ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ស៊ើបអង្កេត​ផល​ប៉ះពាល់​ពី​ការ​កាត់​ដី​រដ្ឋ​ដោយ លោក ហ៊ុន សែន

0:00 / 0:00

ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​លើកឡើង​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឱ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​មុខរបរ និង​ធ្លាក់​ក្នុង​បំណុល​បំណុល​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ងាក​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ និង​ដកហូត​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ពុំ​បាន​បម្រើ​ផល​ប្រយោជន៍​ជាតិ​មក​វិញ។

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត​៤០​ឆ្នាំ​បាន​បន្សល់​កេរ្តិ៍ឈ្មោះ​មិនល្អ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​កាត់​ដី​បឹង​ធម្មជាតិ រួម​ទាំង​ដែន​ជម្រក​ព្រៃឈើ​ជាច្រើន​ហិកតារ​ទៅ​ឱ្យ​បុគ្គល​មាន​លុយ​មានអំណាច និង​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន និង​គណបក្ស​ប្រជាជន​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ រដ្ឋាភិបាល​កាត់​ដី​រដ្ឋ​ជាង​២​លាន (២.២៤៨.១៦៨) ហិកតារ ដែល​មាន​ចំនួន ៣១៣​កន្លែង នៅ​ទូទាំង​ប្រទេស ឬ​មាន​ទំហំ​ធំ​ជាង​ពីរ​ដង​នៃ​ផ្ទៃដី​ខេត្ត​រតនគីរី​ឱ្យទៅ​បុគ្គល​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​ដែល​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ចាប់ពី​ឆ្នាំ ១៩៩៣​មក។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ដដែល​ឱ្យ​ដឹង​ថា អ្នក​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​រួមមាន បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​ខ្មែរ​ទទួល​បាន​ដី​ជាង ១ លាន (១.០២៨.៣៩៥) ហិកតារ បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​ចិន​ទទួល​បាន​ដី​ជិត ៤​សែន (៣៨៤.៥៧០) ហិកតារ និង បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​វៀតណាម​ទទួល​បាន​ដី​ជិត ៤​សែន (៣៦២.៥១៥) ហិកតារ។

ក្នុង​ដើមឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏បាន​កាត់​ដី​រដ្ឋ​ជា​បន្តបន្ទាប់​ឱ្យ​សាច់ញាតិ និង​ក្រុម​គ្រួសារ និង​បក្ខពួក​របស់លោក​ផងដែរ​រួមមាន​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង ទទួលបាន​ដី​ជិត ១​ម៉ឺន (៩.៩៦៨) ហិកតារ និង​កាត់​ឱ្យ​កូនប្រុស​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកជំនួញ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ លោក លី យ៉ុងផាត់ គឺ​លោក លី ភូនរ៉ាត់ បាន​ទទួល​ដី​ជិត​ជាង​៦​ពាន់ (៦.២៣៤) ហិកតារ​ពី​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង។

ក្នុង​ឆ្នាំ​ដដែល​នេះ លោក ហ៊ុន សែន ក៏បាន​កាត់​ដី​ពី​ឧទ្យានជាតិ​គិរីរម្យ​ដែល​មាន​ទំហំ​ជាង ២០០ (២២១,៩៤) ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​វ៉នម័រ (One More Ltd.) របស់ អ្នកស្រី ជឹង សុគន្ធាវី ដែល​ជា​កូនស្រី​របស់​អ្នកជំនួញ​មានទ្រព្យ​មហាសាល និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ អ្នកស្រី ជឹង សុភាព គឺជា​ភរិយា​របស់​លោក ឡាវ ម៉េងឃីន ជា​អ្នកជំនួញ​មានទ្រព្យ​វាល់​លាន​ដុល្លារ និង​ក៏​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​មិនមែន​ជា​លើកទីមួយ​ដែល លោក លី យ៉ុងផាត់ លោក គិត ម៉េង អ្នកស្រី ជឹង សុគន្ធា​វី និង​បុគ្គល​មួយ​ចំនួន​ទៀត​ទទួល​បាន​ដី ខណៈ​ដែល​កន្លងមក​ពួកគេ​ទទួល​បាន​ដី​រាប់ពាន់​ហិកតារ និង​មាន​ប្រវត្តិ​មិនល្អ​ក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ និង​ការ​បណ្ដេញ​ចេញ​ពលរដ្ឋ​ពី​លំនៅឋាន​ទាំង​បង្ខំ​ផង​ដែរ។

land.jpg
ពលរដ្ឋ​ពី ៧​ភូមិ ក្នុង​ឃុំបុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាំគ្នា​ចេញ​ទាមទារ​អាជ្ញាធរ​ឱ្យ​គម្រោង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ភូមិ និង​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​បច្ចុប្បន្ន។ រូប៖ សមាគម​ការពារ​សិទ្ធិមនុស្ស ADHOC

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​បណ្ដេញចេញ​ដោយ​ក្រុមហ៊ុន​ស្ករអំពៅ​ភ្នំពេញ​របស់​លោក លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន អាយុ ៦៧​ឆ្នាំ លើកឡើង​ថា គ្រួសារ​លោកស្រី​បាន​បាត់បង់​ដី​ផ្ទះ ដីចម្ការ និង​ដំណាំ ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់។ លោកស្រី ឃន ខន បន្ត​ថា ដោយសារតែ​ការ​បណ្ដេញ​ចេញពី​សំណាក់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​ជួបប្រទះ​លំបាក​ជា​រៀងរាល់ថ្ងៃ​ដោយសារតែ​ពុំ​មាន​ដី​ធ្វើស្រែ​ចម្ការ ហើយ​កូនៗ​ទាំង​៧​នាក់​បាន​ឈប់​រៀន ព្រោះ​មិន​មាន​លទ្ធភាព​រៀន​បន្ត។

លោកស្រី ឃន ខន៖ «រដ្ឋាភិបាល​យើង​ដែល​ឡើង​ថ្មី​នេះ ជួយ​ដោះស្រាយ​ដល់​ប្រជា​សហគមន៍​យើងខ្ញុំ​ឱ្យ​ឆាប់​រហ័ស​ផង ពី​ព្រោះ​កំពុង​វេទនា​ណាស់ ហើយ​អាណិត​ដល់​ពួក​ខ្ញុំ​ផង​ដែល​ជា​ប្រជាជន ប្រជាពលរដ្ឋ​ក្រីក្រ ឱ្យ​អាណិត​ផង»។

ជនជាតិ​ដើម​ភាគតិច​ពូនង និង​ជា​អ្នកសម្របសម្រួល​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភារម្យ លើកឡើង​ថា រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លង​ទៅ បាន​ប៉ះពាល់​ដល់​ដីស្រែ ចម្ការ ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល និង​ប៉ះពាល់​ដល់​ការប្រតិបត្តិ​វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ដោយសារតែ​ទីតាំង​ពួកគាត់​គោរព​បូជា​ត្រូវ​បាន​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ឈូស​ឆាយ​កម្ទេច​អស់។

ក្រៅពី​ប៉ះពាល់​ដីស្រែ ចម្ការ និង​ប្រពៃណី​ហើយ លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ទៀត​រង​ការ​គំរាមកំហែង និង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដីធ្លី ហើយ​ខ្លះទៀត​ជាប់​បណ្ដឹង​នៅ​តុលាការ​ក៏​មាន។

លោកស្រី ភ្លឹក ភារម្យ ស្នើ​ដល់​រដ្ឋាភិបាល​ថ្មី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគតិច ដោយសារតែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច ដល់​ជនជាតិ​ដើម​ភាគតិច។

លោកស្រី ភ្លឹក ភារម្យ៖ «អ៊ីចឹង​សូម​ឱ្យ​រាជរដ្ឋាភិបាល​គោរព​គោលការណ៍​ជូន​ជនជាតិ​ដើម​ភាគតិច​ផង​ដោយសារតែ​យើង​ក៏​មាន​គោលនយោបាយ យើង​ក៏​មាន​ច្បាប់ទម្លាប់ យើង​ក៏​មាន​ជំនឿ​សាសនា​ទៅលើ​ព្រៃ​អារក្ស​ទាំងអស់​ហ្នឹង យើង​ក៏​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ប្រសិនបើ​រដ្ឋាភិបាល​អភិវឌ្ឍ​គួរតែ​ជូនដំណឹង​ជនជាតិ​ដើម​ភាគតិច​ជាមុន»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រកឃើញ​ថា ចាប់ពី​ខែមីនា ឆ្នាំ​២០២០ ដល់​ខែសីហា ឆ្នាំ​២០២៣ មាន​ករណី​បណ្ដេញចេញ​ដោយ​បង្ខំ​សរុប​ចំនួន ២២​ករណី​ស្មើនឹង​ពលរដ្ឋ​ជាង​១ ម៉ឺន ៣ ពាន់​(១៣.១១១) គ្រួសារ​ត្រូវ​បាន​បណ្ដេញចេញ និង​កំពុង​ឈម​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ខេត្ត ក្រុង រាជធានី​ចំនួន​១១​។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នា​ពេល​ថ្មី​នេះ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​កម្លាំង ការ​គំរាមកំហែង ឬ​ការ​បំភិតបំភ័យ ការ​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង និង​ដីស្រែ​ចម្ការ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ពី​មន្ត្រី ឬ​ក្រុមហ៊ុន​ឯកជន ព្រមទាំង​មិន​ផ្ដល់​សំណង​សមរម្យ និង​ខ្វះ​ការពិគ្រោះ​យោបល់​ជាទូទៅ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នកការពារ​បរិស្ថាន លោក សាន់ ម៉ាឡា លើកឡើង​ថា រដ្ឋាភិបាល​ចាស់​បាន​បរាជ័យ​ក្នុង​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​មិនបាន​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​ទេ​។ លោក​ថា ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ទទួល​បាន​ដី​រដ្ឋ​មិនបាន​អភិវឌ្ឍ​ដូច​គម្រោង​ដែល​ពួកគេ​លើកឡើង​នោះ​ឡើយ។

លោក សាន់ ម៉ាឡា៖ «ហើយ​យើង​ឃើញថា​ក្រុមហ៊ុន​ខ្លះ​ទៀត​សោត មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​គោរព​ទៅតាម​អ្វី​ដែល​សន្យា​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ គេ​គ្រាន់តែ​ធ្វើ​សកម្មភាព​កាប់ឆ្ការ​ដើម្បី​ប្រមូល​យក​ឈើ​ប្រណីត​ពី​តំបន់​ដែល​ខ្លួន​ទទួល​បាន​ដី​សម្បទាន​តែប៉ុណ្ណោះ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន បាន​ទេ​នៅ​ថ្ងៃទី២៧ ខែ​ធ្នូ។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត កត់សម្គាល់​ឃើញថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ខុសពី​ស្មារតី​នៃ​ច្បាប់​ដូចជា​កាត់​ដី​ជា​ចំណែកៗ ដល់​បុគ្គល ឬ​ក្រុមហ៊ុន​តិច​ជាង ១​ម៉ឺន​ហិកតារ និង​មាន​ច្រើន​កន្លែង។ លោក វណ្ណ សុផាត ថា រដ្ឋាភិបាល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន ក៏​មិនបាន​បម្លែង​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ​នោះ​ទេ។

លោក វណ្ណ សុផាត៖ «ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​ការវាយតម្លៃ​ណាមួយ​ឱ្យ​បាន​ជាក់លាក់​ថា ដី​ដែល​ត្រូវ​បាន​ផ្ដល់​ជា​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ហ្នឹង ក្រុមហ៊ុន​សាជីវកម្ម​ទាំងឡាយ​ហ្នឹង មិន​មាន​ផលប្រយោជន៍​សាធារណៈ​តទៅទៀត​ទេ គឺ​អត់​មាន​តម្លាភាព​ទេ គឺ​មិន​មាន​ការវាយតម្លៃ​ដែល​ធ្វើ​ឱ្យ​ជា​ព័ត៌មាន​ទៅដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​ទេ»។

លោក វណ្ណ សុផាត បន្ត​ថា ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយមាន​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ។ លោក វណ្ណ សុផាត ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​សើរើ​រើ និង​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់។

មាត្រា ៥៣ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ចែងថា​សម្បទាន​ដី​សេដ្ឋកិច្ច មិន​ត្រូវ​មាន​រយៈពេល​លើស​ពី​៥០ ឆ្នាំ​ឡើយ​។ សម្បទាន​ដី​សេដ្ឋកិច្ច មាន​ទំហំ​ច្រើន​បំផុត​មិន​លើស​ពី​១​ម៉ឺន​ហិកតារ​។ បុគ្គល​ម្នាក់ អាច​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​កន្លែង ប៉ុន្តែ​ទំហំ​ផ្ទៃដី​សម្បទាន​សរុប​មិន​ត្រូវ​លើស​ពី​១​ម៉ឺន​ហិកតារ​ឡើយ​។ ត្រូវ​ហាមឃាត់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​កន្លែង​ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន​ប៉ុន្តែ​គ្រប់គ្រង ដោយ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដដែលៗ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​សម្បទា​ន​ដី​សេដ្ឋកិច្ច​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត សើរើ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើងវិញ និង​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ​ដោយសារ​ការ​រំលោភបំពាន​របស់​ក្រុមហ៊ុន និង​ក្រុម​អ្នកមាន​លុយ​មានអំណាច ដើម្បី​ពួកគេ​អាច​អាស្រ័យ​ផល​នៅ​លើ​ដី​មាន​ជម្លោះ និង​ចៀសវាង​នូវ​ការ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ដោយសារ​ការបាត់បង់​ដីធ្លី និង​មុខរបរ​បង្ក​បង្កើន​ផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។