អ្នក​មាន​ជម្លោះ​ដីធ្លី​ ទាមទារ​អាជ្ញាធរ​​ដោះស្រាយ​បញ្ចប់​វិវាទ​នៅ​​ឃុំ​ទួលព្រេច​​ក្រោយ​​​ករណី​​ទាហាន​​​បាញ់​​រះ​​ពលរដ្ឋ​

ដោយ ជាតិ ចំណាន
2021-06-09
Share
អ្នក​មាន​ជម្លោះ​ដីធ្លី​ ទាមទារ​អាជ្ញាធរ​​ដោះស្រាយ​បញ្ចប់​វិវាទ​នៅ​​ឃុំ​ទួលព្រេច​​ក្រោយ​​​ករណី​​ទាហាន​​​បាញ់​​រះ​​ពលរដ្ឋ​ (រូប​ឆ្វេង) គ្រាប់​កាំភ្លើងដែល​ពលរដ្ឋ​រើសបាន​ក្រោយ​ហេតុការណ៍យោធាបាញ់រះលើពលរដ្ឋ (រូបស្ដាំ) អាវ​ពលរដ្ឋ​ដែល​រង​គ្រាប់​​របស់​យោធាបាញ់​រះ​ក្នុង​ហេតុការណ៍តវ៉ា​នៃ​ជម្លោះដី នា​ភូមិ​អង្គស្រែពោធិ៍ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២១។
Photo provided

អាជ្ញាធរ​បាន​​ចាប់ផ្ដើម​​ចុះ​ពិនិត្យ​ និង​វាស់វែង​​ដី​មាន​​ជម្លោះ​​​​​ជាមួយ​​​យោធា​ ស្ថិត​ក្នុង​ឃុំ​ទួលព្រេច​ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​​​ហើយ​ ក្រោយ​ពេល​​ករណី​យោធា​បាញ់​រះ​លើ​ពលរដ្ឋ​​។

តំណាង​ពលរដ្ឋលោក គាំ រិទ្ធ ឲ្យ​ដឹង​ថា អ្នក​ភូមិ​គ្មាន​ភាព​ជឿជាក់​​ថា ​ទទួល​បាន​ដំណោះស្រាយនោះ​ទេ ព្រោះ​ក្រោយ​ការ​​ចុះ​វាស់​វែង​ដី​​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិថុនា​​​​រួច​ ​អាជ្ញាធរពាក់ព័ន្ធមិន​​បានសន្យា​ប្រគល់​ដី​មាន​ជម្លោះ ឬ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ឡើយ៖ «ពលរដ្ឋ​ចង់​ថា ​បើ​ជ្រុល​វាស់​ឲ្យ​ ឲ្យ​ធ្វើ​ប្លង់​។ ​បើ​ថា​មិន​វាស់​ទេ ឲ្យ​សុំ​សំណង​​សមស្រប​ដែល​គាត់​ឲ្យពីមុន​មក​ណា​។​ ដល់​ឥឡូវ​គេ​អត់​និយាយ​រឿងសំណងសោះ ប្រហែល​គេ​ចង់​យក​ទទេរ»។

យ៉ាង​ណា អ្នក​ភូមិ​ទាំង ​៧​ ដែល​កំពុង​មាន​ជម្លោះ​មិន​ទាន់​មាន​គម្រោង​តវ៉ា​​ទៀត​ទេ​។ កាល​ពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​​ អ្នក​ឃុំ​ទួលព្រេច​ច្រើន​នាក់​​​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​​ក្រុម​​យោធា​​ ដក​គ្រឿងចក្រ​ឈូស​ឆាយ​ចេញ​ពី​ដី​ស្រែ​របស់​​​ពលរដ្ឋ​​។​ ប៉ុន្តែ​ក្រោយ​មាន​ការ​តវ៉ា​នោះ​ ក្រុម​​យោធា​​បាន​បើក​ការ​​បាញ់​រះ​​​សំដៅ​​លើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​​ពលរដ្ឋ​ម្នាក់​​រង​របួស​។

ជន​រងគ្រោះ​​​ក្នុង​ហេតុការណ៍​នោះ គឺលោក មុំ ចាន្ថា​ (គាត់​ប្រកប​ឲ្យ​បែប​នេះ អាន​ថា ចាន់​ថា​) ប្រាប់​អាស៊ី​សេរី​ថា ​លោក​មិន​ចាំ​ថា​​​នរណា​​ជា​អ្នក​​បាញ់​​លោក​​​​ទេ ​ព្រោះ​​ក្នុង​ហេតុការណ៍​នោះ ​ក្រុម​យោធា​​​​​​បិទ​មុខ​ទាំង​អស់​គ្នា។ លោក ​សោកស្ដាយ​ចំពោះ​ទង្វើ​យោធា​ដែល​បាញ់​រូប​លោក​​ ដោយសារ​​លោក​​​​​ស្រែក​តវ៉ា​​​​ដោយ​ដៃ​ទទេ និង​ត្រៀម​ត្រឡប់​ថយ​ក្រោយ​វិញ​ហើយ​​។

People_in_Kandal_Landdispute_03_06_2021_02.jpg
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ព្រមទាំង លោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានចូលរួមដោះស្រាយទំនាស់ដីធ្លី (ដីតាបារាំង) ជាមួយប្រជាពលរដ្ឋទាំង ០៧ភូមិ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ រដ្ឋបាលខេត្តកណ្តាល)

បច្ចុប្បន្ន​​របួស​លោក​​ មុំ ចាន្ថា​ ជា​សះ​​ខ្លះ​ហើយ និង​ត្រូវ​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​​មណ្ឌល​សុខភាព​ទួលព្រេច​វិញ​​។ ​លោក​ឲ្យ​ដឹង​ថា​អាជ្ញាធរ​បាន​ចេញ​ថ្លៃ​ព្យាបាល​របួស​​លោក​ទាំងអស់។ លោក មុំ ចាន្ថា បញ្ជាក់ទៀត​ថា លោកមិន​​​ចង់​ទាមទារ​ឲ្យ​​ចាប់​ជន​ដៃ​ដល់​ដែល​បាញ់​រូប​លោក​ទេ តែ​លោក​ទាម​ទារ​​​​សំណង​ជំងឺ​ចិត្ត និង​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​​របស់​គាត់ឱ្យបានឆាប់​​៖ «អត់​ប្ដឹងប្ដល់​អ្វីទៀត​ទេ។ សំខាន់​ឲ្យតែ​ខាង​ហ្នឹង គេដោះស្រាយអារឿងសំណងខ្ញុំ​ មួយ​ល្មម​មួយ​សម​រម្យ​មួយ​គាត់​ទៅ​រួច មិនបាច់ចាំប្ដឹងប្ដល់​អ្វីទៀត។ ប៉ុណ្ណឹង​ល្មម»។

ក្រោយ​ការ​បាញ់​រះ​នេះ​ ​​អាជ្ញាធរ​មិន​ទាន់​ចាប់​​ជន​ដៃ​ដល់ ​និង​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​​​នោះ​ទេ។ អាស៊ី​សេរី​មិន​អាចទាក់ទង​​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិលោក ឈុំ សុជាតិ និង​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសលោក អេង ហ៊ី​ បាន​ទេ​នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនានេះ។

ប៉ុន្តែអភិបាល​ខេត្ត​កណ្ដាលលោក គង់ សោភ័ណ្ឌ ឲ្យ​ដឹង​ថា​ អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ទាំង​​ខាង​យោធា និង​ទាំង​ខាង​ពលរដ្ឋ​ដែល​មាន​អ្នក​​កាន់​កាំបិត​ និង​ករណី​ដុត​គ្រឿងចក្រ ដើម្បី​ចាត់វិធានការតាមច្បាប់។ ចំពោះ​​ករណី​​ដី​មាន​វិវាទវិញ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា​ គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ កំពុង​ចុះ​វាស់​និង​ពិនិត្យ​មើល៖ «អ៊ីចឹងបងប្អូនមិនបាច់ភ័យទេ ព្រោះរដ្ឋកំពុងសិក្សាដោះស្រាយ​ឲ្យ​ហើយ។ ​បើ​ផ្សេង​ក្រៅពី​រដ្ឋ​ចាំភ័យ តែនេះរដ្ឋ ហើយ​យើង​បាន​ដោះស្រាយ​ប្រាប់ទៅមេភូមិ ប្រាប់ទៅអ្វីអស់​ហើយ»។

People_in_Kandal_Landdispute_03_06_2021_03.jpeg
ប្រជាពលរដ្ឋបិទផ្លូវជាតិលេខ៥១ នៅក្នុងអំឡុងពេលតវ៉ាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)

ទោះជាយ៉ាងណាសង្គម​ស៊ីវិលជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ​វិវាទ​ដីធ្លី​​​នេះ​ឲ្យ​​​ចប់ ដើម្បី​កុំឱ្យកើត​មាន​ករណី​ហិង្សា​បន្ត​ទៀត។ ប្រធាន​ផ្នែក​ដីធ្លី និង​សិទ្ធិ​មនុស្ស​​នៃ​សមាគម​អាដហុកលោក នី សុខា មិន​ជំទាស់​នឹង​ការ​ស្រាវជ្រាវ​រក​ជន​ដៃ​ដល់​ទាំង​សង្ខាង​ទេ តែ​លោក​​សង្កេត​ឃើញ​ថា​ ខាង​​​​​​យោធា​​​​បាន​ប្រើ​​កង​កម្លាំង​ហួសហេតុ​ក្នុង​ការ​បង្ក្រាប​ពលរដ្ឋ៖ «អ្នកបាញ់គឺត្រូវតែទទួលខុសត្រូវ​​ខាង​ព្រហ្មទណ្ឌ​ គេ​ហៅ​ថា​បទ​ល្មើស​ព្រហ្មទណ្ឌ គេហៅថា​ដៃដល់។ ប៉ុន្តែ​អ្នក​ដឹកនាំ ​​គឺ​អាច​ទទួលខុសត្រូវ​ខាងរដ្ឋប្បវេណី​។​ អាហ្នឹង​វាជៀស​មិនផុត​ពីការ​ទទួលខុសត្រូវ​ទេ។ ប៉ុន្តែ​បើ​មាន​ការ​ចូលរួម​គំនិត​វាសុទ្ធតែ​ជាការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ»។

រយៈពេល​ ៤ ​​ឆ្នាំ​ចុង​ក្រោយ​នេះ យោធា​បាន​បើក​ការ​​បាញ់​​​រះ​​​​​យ៉ាង​ហោច​ណាស់​ ៣​ ករណី​ហើយ ដើម្បី​បង្ក្រាប​អ្នក​មាន​ជម្លោះ​ដីធ្លី​។ ករណី​ទាំង​នោះ កើត​នៅ​ខេត្ត​ក្រចេះ កាល​ពី​ឆ្នាំ​២០១៨​ បណ្ដាល​ឲ្យ​ពលរដ្ឋ​​ស្លាប់ ​៦ នាក់ និង​រង​របួស​​ច្រើន​នាក់ តែ​អាជ្ញាធរ​បដិសេធ​តួលេខ​នេះ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៩ កង​កម្លាំង​​ចម្រុះ​ខេត្ត​ព្រះសីហនុ​ បាញ់​​​ពលរដ្ឋ​ម្នាក់ ធ្លាយ​ស្មា​ឆ្វេង​បណ្ដាល​ឲ្យ​ពិការ​ដល់​សព្វថ្ងៃ និង​ករណី​បាញ់​រះ​​ពលរដ្ឋ​នៅ​​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​០៣​ ខែមិថុនា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល