ពលរដ្ឋភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អះអាងថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រចំនួន ៨ គ្រឿង មកកៀកនឹងដីស្រែមានជម្លោះ ហើយកំពុងត្រៀមឈូសឆាយជាថ្មីទៀត ខណៈក្រុមហ៊ុនមិនទាន់មានដំណោះស្រាយសមរម្យជាមួយប្រជាពលរដ្ឋនៅឡើយ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់លោកស្រី ឡុញ វណ្ណា ប្រាប់ថា អ្នកភូមិ នឹងនាំគ្នាតវ៉ាទៀត ក្នុងករណីក្រុមហ៊ុនឈូសឆាយដីស្រែរបស់ពួកគាត់ ព្រោះដីនេះកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់។ លោកស្រីស្នើសុំឱ្យអាជ្ញាធរខេត្តកណ្ដាល ជួយអន្តរាគមន៍ទៅក្រុមហ៊ុន កុំឱ្យធ្វើសកម្មភាពឈូសឆាយដីស្រែរបស់អ្នកភូមិផ្ដេសផ្ដាស ទាំងដែលអ្នកភូមិ មិនទាន់ព្រមទទួលយកសំណងនៅឡើយ៖ «គាត់កំពុងតែរុះរើលើដីរបស់ក្រុមហ៊ុនទេ អត់ទាន់លើដៃរបស់ក្រុមហ៊ុនទេ ប៉ុន្តែខ្ញុំឮសូរប៉ូលិសម្នាក់គាត់និយាយថា បើពួកខ្ញុំនៅតែបិទផ្លូវអត់ព្រមបើកផ្លូវឲ្យគេដំណើរការអ៊ីចឹង មិនយូរមិនឆាប់ គេនឹងដាក់កម្លាំងប៉ិអឹម ប៉ូលិសអី មកទប់ស្កាត់ប្រជាជនហើយ ឲ្យក្រុមហ៊ុនធ្វើហើយ»។
អ្នកភូមិកំពុងតាឡុង បាននាំគ្នាដេកយាមដីស្រែ និងបិទផ្លូវលើខ្នងប្រឡាយ រយៈពេល ១០ ថ្ងៃមកហើយ ដោយមិនទាន់ឃើញមានអាជ្ញាធរ ចុះទៅដោះស្រាយជូនពួកគាត់ឡើយ។ អ្នកភូមិអះអាងថា ពួកគាត់មិនទៅជួបអាជ្ញាធរនៅសាលាខេត្ត និងសាលាស្រុក ជាដាច់ខាត តែទាមទារឱ្យអាជ្ញាធរចុះទៅជួបអ្នកភូមិដល់ដី មានជម្លោះវិញ ព្រោះងាយចង្អុលបង្ហាញពីស្ថានភាពជាក់លាក់ជាង។
ការតវ៉ាដេកយាមដីស្រែនេះ កើតឡើងក្រោយពេលក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ បានដាក់កងកម្លាំងសន្តិសុខប្រហែល ២០ នាក់ ព្រមទាំងឡានទឹក ១ គ្រឿង គ្រឿងចក្រ ២ គ្រឿង ចុះទៅឈូសឆាយដីស្រែរបស់អ្នកភូមិ កាលពីថ្ងៃទី១៤ ខែឧសភា។
ពលរដ្ឋចោទថា ក្រុមហ៊ុនបានឈូសកម្ទេចស្រូវ និងស្រែ ហើយពេលពួកគេតវ៉ា ខាងក្រុមហ៊ុនបានបើកគ្រឿងចក្រដេញបុកអ្នកភូមិ ទើបធ្វើឲ្យពួកគេខឹងសម្បារ និងនាំគ្នាដេញក្រុមសន្តិសុខ ឱ្យបើកគ្រឿងចក្រចេញ និងប្ដឹងសុំអន្តរាគមន៍ទៅអាជ្ញាធរស្រុក។
អ្នកភូមិកំពង់តាឡុង ក៏មានគម្រោងដាក់ញត្តិសុំអន្តរាគមន៍ទៅក្រសួងដែនដី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងតំណាងរាស្ត្រ នៅពេលខាងមុខដែរប្រសិនបើគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី២២ ខែឧសភា ជុំវិញការដាក់គ្រឿងចក្រជាថ្មីនេះ។ ទោះយ៉ាងណា លោក ធ្លាប់ប្រាប់អាស៊ីសេរីថា ព្រលានយន្តហោះថ្មីនេះ ត្រូវតែស្ថាបនាឲ្យទាន់គម្រោងកំណត់ នឹងត្រូវធ្វើយ៉ាងណាឱ្យរួចរាល់ជំហានដំបូងនៅឆ្នាំ២០២៣។ ឯដំណោះស្រាយយ៉ាងណាទៀតនោះ លោកថា អាជ្ញាធរនឹងខិតខំរកវិធីដោះស្រាយជាមួយពលរដ្ឋរងផលប៉ះពាល់៖ «ប្រជាជនយើងមួយចំនួនគាត់នៅមិនព្រម រឿងតែប៉ុណ្ណឹងទេ។ មិនព្រមតែវាជាវិធានការ ក្នុងនាមរដ្ឋបាលខេត្តយើងគិតថា នឹងសុំអង្វរករប្រជាជន ហើយយើងនឹងដំណើរការ នូវអ្វីដែលជាការអភិវឌ្ឍន៍ព្រលានយន្តហោះដើម្បីឲ្យវាមានវឌ្ឍនភាពទៅមុខ។ តែបងប្អូនប្រជាជនហាក់នៅមិនទាន់យល់ស្រប។ យើងកំពុងពិភាក្សាជាមួយគាត់បន្តទៀត»។
ចំណែក សង្គមស៊ីវិលមិនយល់ស្រប នឹងការអភិវឌ្ឍន៍ ទាំងស្ថានភាពចម្រូងចម្រាស់បែបទេ។ ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក លោក នី សុខា ចង់ឱ្យរដ្ឋាភិបាលដោះស្រាយផលប៉ះពាល់ ជាមួយពលរដ្ឋឱ្យបានចប់សព្វគ្រប់សិនទើបជារឿងប្រសើរ។
លោក នី សុខា សង្កេតឃើញថា ការដាក់តម្លៃដីមួយម៉ែត្រការ៉េ ចន្លោះ ៣ ទៅ ៨ ដុល្លារ ហើយចាប់បង្ខំឱ្យពលរដ្ឋទទួលយកមិនមែនជាដំណោះស្រាយឡើយ។ លោក យល់ថា រដ្ឋាភិបាល គួរតែដោះស្រាយតម្លៃដីនោះ ក្នុងតម្លៃសមរម្យណាមួយ ដែលជាតម្លៃទីផ្សារបច្ចុប្បន្ន ហើយគ្រប់ភាគី អាចទទួលយកបានដោយពេញចិត្ត៖ «ដោះស្រាយស្ថានភាពដីក្នុងពេលបច្ចុប្បន្ន ដូច្នេះយើងត្រូវតែកំណត់តម្លៃបច្ចុប្បន្ន អត់យកតម្លៃពីមុនមកកំណត់ទេ។ ដូច្នេះបើយើងយកតម្លៃមកកំណត់ក្នុងស្ថានភាពបច្ចុប្បន្ន វាអត់ស្របទៅហ្នឹងពេលវេលាដែលយើងព្យាយាមដោះស្រាយហ្នឹង ព្រោះពួកគាត់ត្រូវយកលុយហ្នឹងទៅ ដោះស្រាយបញ្ហា ទៅទិញដីធ្លីផ្សេងក៏គាត់ទិញអត់បាន»។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកទទួលបានសិទ្ធិសាងសង់គម្រោងព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដែលអាចចុះចតយន្តហោះប្រភេទធំៗ អាចហោះឆ្លងទ្វីបបាន។ តាមលក្ខខណ្ឌការសាងសង់ គម្រោងនេះនឹងសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣ ដោយព្រលានយន្តហោះថ្មី នឹងលាតសន្ធឹងលើផ្ទៃដីជិតបីពាន់ហិកតារ (២.៦០០) គ្រប់ដណ្ដប់លើឃុំចំនួន៤ នៃខេត្តកណ្ដាល និងខេត្តតាកែវ។
អ្នកភូមិកំពង់តាឡុង ក៏មិនជំទាស់នឹងការអភិវឌ្ឍន៍នេះដែរ។ ប៉ុន្តែពួកគាត់ សំណូមពរសុំរដ្ឋាភិបាល អន្តរាគមន៍ទៅក្រុមហ៊ុន ដើម្បីផ្តល់តម្លៃដីសមរម្យ ដែលពួកគាត់ អាចមានលទ្ធភាពរកទិញដីនោះក្បែរនោះ ធ្វើស្រែចម្ការចិញ្ចឹមជីវិតបានឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។