​បាត់បង់​ព្រៃនេះ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ គ្មាន​កន្លែង​អាស្រ័យផល ​ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ទៀតទេ៖ «ដាក់​ពាក្យ​បណ្តឹង​ពលរដ្ឋ​សោកស្តាយ​ចង់​បាន​ទាំងអស់គ្នា ​ការ​ទាមទារ​នោះ​ក៏​ល្អ​ដែរ​បើ​បាន​មក​វិញ​ ប្រជាជន​ប៉ុន្មាន​ភូមិ​នេះ ​អាស្រ័យ​ផល​កាប់​ឧស ​និង​​រក​ត្រី ​មិន​បាច់​ទៅ​ទិញ​គេ ​ដាក់​មង​ និង​ខ្លះ​រក​ត្រី​ធ្វើ​ប្រហុក »។

​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១ ​កន្លង​ទៅ ​​ពលរដ្ឋ ​៨នាក់ ​តំណាង​ឱ្យ​ពលរដ្ឋ​​ ៨០៨​គ្រួសារ​ បាន​ផ្តិត​មេដៃ ​ប្តឹង​មេឃុំ​ភ្នំលៀបលោក ​អែម ណុយ​ ទៅ​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ជាតិ ករណី​មេឃុំ​រូបនេះ​ បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ជាច្រើន​ ក្នុងនោះ​ ក៏​មាន​សកម្មភាព​លក់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​រហាស​សន្ទូង​ទំហំ ​១២០ហិកតារ ​ឱ្យ​ក្រុម​ឈ្មួញ​ដោយ​ខុសច្បាប់​។ ខ្លឹមសារ​ពាក្យ​បណ្តឹង​​នោះ​បន្ថែមថា ​មេឃុំ​រូបនេះ​បាន​កាប់​ទន្ទ្រាន​ដី​សម្បទាន​របស់​រដ្ឋ ​ក្នុង​តំបន់​៣ ​និង​បំផ្លាញ​ដី​ព្រៃលិចទឹក​ជា​ជម្រក​ត្រី​ពងកូន ​ដើម្បី​យក​ដី​លក់អស់​ជា​ច្រើន​ហិកតារ​។​ លើស​ពី​នេះ​ សូម្បី​តែ​ដី​​នៅ​តំបន់​ក្បាល​ស្ពាន​ក្នុង​ឃុំ​ភ្នំលៀប ​ក៏​លោក​លួច​លក់​អស់​ដែរ​។

ពលរដ្ឋ​ម្នាក់​ទៀត ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះឱ្យ​ដឹង​ថា ​ព្រៃ​លិច​ទឹកនៅតំបន់​នោះ ​ជា​កន្លែង​ផ្តល់​តម្លៃ​សេដ្ឋកិច្ច​ដ៏​សំខាន់រ​បស់​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​ កំពុង​​ប្រឈមការ​បាត់បង់​ស្ទើរ​ទាំងស្រុង ​នៅ​រយៈ​ពេល ​៦ ​ខែ​ចុង​ក្រោយ​នេះ។​ លោក​បញ្ជាក់​ថា​ ព្រៃលិច​ទឹក​នៅ​តំបន់​នោះ ​ជា​កន្លែង​សំបូរ​ភោគ​ផល​ត្រី ​និង​ក្តាម​ខ្យង​នៅ​រដូវ​វស្សា​ ឋិត​ជាប់​ស្ទឹង​ស្រែ​ព្រៃ ​និង​ស្ទឹងពាម ​ហូរ​ច្រោះ​ចាក់​ទៅ​ទន្លេសាប​ ប្រសិន​បើ​បាត់បង់​ នឹង​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ​៖ «​ប្រជាជន​ដូច​យើង​ខ្ញុំ​សោកស្តាយ ​ដូច​ថា ​របស់​រដ្ឋ​ និង​របស់​ប្រជាជន​នៅ​កន្លែង​នោះ ​វា​ធ្លាក់​លើ​ដៃ​បុគ្គល​មើល​ទៅ ​ដូច​គ្មាន​យុត្តិធម៌​អី​មួយ​បន្តិច​ ពលរដ្ឋ​ចង់​ទាមទារ​មក​ទុក​វិញ ​ជា​របស់​​សហគមន៍»។

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ ​មេឃុំ​ភ្នំលៀប​លោក ​អែម ណុយ​ បដិសេធ​ការ​ចោទ​ប្រកាន់នេះ ​ដោយ​លោក​ចាត់​ទុក​ថា ​ជា​រឿង​មិន​ពិត​។ ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ លោក​ពុំ​បាន​ឈូសឆាយ​ដី​ព្រៃលិចទឹក​ និង​លក់ដីព្រៃ ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំងនោះទេ។ បន្ថែម​ពី​នេះ ​លោក​បង្ខំ​អ្នក​យក​ព័ត៌មាន​ឱ្យ​អាស៊ីសេរី ​ប្រាប់​ឈ្មោះ ​ពលរដ្ឋ​ដែល​ប្តឹង​លោក​ទៀត​ផង៖ «ខ្ញុំ​មិនមាន​អី​ដែល​ត្រូវ​នឹង​ការ​ចោទ​ប្រកាន់​ទេ​ ព្រោះ​ខ្ញុំ​សូម្បី​តែ​ដី​មួយ​ចង្អាម​ក៏​ខ្ញុំ​គ្មាន​ដែរ។​ ចង់​ឱ្យ​បង្ហាញ​ភស្តុតាង ​ខ្ញុំ​ចង់​ដឹង​ថា ​ដី​ព្រៃ​លិច​ទឹក​ ដី​ក្បាល​ស្ពាន​នៅ​កន្លែង​ណា ​ឱ្យ​មក​ចង្អុល​មក​»។

​អាស៊ីសេរី​មិនទាន់​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អភិបាលស្រុក​ព្រះនេត្រព្រះលោក​ ឃូ ពៅ​ និង​អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ អ៊ុំ រាត្រី បាន​នៅ​ឡើយទេ ​នៅ​ថ្ងៃ​ទី១៣ ខែកក្កដា ​ព្រោះ​ទូរសព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​លើក​។

ជុំវិញរឿងនេះមន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្តបន្ទាយមានជ័យ​លោក ​ស៊ុំ ច័ន្ទគា​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ស៊ើបអង្កេត​ឱ្យ​គ្រប់ជ្រោយ​ករណីនេះ ​ព្រោះ​អ្នកភូមិ​គ្មាន​ជំនឿ​លើ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ ក្នុងការ​ស្រាយ​រឿង​នេះទេ​។ ​លោក​មើល​ឃើញ​ថា ​ពលរដ្ឋ​កំពុង​ធ្វើ​កិច្ចការ​ជំនួស​អាជ្ញាធរ​ ការពារ​សម្បត្តិជាតិ ​ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តនេះ ​មិន​អើពើ​ដោះស្រាយ​ សកម្មភាព​បំផ្លាញ​ព្រៃលិច​ទឹក​ធំធេង​ទាំងនេះ​ទេ៖ «​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ឱ្យ​មន្ត្រី​កម្ពុជា ​ជា​ភ្នែក​ជា​ច្រមុះ ​និង​មក​ជួយ​ហ្នឹង​ហើយ​ មិនមែន​រក​លុប​បំផ្លាញ ​និង​ប្រឆាំង​ជាមួយ​ច្បាប់​អ៊ីចឹង​ទេ​។ ​ពលរដ្ឋ​ទាមទារ​ និង​ផល​ប្រយោជន៍​ជា​ដែនដី​របស់​រដ្ឋ ​ថា​តំបន់​អភិរក្ស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ហើយ​ និង​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​ដែរ​ អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​ /ក្រុង​ទាំងអស់​មានការ​ទប់ស្កាត់​ការ​កាប់​រុករាន ​ទន្ទ្រាន​កាន់កាប់ ​តំបន់​អភិរក្ស​ខុសច្បាប់​ហ្នឹង​ដែរ»។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ ​បន្ថែម​ថា ​ព្រៃ​លិច​ទឹក​ជា​កន្លែង​អភិរក្ស​ជីវចម្រុះ​ គ្រប់គ្រង​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត ​ប្រសិន​បើ​មាន​បុគ្គល​ណា​មួយ ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់ ​គឺជា​ទង្វើ​ល្មើស​ច្បាប់។

ប្រជា​សហគមន៍​បន្ថែមថា ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​សម្រុក​ទៅ​ទិញ​ដី ​នៅ​តំបន់​ព្រៃ​លិចទឹក​ ក្នុង​ស្រុក​ព្រះនេត្រ​ព្រះ ​ដោយសារ​តែ​ពួកគេ​ស៊ើប​ដឹង​ថា​ រដ្ឋាភិបាល​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ចាប់​ពី​ខេត្តសៀមរាប ​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់នោះ​ ឆ្ពោះទៅ​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​ធ្វើ​ឱ្យ​ដីនៅ​តំបន់​នោះ​មាន​តម្លៃ។ ​រីឯ​ពលរដ្ឋ​ចំនួន​ ១៤ ​ភូមិ​ ក្នុង​ឃុំប្រាសាទ​វិញ ក៏​ត្អូញត្អែរ ​ពីការ​បាត់បង់ ​ព្រៃ​លិច​ទឹកអស់​រាប់​រយហិកតារ​ ឋិត​នៅ​ចំណុច​តំបន់​បី ​ជាប់បឹង ​ស្វាយចេក ​និង​បឹង​អារ​របង ក្នុង​ឃុំ​ប្រាសាទ ​ស្រុក​ព្រះនេត្រព្រះ។

​មន្ត្រី​សង្គម​ស៊ីវិល​ និង ​ពលរដ្ឋរិះគន់ ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យថា ​មិន​បាន​ថែទាំ​ព្រៃលិចទឹក​ឱ្យ​បាន​ល្អ​ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ​និង​ជម្រក​សត្វ​ស្លាប​និង​ត្រីពងកូន ​ជាពិសេស​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ក្រីក្រ​រាប់ពាន់​គ្រួសារ ​នេសាទ​ត្រី​រកចំណូល​ចិញ្ចឹម​ជីវិត​នៅ​កន្លែង​នោះ​។ ​ ពួកគាត់​ទទូច​ឱ្យ​ដ្ឋាភិបាល​ ដក​ហូត​​ដី​ព្រៃលិចទឹក​តំបន់​នោះ ​ជា​សម្បត្តិ​រដ្ឋ​វិញ​ជា​បន្ទាន់​ និង​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។