អ្នក​មាន​ជម្លោះដីធ្លី​ខេត្ត​ក្រចេះ​ប៉ះទង្គិច​មួយ​ប្រាវ មុន​មាន​កិច្ចសន្យា​ដោះស្រាយ​ពី​ក្រសួង​ដែនដី

0:00 / 0:00

ក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ ព្រម​ធ្វើ​លិខិតសន្យា​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន ប្រជាពលរដ្ឋ​មកពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់ពី​អ្នកភូមិ​ទាំងនោះ ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​មួយ ប្រាវ​នៅ​ពេល​អាជ្ញាធរ បាន​ព្យាយាម​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​តវ៉ា​នៅមុខ​ភូមិគ្រឹះ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ក្រសួង​ដែនដី​ពន្លឿន​ការ​ដោះស្រាយ​តាម ការសន្យា​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កើត​មាន​បាតុភាព​ផ្សេងៗ។

ការ​ប៉ះទង្គិច​ហិង្សា​រវាង​សមត្ថកិច្ច និង​ក្រុម​ពលរដ្ឋ​បាន​បណ្ដាល​ឲ្យ​មាន​ស្ត្រី​ពីរ​នាក់ ដួល​សន្លប់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​តុលា។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក ភិន ធា អះអាង​ថា មូលហេតុ​នៃ​ការ​ប៉ះទង្គិច​គ្នា​នោះ ដោយសារ​ពលរដ្ឋ​ប្រមាណ​ជិត​២​រយ​នាក់ នាំគ្នា ដើរ​ថ្មើរ​ជើង​ចេញពី​វត្ត​សាមគ្គីរង្សី ទៅ​តវ៉ា​សុំ​ដំណោះស្រាយ​ដីធ្លី នៅមុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ជាច្រើន​នាក់​រារាំង ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​បង្វែរ​អោយ​ពួកគាត់​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី​វិញ៖ «មានការ​រារាំង​ព្រោះ​សមត្ថកិច្ច​គាត់​ថា កុំ​ទៅ​មុខ​អី ព្រោះ​អី​មាន​ការចរចា​ដោះស្រាយ​ត្រឹម​ក្រសួង​ដែនដី ហើយ​ប្រជាពលរដ្ឋ​ចេះតែ​ចង់​ទៅ​ផ្ទះ​សម្ដេច។ ការ​រុញច្រាន​គ្នា​មួយ​ប្រាវ​នោះ​ក៏​មាន​សន្លប់​ពីរ​នាក់​តែ​មិន​អី​ទេ មួយស្របក់​គាត់​ដឹងខ្លួន​វិញ​ដោយសារ​គាត់​ខ្យល់​គ្មាន​កម្លាំង ហើយ​ហប់​ព្រោះ​មនុស្ស​ច្រើន និង​រុញ​គ្នា​ចុះឡើង»។

លោក ភិន ធា បន្ថែម​ថា ក្រោយ​ការ​តវ៉ា​និង​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នោះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​ហៅ​តំណាង​ពលរដ្ឋ​ទៅ​ជួប​ចរចា ហើយ​លោក ក៏​យល់ព្រម​ធ្វើ​លិខិត​សន្យា ចុះ​ពិនិត្យ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចាប់​ថ្ងៃ​ទី​២៥ ខែ​តុលា៖ «ខ្ញុំ​ជឿជាក់​លើ​ឯកឧត្ដម ជា សុផារ៉ា ព្រោះ​គាត់​ថា​មក​ផ្ទាល់ និង​បោះត្រា​គាត់​ទៀត។ ខ្ញុំ​សុំ​ទៅ​ឯកឧត្ដម សូម​ជួយ​ពន្លឿន និង​បញ្ជូន​ក្រុមការងារ​អោយ​ច្រើន​ទៅ​ដើម្បី​បាន​ដោះស្រាយ​លឿន និង​បាន​បង្កបង្កើនផល ព្រោះ​ឆ្នាំនេះ មិន​ទាន់​បាន​ដំឡូង​មួយ​គុម្ព​ទេ ដាច់​បាយ​មែនទែន​ហើយ»។

កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា មេដឹកនាំ​របប​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន បានសម្រេច​បង្កើត​ក្រុម ការងារ​ចម្រុះ​មួយ​មាន​សមាជិក​ចំនួន ២២​រូប​សម្រាប់​ទទួល និង​ដោះស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ មុខ​ភូមិគ្រឹះ​របស់​លោក​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ជិត​វិមាន​ឯករាជ នៅ​រាជធានី​ភ្នំពេញ និង​ស្ថិត​នៅ​ក្រុង តាខ្មៅ ខេត្ត​កណ្ដាល។

អភិបាល​សាលាក្រុង​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​អះអាង​ថា ពុំ​មាន​ការ​ប៉ះទង្គិច ឬ​រុញច្រាន​គ្នា នោះ​ទេ ពោល​គឺ​អាជ្ញាធរ​គ្រាន់តែ​ជម្រាប​ពួកគាត់​ថា ការ​ដោះស្រាយ​ស្ថិត​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី ៖ «ខ្ញុំ​គាត់​តែ​ដឹង​ថា ចប់​ហើយ​ដំណោះស្រាយ​នេះ​ប្រជាជន​គាត់​ទទួលយក​ហើយ។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​គាត់​ដោះ​ស្រាយ​ទាំង​ថ្ងៃត្រង់​រហូតដល់ ម៉ោង​២​ទើប​ចប់។ ខ្ញុំ​សូម​កែតម្រូវ​អូន​ឡើងវិញ ថា អត់​មាន​កម្លាំង​ណា​រុញច្រាន​គាត់​ទេ​ណា ហើយ​ទទួលយក​ព័ត៌មាន​នេះ​ខុស​ហើយ។ ខ្ញុំ​អ្នក​កាន់​កិច្ចការ​នេះ​អត់​មានរឿង​កើតឡើង​ទេ។ មាន​បង ប្អូន​យើង​សន្លប់​ដោយសារ​គាត់​ដើរ​អស់​កម្លាំង និង​សម្រាក​មិន​គ្រប់គ្រាន់ ហើយ​យើង​បាន​យក​ឡានពេទ្យ​ទៅ​សង្គ្រោះ​គាត់​បាន​ត្រឹមត្រូវ​អស់ហើយ»។

រីឯ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំងនោះ​បាន​ទទួល​ស្គាល់​ថា ពួកគាត់ បាន​ចូល​ទៅ​កាន់កាប់​ដី របស់​រដ្ឋ​ដែល​រដ្ឋ បាន​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ជូន ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ ដោយសារតែ​ពួកគាត់​ខ្វះ​ខាត​ដី ដូច្នេះ​ការ​ទាមទារ​របស់​ពួកគេ​មិន​ស្រប​តាម​ផ្លូវច្បាប់​ឡើយ។ ទោះយ៉ាងណា​ក្តី ក្រសួង​រៀបចំ​ដែនដី នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​កម្ម​ក្បាលដី​ឲ្យ​បាន​ច្បាស់លាស់​ពី​កន្លែង​រស់នៅ​អចិន្ត្រៃយ៍​របស់​ប្រជាពលរដ្ឋ ថា​តើ​គ្រួសារ​ណាខ្លះ ដែល​ខ្វះ​ដី​សម្រាប់​បង្កបង្កើនផល​ពិតប្រាកដ។ ទន្ទឹម​គ្នា​នេះ លោក សេង ឡូត បញ្ជាក់​ថា អាជ្ញាធរ​មិនទាន់​អាច​កំណត់​ពេលវេលា និង​កំណត់​ទីតាំង​ដី និង​ទំហំ​ដី​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ៖ «ពួកគាត់​មិន​បាន​ទាមទារ​ថា ដី​ដែល​ពួកគាត់​កាប់​ឆ្កាល​ពីមុន​ទីណា​ត្រូវ​ទៅ​យក​ទីនោះ​ទេ គឺ​គាត់​ឯកភាព​ទៅតាម​ការចាត់ចែង​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ រក​ទីតាំង​ណាមួយ​ប្រមូល​ផ្តុំគ្នា ហើយ​ចែក​ជូន​ពួកគាត់​ទៅតាម​ទំហំ​ដែល​សមស្រប សម្រាប់​ជូន​ពួកគាត់»។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មានការ​ព្រួយបារម្ភ​ព្រោះ​ការសន្យា​ដើម្បី​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅវិញ​នេះ​ច្រើនដង​ហើយ ប៉ុន្តែ​នៅ​មាន​ដំណោះស្រាយ​រហូត​ធ្វើ​ពួកគាត់​បាត់បង់​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង។ លោក​បន្ត​ថា ការ​សន្យា​លើក​នេះ ប្រសិន​បើ​ក្រសួង​រៀបចំ​ដែនដី ដោះស្រាយ​បាន​លទ្ធផល​ជា​បន្តបន្ទាប់​នោះ គឺជា​រឿង​ល្អ ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​តែ​មិន​មាន​លទ្ធផល ហើយ​ធ្វើ​អោយ​ពលរដ្ឋ​តវ៉ា​លើក​ក្រោយ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង៖ «បើ​សិន​ការសន្យា​នេះ​មិន​មាន​លទ្ធផល​ទេ យើង​បារម្ភ​ថា​ខ្លាច​ក្រែងលោ​ពួកគាត់​ត្រឡប់​មក​វិញ​ហើយ ការ​រង់ចាំ​របស់​គាត់​កាន់តែ​យូរ​នោះ អ៊ីចឹង​ទឹកចិត្ត ពួកគាត់​កាន់តែ​ពុះកញ្ជ្រោល អ៊ីចឹង​គាត់​ចង់​ទៅ​មុខ​ផ្ទះ​សម្រេច​នាយករដ្ឋមន្ត្រី​អី​គឺ​គាត់​នៅតែ​ពុះពារ​ទៅ វា​អាច​នឹង​មាន​អំពើ​ហិង្សា​កើតឡើង​ទៀត​ហើយ​សម្រាប់ ពួកគាត់។ យើង​ជា​សង្គម​ស៊ីវិល សុំ​ធ្វើ​យ៉ាង​ណា​អោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដោះស្រាយ​ជូន​ពួកគាត់​ទៅ»។

ប្រជាពលរដ្ឋ​សង្ឃឹមថា ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ត​ក្រចេះ នឹង​ដោះស្រាយ​តាម​ការសន្យា​ឲ្យ​បាន លឿន និង​យុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ពួកគាត់​ពិតជា​ខ្វះខាត​ដី​រស់នៅ​និង​បង្កបង្កើនផល។ ទន្ទឹមគ្នា​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិនបើ​អាជ្ញាធរ មាន​ចេតនា​ភូត​កុហក​ពួកគាត់​ដូច​លើក​មុន គឺ​ពួកគាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​នាំគ្នា​ឡើង​មក​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង​ភ្នំពេញ​ម្ដង​ទៀត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។