ពលរដ្ឋរងផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ស្ថិតត្រង់ចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យដឹងថា ខាងអាជ្ញាធរស្រុកសន្យាថា នឹងស្នើទៅខាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដើម្បីផ្ដល់ជម្រើសប្ដូរដីនៅឃុំក្បែរគ្នានោះ ក្នុងករណីពលរដ្ឋមិនព្រមទទួលយកសំណងតាមតម្លៃដែលបានកំណត់។
ការសន្យានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែឧសភា រវាងពលរដ្ឋរងផលប៉ះពាល់ចំនួន ១៣គ្រួសារ ជាមួយអាជ្ញាធរនៅសាលាស្រុកកណ្ដាលស្ទឹង។ អ្នកភូមិកំពង់តាឡុងម្នាក់លោក ណៃ ភន ឱ្យដឹងថា ខាងពលរដ្ឋមិនទាន់សម្រេចគ្នាយ៉ាងណាទេ ដោយនាំគ្នារង់ចាំមើលដីជាក់ស្ដែងសិន ព្រោះខ្លាចជាន់ដីជាមួយពលរដ្ឋផ្សេង និងបារម្ភថា គ្មានប្រឡាយទឹក សម្រាប់ធ្វើស្រែ ដូចនៅភូមិកំពង់តាឡុង។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលស្រុកកណ្ដាលស្ទឹងលោក អ៊ូច សៅវឿន បានទេ នៅថ្ងៃទី២៥ ខែឧសភាដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទន្ទឹមនឹងពេលចរចានេះ ក្រុមហ៊ុន OCIC បានដាក់កងកម្លាំងសន្តិសុខ និងមានកងកម្លាំងស្លៀកពាក់ឈុតទាហានការពារគ្រឿងចក្រ កំពុងឈូសឆាយ កាន់តែមកកៀកដីមានជម្លោះ។
លោក ណៃ ភន ថា ពលរដ្ឋបានចែកគ្នាជា ២ក្រុម ក្នុងនោះមួយក្រុមទៅចរចានៅសាលាស្រុក និងមួយក្រុមទៀត នៅដេកយាមដី ខ្លាចក្រុមហ៊ុនលួចចូលឈូសឆាយដីស្រែទៀត។ លោកទទូចឱ្យអាជ្ញាធរជួយអន្តរាគមន៍កុំឲ្យក្រុមហ៊ុនឈូសឆាយលើដីមានទំនាស់។
អ្នកភូមិកំពង់តាឡុង បាននាំគ្នាដេកយាមដី និងបិទផ្លូវលើទំនប់ដើម្បីរង់ចាំដំណោះស្រាយ តាំងពីថ្ងៃទី១៤ ខែឧសភាមក ដោយសារក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់គម្រោងព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ (សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា OCIC) របស់ឧកញ៉ា ពុង ឃាវសែ បានដាក់កងសន្តិសុខ ឡានទឹក និងគ្រឿងចក្រ ចុះឈូសឆាយដីស្រែកំពុងមានទំនាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។