ពលរដ្ឋរស់នៅក្នុងភូមិចំនួន ១៤ របស់ខេត្តបន្ទាយមានជ័យសោកស្តាយ ព្រៃលិចទឹក ឋិតនៅចំណុចតំបន់បី ជាប់បឹង ស្វាយចេក និងបឹងអាររបង ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះត្រូវបានក្រុមឈ្មូញឈូសឆាយរំលោភបំពានយក អស់ជាបន្តបន្ទាប់ប្រមាណ ៣រយ (៣០០) ហិកតារនៅរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ។ អ្នកភូមិស៊ើបដឹងថា ឧក្រិដ្ឋកម្មព្រៃឈើនេះមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងអាជ្ញាធរឃុំ សហគមន៍នេសាទ នគរបាល មន្ត្រីជំនាញ អាជ្ញាធរស្រុក និងខេត្តមួយចំនួន។
ពលរដ្ឋរស់នៅឃុំប្រាសាទលោក រ៉ា ដេត ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣១ ខែឧសភាថា អ្នកមានអំណាច ដែលពួកគេមិនស្គាល់ឈ្មោះ រួមទាំងពលរដ្ឋខិលខូចខ្លះ បានត្រូវរ៉ូវគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន យកគ្រឿងចក្រប្រមាណ ១០គ្រឿង ឈូសឆាយ ព្រៃលិចទឹក ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ លោកថា សកម្មភាពឈូសឆាយកាន់តែរីកធំឡើង ប្រសិនបើគ្មានការទប់ស្កាត់នោះទេ។ លោកសង្កេតឃើញថា ដើមឈើទាំងតូចធំ ដែលជាជម្រកសត្វស្លាប ជីវចម្រុះ និងត្រីពងកូន ត្រូវគេកាប់កម្ទេច រួចដុតចោល ដើម្បីបំបាត់ភស្តុតាង៖ «ប្រជាជនគាត់ចូលទៅរកត្រីតាមបឹងទាំងតូចទាំងធំអត់កើតទេ។ កាលណាគេឈូសបានគេកាន់កាប់ ហើយមួយទៀត វាប៉ះពាល់ជម្រកសត្វព្រៃ កាលណាគេដុត វាងាប់ ហើយមួយទៀត តំបន់នេះប្រជាជនខែវស្សាឡើង គាត់រកខ្យង គាត់ចាប់ខ្យងលក់។ អ៊ីចឹង បើនិយាយទៅមួយថ្ងៃៗ ចាប់បានរាប់តោន ពីព្រៃលិចទឹក ខែវស្សាទឹកឡើងវាចេញមក ហើយដល់ពេលអស់ វាខាតបង់ វាបាត់បង់មុខរបរគាត់ដែរ»។
ពលរដ្ឋម្នាក់ទៀត ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងថា ព្រៃលិចទឹកនៅតំបន់នោះ ជាកន្លែងនេសាទ របស់ពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅក្នុងឃុំទាំងមូល។ រីឯពលរដ្ឋខ្លះនៅខេត្តសៀមរាប ក៏មកនេសាទត្រី និងរកខ្យងនៅតំបន់នោះដែរ ព្រោះកន្លែងនោះសំបូរត្រី និងខ្យងនៅរដូវវស្សា។ លោកបន្ថែមថា រដូវទឹកឡើង អ្នកស្រុកអាចចាប់ខ្យងបានជាច្រើនតោន និងត្រីរាប់សិបគីឡូក្រាម។ លើសពីនេះ ពលរដ្ឋមួយគ្រួសារ អាចរកប្រាក់ចំណូលបាន ចាប់ពី ៤ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ៖ «និយាយរួមទៅមួយឃុំនេះ ប៉ះពាល់ទាំងអស់ តែអត់មាននរណាហ៊ាននិយាយ និងចេញយោបល់ ព្រោះគេខ្លាច ដាក់មង រាយសន្ទូច និងដាក់ចាប់ខ្យង ដល់ពេលគេយកអាត្រាក់ ឈូសឆាយ គេដុតរួច ធ្វើជាស្រែប្រាំង យកធ្វើកន្លែងកម្មសិទ្ធិខ្លួនគេ អស់កន្លែងប្រជាពលរដ្ឋរកស៊ី។ បឹងមួយៗ ដល់ពេលចូលក្រវាត់ហើយ គេមិនឱ្យប្រជាពលរដ្ឋដាក់លបដាក់អី»។
អាស៊ីសេរីបានទាក់ទង សុំការបំភ្លឺរឿងនេះពីអភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បាននៅឡើយទេ នៅថ្ងៃទី៣១ ខែឧសភា ព្រោះទូរសព្ទហៅចូល តែគ្មានអ្នកលើក។
ប៉ុន្តែប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យលោក ប៉ាង វណ្ណាសេដ្ឋ បដិសេធថា ពុំមានការឈូសឆាយព្រៃលិចទឹកធំធេងដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លើសពីនេះលោកថា ក្រុមការងារលោកតែងតែចុះល្បាតស្ទើរជារៀងរាល់ថ្ងៃ មិនទទួលបានព័ត៌មានករណីនេះទេ។ លោកបញ្ជាក់ថា ប្រសិនបើមានករណីនេះមែន អាជ្ញាធរឃុំ និងប្រជាសហគមន៍នេសាទ នឹងរាយការណ៍មកមន្ត្រីជំនាញឱ្យចុះទប់ស្កាត់ហើយ៖ «មានមេឃុំ និងសហគមន៍នេសាទបើមានកិច្ចការងារអី គេប្រាប់មកមន្ទីរហើយ ហើយខាងខ្ញុំចុះរាល់ថ្ងៃ ប្រជាពលរដ្ឋតាមលំហអាកាសអ៊ីចឹង មិនដឹងមួយណាត្រឹមត្រូវ។ គេមានសមាគម និងសហគមន៍នេសាទនៅពេញហ្នឹងតើ។ ដល់មានការងារអី គេខលមក មន្ទីរ បើយកតាមហ្វេសបុក និងរូបភាបអ៊ីចឹងយក មក តែគ្រាន់តែប្រាប់ថា អត់មានករណីហ្នឹងទេ ខ្ញុំចុះធ្វើម្សិលមិញ » ។
ជុំវិញរឿងនេះ ពលរដ្ឋយល់ថា ការលើកឡើងរបស់ប្រធានមន្ទីររូបនេះ ជាការលាក់បាំងព័ត៌មាន ព្រោះខ្លាចប៉ះពាល់តួនាទីភារកិច្ច។ កាលពីសប្តាហ៍មុន ពលរដ្ឋមួយក្រុម បានចុះទៅតំបន់នោះ ប្រទះឃើញព្រៃលិចទឹក ត្រូវគេដុត និងឈូសឱ្យក្លាយជាវាលធំធេង ដោយមានគ្រឿងច្រកជាច្រើនគ្រឿង ឈូសកម្ទេចដើមឈើទាំងតូចធំដើម្បីពង្រីកផ្ទៃដីធ្វើកសិកម្មអស់ជាបន្តបន្ទាប់។ អ្នកភូមិថា ប្រសិនបើអាជ្ញាធរមិនអើពើទប់ស្កាត់ទេ សកម្មភាពឈូសឆាយនឹងកាន់តែរីកធំឡើង ហើយពលរដ្ឋនឹងបាត់បង់ទីកន្លែងនេសាទទាំងស្រុង។
ចំណែកមន្ត្រីសង្គមស៊ីវិលចាត់ទុក ការបណ្តោយឱ្យឈ្មួញឈូសឆាយព្រៃលិចទឹកធំធេងបែបនេះ ឆ្លុះបញ្ចាំងថា អាជ្ញាធរគ្មានសមត្ថភាពការពារព្រៃលិចទឹក ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ។ ពួកគេស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ករណីនេះ ធ្វើយ៉ាងណាធានាថា តំបន់អភិរក្ស និងទ្រព្យសាធារណៈរបស់រដ្ឋ ត្រូវបានការពារឱ្យ គង់វង្ស ស្របតាមច្បាប់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា យល់ថា ឧក្រិដ្ឋកម្មព្រៃឈើនេះ ជាបទល្មើសជាក់ស្តែង អាជ្ញាធរខេត្តនេះ ត្រូវតែស៊ើបអង្កេត និងអនុវត្តច្បាប់ឱ្យគ្រប់ជ្រុងជ្រោយ ចំពោះជនល្មើស និងអាជ្ញាធរ ដែលឃុបឃិតគ្នាឈូសឆាយព្រៃលិចទឹកទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងជាសម្បត្តិបុគ្គល។ លោកពន្យល់ថា លិចទឹកជាកន្លែងអភិរក្សជីវចម្រុះ គ្រប់គ្រងដោយមន្ទីរកសិកម្មខេត្ត ប្រសិនបើមានបុគ្គលណាឈូសឆាយទន្ទ្រានកាន់កាប់ គឺជាទង្វើល្មើសច្បាប់៖ «ការបើកដៃ ការបណ្តែតបណ្តោយឱ្យមានបទល្មើស បំផ្លាញព្រៃលិចទឹកកើតឡើង ទាំងអស់ហ្នឹងហើយ ត្រូវតែចាប់ផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ព្រោះថា កុំឱ្យច្បាប់ហ្នឹង មានស្តង់ដារពីរ អាជ្ញាធរ ប្រព្រឹត្តទៅរួចខ្លួន អ្នកមានលុយមានអំណាច មានខ្សែស្រឡាយសាច់ញាតិរបស់ខ្លួន ប្រព្រឹត្តទៅរួចខ្លួន។ ចំណែកពលរដ្ឋ ត្រូវបានគេចាប់ដាក់គុកច្រវាក់ ត្រូវតែផ្ដន្ទាទោស»។
មន្ត្រីសង្គមស៊ីវិលរូបនេះ សោកស្តាយដែលអាជ្ញាធរមិនបានថែទាំព្រៃលិចទឹកឱ្យបានល្អ ដើម្បីប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋ និងសុវត្ថិភាពសត្វស្លាប ជាពិសេសផ្តល់លទ្ធភាពឱ្យពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ នេសាទត្រីចិញ្ចឹមជីវិតនៅកន្លែងនោះ។ លោកអំពាវនាវឱ្យរដ្ឋាភិបាល ដកហូតដីព្រៃលិចទឹកតំបន់នោះ ជាសម្បត្តិរដ្ឋវិញជាបន្ទាន់។
រដ្ឋធម្មនុញ្ញមាត្រា ៥៨ ចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។