ពលរដ្ឋ៤០គ្រួសារផ្សេងទៀតនៅកំពង់ឆ្នាំងប្ដឹងទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
2014.04.30

ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង និងប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាន់តែមានភាពចម្រូងចម្រាសខ្លាំង។ ភាពចម្រូងចម្រាសនេះ គឺនៅបន្ទាប់ពីគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត សម្រេចលើកយកប្រជាពលរដ្ឋភូមិឡពាង ចំនួន ៥២គ្រួសារ មកធ្វើការសម្របសម្រួល។ ក្នុងនោះមាន ១៦គ្រួសារ បានបដិសេធមិនទទួលយកការចរចាក្រៅប្រព័ន្ធតុលាការនេះ។
នៅគ្រាដែលបញ្ហានេះមិនទាន់បានដោះស្រាយបញ្ចប់ ស្រាប់តែមានប្រជាពលរដ្ឋចំនួន ៤០គ្រួសារផ្សេងទៀត ចេញមុខប្ដឹងទាមទារដីទំហំជាង ៨០ហិកតារពីភាគីក្រុមហ៊ុនដែរ។
ប្រជាពលរដ្ឋទាំង ៤០គ្រួសារនោះ គឺមកពីភូមិសំរោង បឹងកក់ និងភូមិឡពាង នៃឃុំតាជេស បានអះអាងថា ខ្លួនក៏ជាប្រជាពលរដ្ឋរងគ្រោះដោយសាររឿងដីធ្លីដែរ។ ដំបូងឡើយ ក្រុមហ៊ុន ខេ.ឌី.ស៊ី មានទំនាស់ជាមួយប្រជាពលរដ្ឋចំនួន ១០៨គ្រួសារ ហើយក្នុងនោះក៏មានពួកគាត់ទាំង ៤០គ្រួសារដែរ។ ក្រុមអ្នកភូមិធ្លាប់ប្ដឹងតវ៉ាករណីដីធ្លីនេះទៅសាលាស្រុកកំពង់ត្រឡាច កាលពីអំឡុងឆ្នាំ២០០១ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ពុំមានដំណោះស្រាយអ្វីនោះទេ។
តំណាងអ្នកភូមិបឹងកក់ លោក សៀង ហេង មានប្រសាសន៍នៅថ្ងៃទី២៩ ខែមេសា ថា ការសម្រេចប្ដឹងទាមទារដីស្រែចម្ការឡើងវិញនេះ គឺដោយសារតែឃើញអ្នកភូមិឡពាង ចំនួន ៥២គ្រួសារ ដែលភាគច្រើនទទួលបានការដោះស្រាយពីភាគីក្រុមហ៊ុន។ លោកថា បើទោះបីជាពាក្យបណ្ដឹងរបស់ពលរដ្ឋចំនួន ៤០គ្រួសារ ដែលបានដាក់ចូលការិយាល័យតំណាងរាស្ត្រ និងគណៈកម្មការចម្រុះដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត កាលពីថ្ងៃទី២៨ ខែមេសា ត្រូវបានគេបដិសេធនោះ លោកនៅតែមានសង្ឃឹមថា នឹងមានដំណោះស្រាយនៅថ្ងៃណាមួយ៖ «គេលើកហេតុផលថា ឯកសារខ្ញុំថ្មីពេក ចំណែកគណៈកម្មការគេថា គណៈកម្មការហ្នឹងបានបញ្ចប់ហើយ។ ដាក់ទៅតុលាការគេដឹងតែបង់ពន្ធបណ្ដឹង ហើយប្រជាជនខ្ញុំអ្នកក្រីក្រ ភាគច្រើនចឹងគាត់អត់ហ៊ានចំណាយលុយបង់ពន្ធ»។
ដោយឡែកប្រជាពលរដ្ឋ ១គ្រួសារក្នុងចំណោម ១៦គ្រួសារ ដែលបដិសេធមិនទទួលយកសំណងពីភាគីក្រុមហ៊ុន លោក ស្ងួន ញឿន ថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៤០គ្រួសារនេះ ពិតជាអ្នករងគ្រោះពិតប្រាកដក្នុងចំណោម ១០៨គ្រួសារ ដែលធ្លាប់ប្ដឹងរួមគ្នាកាលពីឆ្នាំ២០០១។ ប៉ុន្តែ បានបែកខ្ញែកគ្នាដោយសារតែមានការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ និងចុងក្រោយ នៅមានប្រជាពលរដ្ឋតស៊ូចំនួន ៥២គ្រួសារប៉ុណ្ណោះ ដែលគណៈកម្មការកំពុងធ្វើការដោះស្រាយ។ លោកមិនសង្ឃឹមថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ.ឌី.ស៊ី អាចនឹងដោះស្រាយចប់ដោយងាយនោះទេ ពីព្រោះបច្ចុប្បន្នមានអ្នកភូមិជាង ២០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ៣០គ្រួសារដែលទទួលសំណងរួចហើយនោះ កំពុងតែនាំគ្នាផ្ដិតមេដៃទាមទារសំណងបន្ថែមទៀត៖ «នៅក្នុងកាសែតកោះសន្តិភាព ចោទពួកគាត់ថា គាត់ទៅសុំលុយអា ខេ.ឌី.ស៊ី ចាយលេងចូលឆ្នាំ អត់មានដីមួយគ្រាប់សោះ ដូច្នេះហើយទើបគាត់ត្រៀមលុយទៅខាងក្រុមហ៊ុនវិញ ព្រោះគាត់នៅលើដីគាត់មានដី គាត់រស់ដោយសារដី មិនមែនដូចក្រុមហ៊ុនចោទថា គាត់អត់មានដីអីមួយគ្រាប់ ហើយទៅសុំលុយជាន់កក្រុមហ៊ុន ខេ.ឌី.ស៊ី នោះទេ»។
ឆ្លើយតបបញ្ហានេះ ប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លី និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង អ្នកស្រី ដោក សុទ្ធា មានប្រសាសន៍ថា នៅក្នុងសេចក្ដីសម្រេចរបស់គណៈកម្មការថ្នាក់ខេត្តដែលបានបង្កើតឡើងនេះ គឺតម្រូវឲ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ។ ដូច្នេះ គ្រួសារក្រៅពីនេះ គឺមិនអាចទទួលយកមកដោះស្រាយបានឡើយ។ អ្នកស្រីបន្តថា ពលរដ្ឋមានសិទ្ធិប្ដឹងទៅតាមស្ថាប័នផ្សេងៗតាមនីតិវិធីច្បាប់។ ចំណែកអ្នកភូមិឡពាង ចំនួន ៥២គ្រួសារ ដែលបានដោះស្រាយកន្លងមកនោះ ខាងគណៈកម្មការកំពុងតែបូកសរុបលទ្ធផលបញ្ចប់ ហើយបញ្ហាដែលនៅសេសសល់ អាចបញ្ជូនទៅខាងតុលាការជាអ្នកចាត់ការបន្ត៖ «ខ្ញុំគិតថា វាមានឧបសគ្គមួយចំនួនដែរ ដែលធ្វើឲ្យរាំងស្ទះ ប្រជាពលរដ្ឋហ្នឹងគាត់មិនព្រម។ មុនដំបូង ខ្ញុំក៏មានយន្តការដោះស្រាយសុំជួបគាត់មួយគ្រួសារម្ដងៗ ប៉ុន្តែគាត់សុំមកជាក្រុមធំ។ ដល់អ៊ីចឹង ខ្ញុំក៏ពិបាកដែរ ព្រោះខាងខ្ញុំនេះនិយាយរួមទៅ គ្រាន់តែជាអ្នកសម្របសម្រួលទេ វាអាស្រ័យទៅលើភាគីទាំងពីរ»។
តំណាងភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះជាមួយវិទ្យុអាស៊ីសេរី ឡើយ នៅថ្ងៃទី២៩ ខែមេសា ដោយលោកប្រាប់ថា កំពុងជាប់រវល់។
ពាក្យបណ្ដឹងភ្ជាប់ស្នាមមេដៃតំណាងប្រជាពលរដ្ឋចំនួន ៥នាក់ របស់ប្រជាពលរដ្ឋទាំងបីភូមិដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី២៨ ខែមេសា បង្ហាញថា ក្រុមប្រជាពលរដ្ឋស្នើសុំឲ្យប្រធានគណៈកម្មការដោះស្រាយបញ្ហាដីធ្លីថ្នាក់ខេត្ត អ្នកស្រី ដោក សុទ្ធា ធ្វើកិច្ចអន្តរាគមន៍ចំពោះតំណាងក្រុមហ៊ុនឈ្មោះ ថៃ ហ៊ី និងនាយិការបស់ក្រុមហ៊ុនអ្នកស្រី ជា ខេង ទាក់ទងនឹងការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។ នៅក្នុងខ្លឹមសារនៃពាក្យបណ្ដឹង ក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋទាំង ៤០គ្រួសារ ធ្លាប់ធ្វើការតវ៉ាកាលពីពេលកន្លងទៅបានខ្លាចរអា និងបោះបង់ការធ្វើកសិកម្មនៅលើដីរបស់ខ្លួន តាំងពីឆ្នាំ២០០៩ បន្ទាប់ពីឃើញតំណាង និងប្រជាពលរដ្ឋភូមិឡពាង ជាច្រើននាក់ ត្រូវគេចោទប្រកាន់ និងចាប់ដាក់គុកជាបន្តបន្ទាប់៕