ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​សុវត្ថិភាព

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មាន​ករណី​លួច​ដុត​រោង​ចាំ​ដី​របស់​ពួក​គាត់ និង​មាន​ការ​បាញ់​បោះ​ជាច្រើន​គ្រាប់​នៅ​ក្បែរ​នោះ។ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

តំណាង និង​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​មាន​ដី​នៅ​ភូមិ​ក្រាំងរងៀង នៃ​ឃុំ​អន្លង់រាប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា ក្រោយ​ពី​ខ្លួន​បាន​ចូល​ទៅ​បោះ​បង្គោល និង​ធ្វើ​រោង​ចាំ​ដី​ចំនួន ៩​ហិកតារ នៅ​ចំណុច អិម.ឌី.អែស ២ (MDS2) ដែល​ខ្លួន​ធ្លាប់​កាន់​កាប់​នោះ ស្រាប់​តែ​មាន​ករណី​គំរាម​កំហែង​ផ្ទួនៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ទី​៥ ទី​៦ និង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ក្នុង​ការ​ទាមទារ​ដី​របស់​ពួក​គាត់​មក​វិញ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣​គ្រួសារ អ្នកស្រី អ៊ុន ចោច មាន​ប្រសាសន៍​ថា រោង​ចាំ​ដី​របស់​អ្នកស្រី​ដែល​មាន​ទំហំ​ទទឹង ៥​ម៉ែត្រ បណ្ដោយ ៨​ម៉ែត្រ ត្រូវ​បាន​គេ​លួច​ដុត​នៅ​ក្រោយ​ពេល​ដែល​សន្តិសុខ​របស់​ក្រុមហ៊ុន អិម.ឌី.អែស ចូល​មក​ហាម​ឃាត់ និង​ធ្វើ​សកម្មភាព​ដក​បង្គោល​របង​អ្នកស្រី​ក្រវាត់​ចោល៖ «ខ្លាច​ណាស់​ក្នុង​ចិត្ត​ណា​លោកគ្រូ! ដូច​ថា​ឯង​មើល​មិន​ឃើញ ខ្លាច​គេ​លួច​បាញ់​លួច​អី​អ៊ីចឹង។ បាញ់​ម៉ោង​៩ ទៅ​ម៉ោង​១០ ហ្នឹង បាញ់​ប្រាំ​គ្រាប់​ប៉ូងៗ​ជាប់​គ្នា​អ៊ីចឹង ដល់​បន្ទាប់​មក​ទៀត ៣​គ្រាប់​ផាំងៗ​ជាប់ៗ​គ្នា​ទៀត»

ចំណែក​តំណាង និង​ជា​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ជុំ សារ៉ាត បញ្ជាក់​ថា បច្ចុប្បន្ន​រូប​លោក​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ប្ដឹង​ទៅ​សាលា​ឃុំ​អន្លង់រាប ពី​បទ​ថា​លោក​រំលោភ​កាន់​កាប់​លើ​ដី​របស់​ក្រុមហ៊ុន​ចំនួន ៩​ហិកតារ​នេះ ក៏ប៉ុន្តែ​លោក​យល់​ថា ការ​ចោទ​ប្រកាន់ និង​រូបភាព​នៃ​ការ​គំរាម​កំហែង​ផ្សេងៗ​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​តែ​លោក​មាន​ភាព​សកម្ម​និយម​ក្នុង​ការ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន អិម.ឌី.អែស លោក កេត ប៊ុនថៃ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា អនុ​ប្រធាន​ក្រុមហ៊ុន​គ្រប់គ្រង​នៅ​ចំណុច អិម.ឌី.អែស ២ លោក ទ្រា ងិន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ទើប​តែ​ចូល​មក​កាន់​តំណែង​ជា​អនុ​ប្រធាន​នេះ ដូច្នេះ​ការងារ​មួយ​ចំនួន លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ។ ហើយ​លោក​បាន​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​រឿង​នេះ​ទៅ​មេ​ឃុំ​អន្លង់រាប វិញ។

ចំណែក​មេ​ឃុំ​អន្លង់រាប លោក អ៊ុំ សេង មាន​ប្រសាសន៍​ថា កន្លង​មក​លោក​ពិត​ជា​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន ចូល​ទៅ​បោះ​បង្គោល​សម្គាល់​ព្រំ​ដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាប់​ពិត​មែន ក៏ប៉ុន្តែ​ករណី​ក្រុមហ៊ុន​ប្ដឹង​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ​នេះ ភាគី​ទាំង​សង​ខាង​សុទ្ធតែ​អះអាង​ថា ជា​ដី​របស់​ខ្លួន​រៀងៗ​ខ្លួន៖ «វា​ពិបាក​ដែរ ខ្ញុំ​អត់​ទាន់​ថា​នរណា​ខុស ឬ​ត្រូវ​ទេ ពីព្រោះ​ក្រុមហ៊ុន​គេ​ថា​ជួល​គេ​ធ្វើ ដល់​អាណត្តិ​គេ​ឈូស​ហើយ យើង​ទៅ​បោះ​យក (បោះ​បង្គោល) ខ្ញុំ​ត្រូវ​ដោះ​ថ្ងៃ​ហ្នឹង ហើយ​ម្សិលមិញ តែ​រវល់​ម្សិលមិញ​ការ​ក្មួយ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​ប្រជុំ​នៅ​ខេត្ត ខ្ញុំ​ត្រឡប់​ទៅ​វិញ​ដោះ​ហើយ​បាទ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា ទាក់ទង​នឹង​ករណី​លួច​ដុត​រោង និង​បាញ់​បោះ​គំរាម​កំហែង​យ៉ាង​អនាធិបតេយ្យ​នេះ វា​គឺ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស។ លោក​នឹង​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ទៅ​សាលា​ខេត្ត ដើម្បី​ពិនិត្យ​មើល និង​ចាត់​វិធាន​ការ​ចំពោះ​ករណី​នេះ​ឲ្យ​បាន​ឆាប់៖ «ករណី​នេះ យើង​ឃើញ​ថា វា​អាច​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ ព្រោះ​អី​រោង​ដែល​គេ​ដុត​ហ្នឹង គឺ​ជា​របស់​មនុស្ស​ម្នាក់​សកម្ម​ក្នុង​ការ​តវ៉ា​រឿង​ដី​ហ្នឹង ហើយ​គាត់​ក៏​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ»

ក្រុមហ៊ុន អិម.ឌី.អែស របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់​ផ្ដើម​មាន​ទំនាស់​ជា​មួយ​នឹង​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​២០១០។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ១០៧​គ្រួសារ មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូម​ក្រាំងរងៀង ចម្ការ​ជ្រៃ​ខាង​ជើង និង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង នៃ​ឃុំ​អន្លង់រាប បាន​ធ្វើ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ដាក់​ជូន​សាលា​ខេត្ត​ពោធិ៍សាត់ តាម​រយៈ​សមាគម​អាដហុក ប្រចាំ​ខេត្ត​នេះ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។