ប្រជា​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ឃុំ​ត្រពាំង​ស្រែ​ឃុបឃិត​គ្នា​បោះបង្គោល​យក​ដី​ព្រែក

ប្រជា​ពលរដ្ឋ​រស់នៅ​ឃុំ ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ខិលខូច លួច​បោះបង្គោល និង​ចាក់​លុប​យក​ដី​ព្រែក ដែល​ជា​សម្បត្តិ​របស់​រដ្ឋ។អាជ្ញាធរ​ឃុំ​ទទួល​ស្គាល់​ថា ពិតជា​មានការ​ចាក់​ដី​លុប​ព្រែក​ពិតមែន។

ប្រជាពលរដ្ឋ​ចំនួន​ពីរ ភូមិ ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែមេសា​ថា មាន​ជនខិលខូច​លួច​បោះបង្គោល និង​ចាក់​លុប​ដី​ព្រែក​ប្រហ៊ូត ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចេញ​ប័ណ្ណកម្មសិទ្ធិ ថា ជា​ដី​ស្រប​ច្បាប់​ទៅវិញ ។ ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ថា ជនខិលខូច​ទាំងអស់​នោះ​មាន​ភាព​ស្និត​ស្នាល​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ហ៊ាន​រិះ​គត់​ទេ ខ្លាច​អាជ្ញាធរ​ធ្វើបាប។

ប្រជា​ពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំងស្រែ លោក សឿន មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុន​ពេល​បោះឆ្នោត​នេះ លោក​សង្កេត​ឃើញ​មាន​ការ​បោះបង្គោល​នៅក្នុង​ដី​ព្រែក និង​បាន​ចាក់​ដី​លុប​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​មិន​សប្បាយចិត្ត​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​និយាយ​រិះ​គត់​អាជ្ញាធរ​ដោយសារ​អាជ្ញាធរ​ទាំងអស់ ហាក់​គាំទ្រ​ឲ្យ​មានការ​ចាក់​ដី​លុប​ព្រែក​ធម្មជាតិ​មួយ​នេះ ។ លោក​បន្ថែម​ទៀត​ថា ព្រែក​ប្រហ៊ូត គឺជា​ប្រភព​ត្រី​មួយ​កន្លែង ដែល​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ស្រែ និង​ភូមិ​ប្រហ៊ូត អាស្រ័យ​ផល​ជីវភាព​ប្រចាំថ្ងៃ។

លោក សឿន មករា៖ «ដី​ព្រែក​ក៏ដូចជា​ដី​បឹង នឹង​បាត់​ម្ដង​បន្តិច ហើយក៏​បាត់​សាបសូន្យ ទៅមុខ​ទៀត​បើសិនជា​ការ​បោះបង្គោល និង​ចាក់​ដី​លុប​នឹង​បន្ត​កើតមាន​ជា​បន្តបន្ទាប់ បើសិនជា​មិន​មាន​វិធានការ​ក្នុង​ការ​ទប់ស្កាត់​និង​ក្នុង​ដោះស្រាយ»។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន រំចង់ សំណាង ដែល​បាន​ចុះទៅ​ដល់ទី​តាំង បាន​លើកឡើង​ថា លោក​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ទង្វើ​ទាំងអស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​អ្នកភូមិ​នៅ​ក្បែរ​នោះ នៅ​ពេល​ខែវស្សា ដែល​មាន​ទឹក​ជន​ឡើង​ខ្លាំង នឹង​លិច​ផ្ទះ​របស់​អ្នក​ភូមិ​ផង បាត់បង់​ជម្រក​សត្វ​ត្រី ព្រមទាំង​ប៉ះពាល់​ការ​អាស្រ័យ​ផល​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ លោក​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ទើប​បណ្ដែតបណ្ដោយ​មានការ​បោះបង្គោល​ចាក់​ដី​ព្រែក​ធ្វើជា​កម្មសិទ្ធិ​បែប​នេះ។

លោក រំចង់ សំណាង៖ «ខ្ញុំ​ជឿ​ថា ការ​ចាក់​ដី​ប៉ុណ្ណឹង​ហើយ​មន្ត្រី​មូលដ្ឋាន​គាត់​ធ្វើ​មិន​ដឹង​មិន​ឮ វា​ជា​អំពើពុករលួយ​ជា​ប្រព័ន្ធ​ចាប់​តាំង​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មេឃុំ​ត្រពាំង​ស្រែ លោក ហម អឿន ទទួលស្គាល់​ថា នៅ​តំបន់​ព្រែក​ប្រហ៊ូត ពិតជា​មានការ​ចាក់​ដី​លុប​ពិតមែន ប៉ុន្តែ​មិន​មាន​ការ​ចាក់​ដី​ធំដុំ​អ្វី​នោះ​ទេ ហើយ​អាជ្ញាធរ​ស្រុក​ក៏បាន​ចុះ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​រួចរាល់ ព្រមទាំង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ចាក់​ដី​លុប​ព្រែក​បន្ត​ទៀត រហូត​ដល់​មាន​ការ​អនុញ្ញាត​ចេញ​ពី​មន្ត្រី​ជំនាញ​ចុះ​មក​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ដី​ព្រែក​ទាំងអស់​នោះ​មិន​មាន​កម្មសិទ្ធិ​ប្លង់​រឹង​នោះ គ្រាន់​តែ​មាន​ប័ណ្ណ​សម្គាល់​ប្រើប្រាស់​តែប៉ុណ្ណោះ។

លោក ហម អឿន៖ «វា​ជាប់​ជា​លក្ខណៈ​ជា​ដី​ព្រែក​មែន ប៉ុន្តែ​មិនមែន​លុប​ចំ​កណ្ដាល​ព្រែក​ទេ នៅ​តាម​ផ្លូវ​ទំនប់ ខែវស្សា​មាន​ទឹក​ទៅ​វា​ហាក់ដូចជា​តួ​ព្រែក​ទាំងអស់ ការ​បោះបង្គោល​ហូរហែ​នឹង​គឺ​មិនទាន់​មាន​នរណា​អនុញ្ញាត​នោះ​ទេ ភាព​ជាក់ស្ដែង​ដល់​ថ្ងៃនេះ​គឺ​មាន​ចាក់​បី​កន្លែង​ប៉ះពាល់​ដល់​តួ​ព្រែក»។

ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់ និង​ដកហូត​ដី​ព្រែក​ទាំងអស់​នោះ​ទុកជា​សម្បត្តិ​រដ្ឋ។ ព្រមទាំង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ដែល​ឃុបឃិត​គ្នា ចាក់​ដី​លុប​ព្រែក​ជា​សម្បត្តិ​របស់​រដ្ឋ។

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០​លាន​រៀល។ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នោះ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។