អាជ្ញាធរបានចាប់ផ្ដើមចុះពិនិត្យ និងវាស់វែងដីមានជម្លោះជាមួយយោធា ស្ថិតក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ក្រោយពេលករណីយោធាបាញ់រះលើពលរដ្ឋ។
តំណាងពលរដ្ឋលោក គាំ រិទ្ធ ឲ្យដឹងថា អ្នកភូមិគ្មានភាពជឿជាក់ថា ទទួលបានដំណោះស្រាយនោះទេ ព្រោះក្រោយការចុះវាស់វែងដីនៅព្រឹកថ្ងៃទី០៩ ខែមិថុនារួច អាជ្ញាធរពាក់ព័ន្ធមិនបានសន្យាប្រគល់ដីមានជម្លោះ ឬដោះស្រាយឲ្យពលរដ្ឋឡើយ៖ «ពលរដ្ឋចង់ថា បើជ្រុលវាស់ឲ្យ ឲ្យធ្វើប្លង់។ បើថាមិនវាស់ទេ ឲ្យសុំសំណងសមស្របដែលគាត់ឲ្យពីមុនមកណា។ ដល់ឥឡូវគេអត់និយាយរឿងសំណងសោះ ប្រហែលគេចង់យកទទេរ»។
យ៉ាងណា អ្នកភូមិទាំង ៧ ដែលកំពុងមានជម្លោះមិនទាន់មានគម្រោងតវ៉ាទៀតទេ។ កាលពីថ្ងៃទី០៣ ខែមិថុនា អ្នកឃុំទួលព្រេចច្រើននាក់បាននាំគ្នាតវ៉ាទាមទារឲ្យក្រុមយោធា ដកគ្រឿងចក្រឈូសឆាយចេញពីដីស្រែរបស់ពលរដ្ឋ។ ប៉ុន្តែក្រោយមានការតវ៉ានោះ ក្រុមយោធាបានបើកការបាញ់រះសំដៅលើពលរដ្ឋបណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួស។
ជនរងគ្រោះក្នុងហេតុការណ៍នោះ គឺលោក មុំ ចាន្ថា (គាត់ប្រកបឲ្យបែបនេះ អានថា ចាន់ថា) ប្រាប់អាស៊ីសេរីថា លោកមិនចាំថានរណាជាអ្នកបាញ់លោកទេ ព្រោះក្នុងហេតុការណ៍នោះ ក្រុមយោធាបិទមុខទាំងអស់គ្នា។ លោក សោកស្ដាយចំពោះទង្វើយោធាដែលបាញ់រូបលោក ដោយសារលោកស្រែកតវ៉ាដោយដៃទទេ និងត្រៀមត្រឡប់ថយក្រោយវិញហើយ។

បច្ចុប្បន្នរបួសលោក មុំ ចាន្ថា ជាសះខ្លះហើយ និងត្រូវបញ្ជូនចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ឲ្យទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពទួលព្រេចវិញ។ លោកឲ្យដឹងថាអាជ្ញាធរបានចេញថ្លៃព្យាបាលរបួសលោកទាំងអស់។ លោក មុំ ចាន្ថា បញ្ជាក់ទៀតថា លោកមិនចង់ទាមទារឲ្យចាប់ជនដៃដល់ដែលបាញ់រូបលោកទេ តែលោកទាមទារសំណងជំងឺចិត្ត និងសុំឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់គាត់ឱ្យបានឆាប់៖ «អត់ប្ដឹងប្ដល់អ្វីទៀតទេ។ សំខាន់ឲ្យតែខាងហ្នឹង គេដោះស្រាយអារឿងសំណងខ្ញុំ មួយល្មមមួយសមរម្យមួយគាត់ទៅរួច មិនបាច់ចាំប្ដឹងប្ដល់អ្វីទៀត។ ប៉ុណ្ណឹងល្មម»។
ក្រោយការបាញ់រះនេះ អាជ្ញាធរមិនទាន់ចាប់ជនដៃដល់ និងអ្នកទទួលខុសត្រូវក្នុងហេតុការណ៍នោះទេ។ អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានទេនៅថ្ងៃទី០៩ ខែមិថុនានេះ។
ប៉ុន្តែអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ឲ្យដឹងថា អាជ្ញាធរកំពុងស៊ើបអង្កេតរកជនដៃដល់ទាំងខាងយោធា និងទាំងខាងពលរដ្ឋដែលមានអ្នកកាន់កាំបិត និងករណីដុតគ្រឿងចក្រ ដើម្បីចាត់វិធានការតាមច្បាប់។ ចំពោះករណីដីមានវិវាទវិញ លោកអភិបាលខេត្តបញ្ជាក់ថា គណៈកម្មការចម្រុះដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងចុះវាស់និងពិនិត្យមើល៖ «អ៊ីចឹងបងប្អូនមិនបាច់ភ័យទេ ព្រោះរដ្ឋកំពុងសិក្សាដោះស្រាយឲ្យហើយ។ បើផ្សេងក្រៅពីរដ្ឋចាំភ័យ តែនេះរដ្ឋ ហើយយើងបានដោះស្រាយប្រាប់ទៅមេភូមិ ប្រាប់ទៅអ្វីអស់ហើយ»។

ទោះជាយ៉ាងណាសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរប្រញាប់ដោះស្រាយវិវាទដីធ្លីនេះឲ្យចប់ ដើម្បីកុំឱ្យកើតមានករណីហិង្សាបន្តទៀត។ ប្រធានផ្នែកដីធ្លី និងសិទ្ធិមនុស្សនៃសមាគមអាដហុកលោក នី សុខា មិនជំទាស់នឹងការស្រាវជ្រាវរកជនដៃដល់ទាំងសង្ខាងទេ តែលោកសង្កេតឃើញថា ខាងយោធាបានប្រើកងកម្លាំងហួសហេតុក្នុងការបង្ក្រាបពលរដ្ឋ៖ « អ្នកបាញ់គឺត្រូវតែទទួលខុសត្រូវខាងព្រហ្មទណ្ឌ គេហៅថាបទល្មើសព្រហ្មទណ្ឌ គេហៅថាដៃដល់។ ប៉ុន្តែអ្នកដឹកនាំ គឺអាចទទួលខុសត្រូវខាងរដ្ឋប្បវេណី។ អាហ្នឹងវាជៀសមិនផុតពីការទទួលខុសត្រូវទេ។ ប៉ុន្តែបើមានការចូលរួមគំនិតវាសុទ្ធតែជាការទទួលខុសត្រូវព្រហ្មទណ្ឌ»។
រយៈពេល ៤ ឆ្នាំចុងក្រោយនេះ យោធាបានបើកការបាញ់រះយ៉ាងហោចណាស់ ៣ ករណីហើយ ដើម្បីបង្ក្រាបអ្នកមានជម្លោះដីធ្លី។ ករណីទាំងនោះ កើតនៅខេត្តក្រចេះ កាលពីឆ្នាំ២០១៨ បណ្ដាលឲ្យពលរដ្ឋស្លាប់ ៦ នាក់ និងរងរបួសច្រើននាក់ តែអាជ្ញាធរបដិសេធតួលេខនេះ។ បន្ទាប់មកនៅឆ្នាំ២០១៩ កងកម្លាំងចម្រុះខេត្តព្រះសីហនុ បាញ់ពលរដ្ឋម្នាក់ ធ្លាយស្មាឆ្វេងបណ្ដាលឲ្យពិការដល់សព្វថ្ងៃ និងករណីបាញ់រះពលរដ្ឋនៅខេត្តកណ្ដាល កាលពីថ្ងៃទី០៣ ខែមិថុនា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។