ពលរដ្ឋ​​​នៅ​ខេត្ត​ក្រចេះ​​ខក​ចិត្ត​​ដែល​អាជ្ញាធរ​​មិន​ដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់

ដោយ សុខ មនោហត្ថា
2024.11.29
ពលរដ្ឋ​​​នៅ​ខេត្ត​ក្រចេះ​​ខក​ចិត្ត​​ដែល​អាជ្ញាធរ​​មិន​ដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​​មាន​វិវាទ​ដីធ្លី​​​ជា​មួយ​ក្រុម​ហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ ខេមបូឌា (Kamdhenu Ventures Cambodia Limited) (KVCL) នៅ​ខេត្ត​ក្រចេះ​ ខក​​ចិត្ត​​ដែល​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ ​និង​នេសាទ មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ទាំង​ស្រុង ដោយ​អាជ្ញាធរ​​​​​​​​​​កាត់​ឆ្វៀល​​​​ដី​​ជូន​​​​​​​ពលរដ្ឋ​​​​​​តែ ១១​គ្រួសារ​​​​​ ក្នុង​ចំណោម​​​២៥០​​គ្រួសារ។ ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​​​ក្រោយ​ពេល​​​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ ​បាន​កោះហៅ​ពលរដ្ឋ​ទៅ​ដោះស្រាយ​បញ្ហា​​ដីធ្លី​ ​នៅ​សាលា​ឃុំ​កោះខ្ញែរ នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​​ នៅ​ខេត្ត​ក្រចេះ​ប្រមាណ​ជិត ១០០​គ្រួសារ បាន​ប្រមូល​ម្ដុំ​គ្នា ជា​ថ្មី​​នៅ​ឯ​សាលា​ឃុំ​កោះខ្ញែរ​ស្រុក​សំបូរ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ឃុំ​លើក​យក​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ទៅ​ដោះស្រាយ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្វាយ​ចេក លោក ស៊ឹង ករុណា ប្រាប់​វិទ្យុអាស៊ីសេរី​​ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា ពលរដ្ឋ​​ខកចិត្ត​​ចំពោះ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ​ ដែល​ពុំ​កាត់​ឆ្វៀល​​​ដី​​​ពី​ក្រុម​ហ៊ុន​​​ជូន​ពលរដ្ឋ​ទាំង​២៥០​គ្រួសារ​​ តែ​បែរ​​​ជា​​កាត់​ឆ្វៀល​ដី​​​ ឱ្យ​​​ពលរដ្ឋ​​​​​តែ ១១​គ្រួសារ ដោយ​​​​​អាជ្ញាធរ​អះអាង​ថា ពលរដ្ឋ​ទាំង ១១គ្រួសារ​​នោះ​​ ធ្លាប់​​ឱ្យ​​លុយ​ទៅ​មន្ត្រី​សុរិយោដី​ខេត្ត​ក្រចេះ​​​​ និង​មាន​លិខិត​​​កាត់​ឆ្វៀល​ដី​ តាំង​ពី​​​យូរ​មក​ហើយ។

លោក ស៊ឹង ករុណា៖ «ទៅ​គ្នា​ច្រើន​មក​ដោះ​តែ​១១គ្រួសារ វា​អត់​ត្រឹមត្រូវ​ទេ ប្រជាពលរដ្ឋ​អត់​ទទួល​យក​បានទេ​។ និយាយរួម​ទៅ​មន្ត្រី​នេះ វា​ធ្វើ​បំបែក​ក្រុម។ ខ្ញុំ​គិត​ថា​ពួក​គាត់​មក​នេះ​ មក​បែប​ណា​ថា​ យក​ព័ត៌មាន​យក​ទៅ​ផ្សព្វផ្សាយ​ឱ្យ​ថ្នាក់​ដឹកនាំ​យល់​ច្រឡំ​មក​លើ​ប្រជាពលរដ្ឋ​ដែល​មិន​យល់​ស្រប»

ជា​ច្រើន​ខែ​មក​នេះ​​ពលរដ្ឋ​ទាំង ៥ភូមិ​ នៅ​ក្នុង​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ដែល​មាន​វិវាទ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​វៀតណាម គឺ​​ គឺ​​ភូមិ​​​​កំពង់ព្នៅ កោះច្បារ ស្វាយចេក បាយ​សំណុំ និង​​ភូមិ​ជើង​ពាត បាន​ខ្នះខ្នែង​រក​កិច្ច​អន្តរាគមន៍​រឿង​​​ដីធ្លី​​ជាមួយ​អាជ្ញាធរ​​ពាក់ព័ន្ធ​​ ជា​ច្រើន​ដង​​តែ​គ្មាន​​​​ដំណោះ​ស្រាយ។ ជាក់ស្ដែង​ចាប់​តាំង​​ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា កន្លង​មក ពលរដ្ឋ​​បាន​មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​​​នៅ​ក្រសួង​​​​​ដែនដី​ ក្រសួង​កសិកម្ម ក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​មហាផ្ទៃ ក៏ប៉ុន្តែ ពួក​គាត់​​​នៅ​តែ​មិន​ទទួល​បាន​​​ដំណោះស្រាយ​​ដដែល។ ផ្ទុយ​ទៅវិញ​ ពលរដ្ឋ​ថា​ អាជ្ញាធរ​បាន​​​​គំរាម​កំហែង​​ចាប់​ដាក់​​​គុក​ ប្រសិន​បើ​ពួកគាត់​ពុំ​ឈប់​តវ៉ា​រឿង​ដីធ្លី​នេះ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ​​ លោក ទ្រី សុភក្តិ និង​អភិបាល​រង​ស្រុក​សំបូរ លោក ចេង គឹមជប់ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា។

ទោះ​ជា​យ៉ាង​ណា​​​ លោក ចេង គឹមជប់ ធ្លាប់​​​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វិវាទ​ដីធ្លី​រវាង​​ពលរដ្ឋ​​ និង​​ក្រុមហ៊ុន​វៀតណាម​​​នេះ​ អាជ្ញាធរ​ខេត្ត​ និង​ស្រុក គ្មាន​វិធានការ​កាត់​ឆ្វៀល​​ដី​ជូន​ពលរដ្ឋ​នោះ​ឡើយ​ ​ព្រោះ​ថា ដី​ដែល​ពលរដ្ឋ​ទាមទារ​​យក​កាន់​កាប់​នោះ​ គឺ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន។

ពាក់ព័ន្ធ​រឿង​ដីធ្លី​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា បាន​បង្ហោះ​វីដេអូ​ខ្លី​​មួយ​​មាន​​រយៈ​ពេល ១នាទី​ ដោយ​បញ្ជាក់​ថា​ នៅ​ក្នុង​អាណត្តិ​ទី​៧​​នេះ លោក​ប្ដេជ្ញា​ចិត្ត​ថា​​ត្រូវ​តែ​បញ្ចប់​​​​​បញ្ហា​វិវាទ​ដីធ្លី​របស់​​​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​​លោក​បាន​សម្រេច​ចំណាយ​​​ថវិកា​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​រៀបចំ​ចុះ​បញ្ជី​កម្ម​សិទ្ធិ​​ដីធ្លី​​​ ជូន​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត៖ «តាំង​ពី​ដើម​អាណត្តិ​ខ្ញុំ​បាន​ឯកភាព​ជា​មួយ​នឹង​សំណើ​ក្រសួង។ ទី១ បង្កើន​កញ្ចប់​ថវិកា​ដើម្បី​ធ្វើ​ការងារ​នេះ​។ ខ្ញុំ​ប្រាប់​ថា​រុញ​ឱ្យ​លឿន កាល​មុន​យើង​មាន​ក្រុមការងារ​ចុះ​តូច​ៗ អាណត្តិ​ថ្មី​នេះ​យើង​រៀបចំ​ជាង​៥នាក់​សម្រាប់​ចុះ​ធ្វើ​។ ខ្ញុំ​ចុះហត្ថលេខា​ថវិកា​នេះ​ ដើម្បី​បង្កើន​សម្រាប់​ធ្វើ​ការងារ​នេះ ​ទាំង​ការ​លើក​ទឹក​ចិត្ត​ប្អូន​ធ្វើ​ការ​។ យើង​គ្រោង​១០០លានដុល្លារ​ដើម្បី​រុញ​បញ្ចប់ ហើយ​ខ្ញុំ​ថា​អាណត្តិ​នេះ​អាច​បញ្ចប់​តែ​ម្ដង​។»

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី សង្កេត​ឃើញ​ថា វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​វៀតណាម​​នេះ​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់។ ទន្ទឹម​នឹង​នោះ​លោក​ថា​ ករណី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ ក៏​គួរ​តែ​កាត់​ឆ្វៀល​ដី​​ ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ​​ ហើយ​មិន​ត្រូវ​បដិសេធ​​​សំណើ​របស់​ពួក​គាត់ ដោយ​គ្មាន​ហេតុផល​ត្រឹម​ត្រូវ​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «សូម​ឱ្យ​ក្រសួង ក៏​ដូច​ជា​មន្ទីរ ព្រម​ទាំង​អាជ្ញាធរ ធ្វើការ​ពិនិត្យ​លើ​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់​លាស់​ឡើង​វិញ​ ដើម្បី​ធ្វើការ​សម្របសម្រួល​ជា​មួយ​ប្រជា​ពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ចូល​រួម​ជា​មួយ​អាជ្ញាធរ​ដើម្បី​លិខិត​កាត់​ឆ្វៀល​ជា​មួយ​អាជ្ញាធរ​ទៅ ហើយ​យើង​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង​។ ថា​តើ​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ កាត់​ឱ្យ​ប្រជាពលរដ្ឋ​នឹង​នៅ​ចំណុច​ណា​? ហើយ​ថា​តើ​ក្រុមហ៊ុន​យុវជន​ស្វាយ​រៀង​បាន​ទៅ​រំលោភ​ មែន​ឬ​ក៏​មិនមែន ហើយ​យើង​សម្របសម្រួល​គ្នា​ទៅ​ដើម្បី​បញ្ចប់​បញ្ហា​ហ្នឹង»

ពលរដ្ឋ​​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយ​​ក្រុមហ៊ុន​វៀតណាម​ កាម៉ាដេនូ វេនឈ័រ ខេមបូឌា​ មាន​ចំនួន​២៥០​គ្រួសារ​ ក្នុង​ទំហំដី​​​​ជាង​​ ១ពាន់​(.១១១)​ហិកតារ។ ពលរដ្ឋ​​អះអាង​ថា​​ បាន​ចូល​មក​​អាស្រ័យ​ផល​លើ​ដី​នោះ​​ ​អ្នក​ខ្លះ​​តាំង​ពី​ឆ្នាំ​១៩៨០​​​​​ និង​ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០៨។ រីឯ​ក្រុម​ហ៊ុន​ទើប​តែ​ទទួល​បាន​សិទ្ធិ​វិនិយោគ​​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩​ ដូច្នេះ​ពលរដ្ឋ​ថា​ ដី​នោះ គឺ​ជា​កម្មសិទ្ធិ​​របស់​ពលរដ្ឋ​ពុំ​មែន​​ជា​របស់​ក្រុមហ៊ុន​នោះ​ឡើយ។

ប្រជា​ពលរដ្ឋ​អះអាង​ថា ពួកគាត់​​​នឹង​​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ទៀត​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅ​តែ​មិន​ព្រម​កាត់​ឆ្វៀល​ដីធ្លី​ជូន​ដល់​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។