អ្នក​ភូមិ​កំពង់តាឡុង​នាំ​គ្នា​គេច​ចេញ​ពី​ផ្ទះ​ ក្រោយ​ពលរដ្ឋ​៩​នាក់​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ

0:00 / 0:00

អ្នក​ភូមិ​កំពង់តាឡុង ភាគច្រើន​ជា​បុរស មិន​ថា​ចាស់ ​ឬ ​ក្មេង បន្តលាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ មិន​ហ៊ាន​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​វិញ​ទេ ដោយ​ភ័យ​ខ្លាច​ថា អាជ្ញាធរ​ដែល​នៅ​ប្រចាំការ​ក្នុង​ភូមិ អាច​នឹង​ចាប់​ខ្លួន​ពួកគាត់​បន្ថែម​ទៀត។ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​ប្រើ​រូបភាព​គំរាមកំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​តទៅ​ទៀត​ និង​ដោះលែង​អ្នក​ដែល​កំពុង​ជាប់ឃុំ​ឲ្យមាន​សេរីភាព​ឡើង​វិញ។

ស្ថានភាព​ក្នុង​ភូមិ​កំពង់តាឡុងបច្ចុប្បន្ន មាន​សភាព​ស្ងាត់ជ្រងំ។ ផ្ទះខ្លះ​នៅ​សល់​តែ​មនុស្ស​ស្រី​ និង​ក្មេង​តូច​នៅ​ចាំផ្ទះ ហើយ​ផ្ទះខ្លះ​ទៀត​ត្រូវ​បិទទ្វា​រ​ចោល​ ក្រោយ​ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC)។

ពលរដ្ឋម្នាក់​ដែល​រត់​គេច​ខ្លួនលោក ណៃ ផុន ឲ្យដឹងថា សព្វថ្ងៃក្រុម​គ្រួសារ​របស់​លោក​ មិន​ខុស​ពី​អ្នក​ភូមិ​ដទៃ​ឡើយ ត្រូវរស់​នៅ​បែក​ខ្ញែក​គ្នា ដោយកូន​ប្រុស​ច្បង អាយុ​១៨ឆ្នាំ មិនដឹង​ទៅនៅ​ទីណា ​កូន​ស្រី​វ័យ​១២​ឆ្នាំផ្ញើទុក​នឹង​អ្នក​ភូមិ ហើយ​ប្រពន្ធ​របស់​លោក គឺ​លោកស្រី ឃឹម ចិត្រា ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោយ​ពី​មាន​ហេតុការណ៍​ហិង្សា​នោះ។ លោក​បន្តថា ក្នុង​អំឡុង​ពេល​នេះ លោក​មិន​ហ៊ាន​ទៅ​ស្នាក់​នៅ​ផ្ទះសាច់​ញាតិ​ទេ​ ដោយ​ដើរ​សុំបាយ​គេហូប​និង​សុំ​កន្លែង​ស្នាក់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ ​អាជ្ញាធរ​មិន​បាន​ព្យាយាម​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពលរដ្ឋ​នូវសំណង​ណាមួយ​ដែល​អាច​ទទួល​យក​បាន​ទេ តែ​បែរ​ជា​បង្កផល​លំបាក​ឲ្យ​ពលរដ្ឋរងទុក្ខ​មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត។

បុរស​វ័យ​៥២​ឆ្នាំ ដែល​សល់​ខោរអាវ​មួយ​កំប្លេ ជាប់​ខ្លួន និង​គ្មាន​ប្រាក់​មួយ​រៀល​រូប​នេះ ​ទទូច​ស្នើ​សុំប្រមុខ​រដ្ឋាភិបាល​ចុះដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មីនេះ ​និង​ជួយ​ដោះលែង​អ្នក​ជាប់​ឃុំទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំសូម​អំពាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ហ្នឹង​ ជួយ​ដោះ​ស្រាយ​ដីធ្លី​ពលរដ្ឋ​ហ្នឹង​ឲ្យ​មាន​សំណង​សមរម្យ​បន្តិច​មក។ ហើយ​ទម្លាក់​បទ​ចោទ​វិញ​ទៅ។ ហើយ​ឲ្យ​ភូមិ​សុខសាន្ត​វិញ ហើយ​ការ​សាងសង់​ព្រលាន​ឲ្យ​ដំណើរ​ការ​ទៅ។ សហគមន៍​យើខ្ញុំ​ទទួល​យក​ដោយ​រីករាយ​ផង កុំឲ្យសង់​ព្រលាន​ហើយ អស់​លុយ​រាប់ពាន់​លាន​ ធ្វើឲ្យ​អ្នកភូមិ​ដែល​ដី​នៅ​ក្នុង​គម្រោង​ហ្នឹង​គ្នា​រង​ទឹក​ភ្នែក ហើយអ្នក​ដែល​ក្រៅ​គេ​សើច​សប្បាយ ពួកខ្ញុំ​ជាប់​ឃុំ​អ៊ីចឹង ! វា​ដូច​អយុត្តិធម៌​ពេក»។

ចំណែកស្ត្រីវ័យ​៤០​ឆ្នាំម្នាក់​ដែល​រស់​នៅ​ជាមួយ​កូន​២​នាក់​ក្នុង​ផ្ទះ​លោកស្រី ទូច កែវ រៀបរាប់​ថា ​លោក​ស្រី​មិន​ឃើញ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចេញ​ធ្វើដំណើរ​ដូច​មុន​ឡើយ​ ក្រៅ​ពី​សមត្ថកិច្ច​ជិះម៉ូតូ​ល្បាត​ទៅ​មក។

លោកស្រីឲ្យដឹងថា ប្ដីលោកស្រី គឺលោក ស្រ៊ុន ញ៉ក់ វ័យ៤២ឆ្នាំ កំពុង​ជាប់ឃុំ​ខ្លួន​ជា​មួយ​ពលរដ្ឋ​៨​នាក់​ទៀត នៅ​ពន្ធនាគារ​ខេត្តកណ្ដាល ក្រោយពី​មាន​អំពើ​ហិង្សា​ជា​មួយ​សមត្ថកិច្ច​នៅក្នុង​ភូមិ។ លោក​ស្រីចាត់ទុក​ការ​ឃុំខ្លួន​ពលរដ្ឋមាន​ជម្លោះដី​ធ្លី​នេះ​ថា ជា​រឿង​យុត្តិធម៌៖ «សំណូមពរ​ឲ្យអាជ្ញាធរ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​៩​នាក់​ហ្នឹង​ឲ្យ​ចេញ​មក​ក្រៅ​មក។បើខាង​អាជ្ញាធរ​អត់​មក​រារាំង​គាត់​មិន​ឲ្យ​គាត់​មើល​ដីក៏​អត់​មាន​រឿង​អ៊ីចឹង​ដែរ។សំណូមពរ​គាត់​ដោះលែង​ប្ដី​ខ្ញុំនិង​ប្រជាជន​ទាំង​៩​រូប​ដែល​ចូល​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាលលែង​មក​វិញ​ឲ្យ​ឆាប់​មក។ ខ្ញុំសំណូមពរ​ដល់​សម្ដេច​ពុកសម្ដេច​ម៉ែសម្ដេច​ហ៊ុន សែន និង​សម្ដេច ប៊ុន រ៉ានី ​ជួយមើល​មន្ត្រី​ជាន់​ក្រោម​របស់​គាត់​ផង»។

វិទ្យុអាស៊ីសេរី​មិន​អាច​សុំការ​ឆ្លើយ​បំភ្លឺ​រឿង​អាជ្ញាធរ​បន្ត​ដាក់​ពង្រាយ​កម្លាំង​នៅភូមិ​កំពង់តាឡុង​ ពីអភិបាល​ខេត្តកណ្ដាល​លោក គង់ សោភ័ណ្ឌ បាន​ទេ ដោយ​ហៅទូរស័ព្ទ​តែត្រូវ​លោក​ចុច​ផ្ដាច់។

ទាក់ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សូផាត មាន​ប្រសាសន៍ថា​ ការ​បន្ត​ប្រើ​កម្លាំង​សមត្ថកិច្ច​ឃ្លាំ​មើល​និង​ស្វែង​រក​ពលរដ្ឋ​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ង​រ ​និង​ជារូបភាព​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​បាក់​ស្មារតី​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​ឲ្យអ្នក​ភូមិ លែង​ហ៊ាន​ចូល​ផ្ទះ​សម្បែង។ លោកស្នើដល់​អាជ្ញាធរ​បញ្ឈប់​ទង្វើ​បែប​នេះ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​រត់​គេច​ខ្លួន​ អាច​វិល​ត្រឡប់​មក​ជួប​ក្រុម​គ្រួសារ​ពួកគាត់​ដោយ​សុវត្ថិភាព​ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ៖ «បើសិន​ជាយើង​ធ្វើអ៊ីចឹង វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​មុខ​រដ្ឋាភិបាល​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ ប្រមុខ​រាជ​រដ្ឋាភិបាល​លោក​គួរ​តែពិ​និត្យ​មើលឡើ​ងវិញ​ដែរ​ ប៉ុណ្ណឹង​ដូចជា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ មិន​គួរ​ធ្វើអ្វី​លើស​ពី​ហ្នឹង​ទៀត​ទេ មិន​ត្រឹម​តែ​គោរព​សិទ្ធិ​មនុស្ស​ទេ។ វាក្លាយ​ទៅជា​អមនុស្សធម៌​ទៅ​ទៀត។ អមនុស្ស​ធម៌​មាន​ន័យថា លែងគិត​ពី​មនុស្ស​ហើយ​ឥឡូវ​ហ្នឹង ពួក​គាត់​សុទ្ធ​តែ​ជា​មនុស្ស​ដូច​យើង សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​របស់​រដ្ឋាភិបាល»។

កាលពីថ្ងៃទី១៤ ខែកញ្ញា ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាលលោក វ៉ាន់ សុបញ្ញា សម្រេច​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៩នាក់ ពីបទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍ និង​បទប្រឆាំង​នឹង​អ្នក​រាជការសាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោសដោយ​ថា បាន​ប្រើហិង្សា​លើ​នគរបាល ១៣នាក់ ឱ្យ​មាន​របួស​ស្នាម។

ការចោទ​នេះ គឺយោង​ទៅ​ហេតុការណ៍​ក្នុង​ពេល​តវ៉ាដីធ្លី នៅ​ព្រលាន​យន្តហោះថ្មី ​នៅភូមិ​កំពង់​តាឡុង​ ឃុំបឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង កាលពីថ្ងៃទី១២ ខែកញ្ញា​ ដែលមាន​ការប៉ះទង្គិច​គ្នា​នៅពេល​សមត្ថកិច្ច​បង្ក្រាប​ពលរដ្ឋតវ៉ា។ គ្រួសារ​និង​សាច់ញាតិ​ពលរដ្ឋទាំង​៩​នាក់​ ប្រតិកម្ម​ចំពោះ​ការចោទ​ប្រកាន់​នេះ។ ទោះបី​ជា​យ៉ាង​ណា ក្រុម​អង្គសង្គមស៊ីវិល​ដែល​ឃ្លាំមើល​ផ្នែកសិទ្ធិ​មនុស្ស ​ទទូច​ស្នើ​ដល់​តុលាការ​ខេត្តកណ្ដាល ដោះលែង​ពលរដ្ឋទាំង ៩នាក់ ឲ្យបានមក​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ ដោយ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​នោះ ហើយ​អាជ្ញាធរ​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដោយ​សន្តិវិធី​ តម្លាភាព​ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។