ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​គ្រោង​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ចោទ​ឃុបឃិត​រំលោភ​យក​ដី​ព្រៃ​រដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍​ព្រៃ​ឈើ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គ្រោង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ៣០០​នាក់ ដើម្បី​ប្ដឹង​អាជ្ញាធរ​ភូមិ​អន្សាចំបក់ នៃ​ស្វាយស និង​ឈ្មួញ​មួយ​ចំនួន​ដែល​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​តាកុច និង​ច្រាបផ្ចឹក ដោយ​ក្រុម​ឈ្មួញ និង​អ្នក​មាន​លុយ​ខ្លះ កំពុង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​ដែល​អ្នក​ភូមិ​ចំនួន ៤​ភូមិ ធ្លាប់​ចូល​ទៅ​រក​ឧស ជីក​ទំពាំង និង​មើល​គោ​ក្របី ជាដើម។ អ្នក​ភូមិ​អះអាង​ថា សកម្មភាព​បំផ្លាញ​ព្រៃ​នេះ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន។

តំណាង​ពលរដ្ឋ​ភូមិ​ក្បាលទាហាន នៃ​ឃុំ​ឈើតុំ លោក ម៉េង ប៊ុនរឿន ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ថា ទីតាំង​ដី​ព្រៃ​ដែល​ក្រុម​អ្នក​មាន​លុយ​កំពុង​ឈូស​រំលោភ​យក​នោះ គឺ​ឋិត​នៅ​ចំណុច​ប្រសព្វ​គ្នា​រវាង​ភូមិ​ចំនួន​បួន គឺ​អន្សាចំបក់ កាប៉ាស់ ក្បាលទាហាន និង​ភូមិ​បំណក់។ ព្រៃ​នេះ​នៅ​ក្បែរ​ផ្ទះ​ពលរដ្ឋ ហើយ​អ្នក​ភូមិ​ទាំង​បួន​ចូល​អាស្រ័យ​ផល​ក្នុង​ព្រៃ​នេះ​ជា​យូរ​មក​ហើយ ដូច្នេះ​គេ​គប្បី​ទុក​ជា​ដី​ព្រៃ​សហគមន៍៖ «អាជ្ញាធរ​អត់​មាន​ឃើញ​ទៅ​រារាំង​ជនល្មើស​ដែល​ឈូស​ព្រៃ​ឈើ​ចោល មាន​តែ​ដើរ​បំផុស​ឲ្យ​ពលរដ្ឋ​ទៅ​ដណ្ដើម​ដី​គ្នា​នៅ​កន្លែង​ហ្នឹង។ ពួក​ខ្ញុំ​សំណូមពរ​ដល់​អភិបាល​ស្រុក អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​រឿង​ហ្នឹង​ជា​បន្ទាន់ ព្រោះ​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​បន្ត​ហើយ»

លោក​បញ្ជាក់​ថា អ្នក​ចូល​ចាប់ និង​ទិញ​ដី​នៅ​ចំណុច​ភ្នំ​តាកុច និង​ច្រាបផ្ចឹក បាន​ដឹក​គ្រឿងចក្រ​ចំនួន​បី​គ្រឿង​ចូល​ឈូស​ឆាយ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ក្រោយ​ពី​អ្នក​ភូមិ​ជាង ៣០​នាក់ ចូល​រារាំង​គ្រឿងចក្រ​ចំនួន ៤​គ្រឿង​មិន​ឲ្យ​ឈូស​ឆាយ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ លោក​ថា ក្រុម​ពលរដ្ឋ​នឹង​ប្រមូល​ស្នាម​មេដៃ​នៅ​ភូមិ​ក្បាលទាហាន និង​ភូមិ​បំណក់ នៃ​ឃុំ​ឈើតុំ នៅ​ដើម​សប្ដាហ៍​ទី​២ ក្នុង​ខែ​កក្កដា ដើម្បី​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក​ក្រគរ សាលា​ខេត្ត​ពោធិ៍សាត់ និង​អាច​ដាក់​ទៅ​ស្ថាប័ន​តុលាការ​មួយ​ច្បាប់​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុប្រធាន​ភូមិ​អន្សាចំបក់ លោក នៅ វង្ស និង​មេ​ភូមិ​ក្បាលទាហាន គឺ​លោក គល់ សុគន់ ព្រម​ទាំង​អ្នក​ចូល​ទៅ​ចាប់​ដី​ឈ្មោះ សេង ហៀង និង ញ៉ាំង ញិន ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា។ ប៉ុន្តែ លោក នៅ វង្ស ធ្លាប់​ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ​ថា រូប​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​លក់​ដី​ព្រៃ​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ តំណាង​ពលរដ្ឋ គឺ​លោក ម៉េង ប៊ុនរឿន ទេ​ដែល​ពូកែ​រក​រឿង និង​ចោទ​ប្រកាន់​គេ​ឯង​គ្មាន​ភស្តុតាង។

ចំណែក​មេ​ភូមិ​អន្សាចំបក់ លោក ខ្លឹម ពៅ បញ្ជាក់​ថា អ្នក​ភូមិ​ដែល​នាំ​គ្នា​ប្ដឹង​តវ៉ា​នោះ​មិន​រស់នៅ​ក្នុង​ភូមិ​របស់​លោក​ទេ ដូច្នេះ​ការ​តវ៉ា​សុំ​ទុក​ដី​នោះ​ជា​ដី​ព្រៃ​សហគមន៍ គឺ​មិន​អាច​ទៅ​រួច​ឡើយ។ លោក​ថា បច្ចុប្បន្ន​លោក​បាន​បែង​ចែក​ដី​ទំហំ​ប្រមាណ​ជិត ២០​ហិកតារ​នៅ​ក្បែរ​ភ្នំ​តាកុច និង​ច្រាបផ្ចឹក ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ១៧៨​គ្រួសារ ខណៈ​អ្នក​ភូមិ​អន្សាចំបក់ របស់​លោក​មាន​ដី​ព្រៃ​សហគមន៍​ទំហំ ១០០​ហិកតារ ដើម្បី​ប្រើប្រាស់​រួច​ហើយ៖ «ដី​ព្រៃ​នេះ​មិន​មែន​ជា​ដី​ព្រៃ​របស់​ឯកជន​ណា​មួយ​ទេ ជា​ដី​ព្រៃ​របស់​រដ្ឋ​មែន វា​នៅ​ជាប់​ជើង​ភ្នំ ប៉ុន្តែ​នៅ​ប្លុក​ភូមិ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ចែក​ឲ្យ​ពលរដ្ឋ​ម្នាក់​បន្តិច។ គ្រឿងចក្រ​ឈូស​ឆាយ​នោះ សម័យ​តេជោ​ហើយ​វា​តែង​តែ​មាន​ហើយ បង​ប្អូន​ប្អូន​អ្នក​ដែល​ប្រកប​អាជីវកម្ម​ស៊ី​ឈ្នួល​ពី​ប្រជាពលរដ្ឋ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា សមាគម​របស់​លោក​កំពុង​ស៊ើប​អង្កេត​ករណី​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ក្រគរ ទាក់ទង​រឿង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នេះ​ដែរ។ លោក​ថា បើ​ពលរដ្ឋ​ប្រមូល​ភស្តុតាង​បាន រួច​ដាក់​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ គឺ​លោក​គាំទ្រ ហើយ​ខាង​លោក​នឹង​ផ្ដល់​មេធាវី​ជូន​ក្រុម​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។