ប្រពន្ធសកម្មជនការពារព្រៃឈើម្នាក់ជាជនជាតិដើមភាគតិចទំពូនអំពាវនាវឱ្យតុលាការខេត្តរតនគិរី ទម្លាក់បទចោទប្រកាន់មកលើលោក ឆន ផល្លា និងដោះលែងគាត់ឱ្យមានសេរីភាពវិញ។ លោកស្រីបញ្ជាក់ថា តុលាការគួរតែផ្តន្ទាទោសអ្នកដែលបំផ្លាញធនធានធម្មជាតិ មិនគួរដាក់ទោសទណ្ឌ និងធ្វើបាបមកលើប្តីរបស់លោកស្រី ដែលបានការពារប្រយោជន៍ជាតិនោះទេ។
ស្ត្រីជនជាតិដើមភាគតិចទំពូនរស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់បង្ហាញពីភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីសំណាក់អាជ្ញាធរមូលដ្ឋានខេត្តរតនគិរី មកលើប្តីរបស់លោកស្រី ដែលចេញមុខការពារព្រៃឈើ ប្តឹងក្រុមឈ្មួញ និងអាជ្ញាធរមួយចំនួន ទៅតុលាការជាច្រើនករណី។
ប្រពន្ធលោក ឆន ផល្លា គឺលោកស្រី ហាំ ស្លុង អះអាងថាប្តីរបស់លោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ហើយការចាប់ខ្លួននេះ គឺជារឿងយុត្តិធម៌និងធ្វើបាបគ្រួសារលោកស្រី។
លោកស្រីបន្ថែមថា លោកឆន ផល្លា ទើបតែមករស់នៅក្នុងភូមិជាថ្មីទៀត នៅអំឡុងខែមីនា ឆ្នាំ២០២១ ព្រោះជាច្រើនខែកន្លងទៅ លោកបានភៀសខ្លួនទៅរស់នៅខេត្តកំពង់ចាម ដោយសារអាជ្ញាធរមូលដ្ឋានខេត្តនេះ បានកៀរគរពលរដ្ឋជាច្រើននាក់ព្រួតគ្នាវាយលោក បង្ខំឱ្យដកពាក្យបណ្ដឹងដែលបណ្ដាលឱ្យបាក់ឆ្អឹងជំនីមួយ។ ស្ត្រីវ័យ ៣៧ ឆ្នាំរូបនេះត្អូញថា អាជ្ញាធរបានចាប់ខ្លួនប្តីរបស់លោកស្រីនឹងបង្កឱ្យប៉ះពាល់ជីវភាពគ្រួសារកាន់តែយ៉ាប់យ៉ឺនព្រោះគ្រួសារលោកស្រី ពឹងផ្អែកលើប្តីទាំងស្រុងជាពិសេសត្រូវចិញ្ចឹមកូនៗ ៣នាក់ ដែលកំពុងសិក្សា៖ «កូនតូចៗ អត់មានពីណារកចិញ្ចឹមខ្ញុំ បងអើយខ្ញុំលំបាកវេទនាមែនទែន។ តាំងពីឆ្នាំទៅ ខ្ញុំធ្វើអីក៏អត់បានដែរ ខ្ញុំអត់បានរកស៊ីអីទេបង។ ក្រកម្សត់មែនទែនឥឡូវ ខ្ញុំសូមសំណូមពរឱ្យតុលាការគាត់ជួយដោះលែងប្តីខ្ញុំ»។
លោកស្រី ហាំ ស្លុង បន្ថែមថា ការចោទប្រកាន់របស់តុលាការថា ប្តីរបស់លោកស្រីកាប់ទន្ទ្រានព្រៃឈើ គឺជារឿងមិនត្រឹមត្រូវឡើយព្រោះចាប់តាំងពីរៀបការជាមួយលោកស្រីជិត ២០ឆ្នាំកន្លងទៅនេះ លោក ឆន ផល្លា មិនដែលកាប់រុករានដីព្រៃនោះទេ។លោកស្រីថា បច្ចុប្បន្នគ្រួសារលោកស្រី មានដី ១២ ហិកតារជាទ្រព្យកេរឪពុកម្តាយ សម្រាប់ធ្វើចម្ការចិញ្ចឹមជីវិត ហើយប្តីរបស់លោកស្រីដើរស៊ីឈ្នូលកិនស្រូវឱ្យអ្នកភូមិនៅមូលដ្ឋាន៖ «តាំងពីយកខ្ញុំគាត់អត់ចេះទៅកាប់ទន្ទ្រានដីព្រៃ សូម្បីតែកាំបិតគាត់អត់ចេះកាប់ឈើដែរ។ ខ្ញុំហ៊ានធានាបង ខ្ញុំហ៊ានស្បថ គាត់អត់ដែរធ្វើស្រែទេ។ ម៉ែឪខ្ញុំចែកឱ្យ ខ្ញុំចេះតែដាំទេបង»។
សកម្មជនការពារព្រៃឈើរូបនេះ ត្រូវបានអាជ្ញាធរខេត្តរតនគិរីចាប់ខ្លួនពីបទកាប់រុករានដីព្រៃដោយខុសច្បាប់ ហើយតុលាការ បានបញ្ជូនលោក ឆន ផល្លា ទៅឃុំខ្លួនក្នុងពន្ធនាគារ ខេត្តរតនគិរីជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា។
លោក ឆន ផល្លា វ័យជាង ៤០ ឆ្នាំ តែងតែរិះគន់អាជ្ញាធរពាក់ព័ន្ធករណីទំហំព្រៃឈើរាប់ពាន់ហិកតារឋិតនៅតំបន់ភ្នំអាត ភ្នំម៉ាហើល និងតំបន់បឹងយក្សម៉ាយ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ទទួលរងការកាប់ទន្ទ្រាន អាររំលំឈើ និងឈូសឆាយព្រៃ បែបអនាធិបតេយ្យគ្មានការទប់ស្កាត់។
លោកជាដើមបណ្តឹង ប្តឹងអាជ្ញាធរមូលដ្ឋានខេត្តរតនគិរីទៅតុលាការ ៧ សំណុំរឿងដែលភាគច្រើនជាសំណុំរឿងបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធពីបទអនុគ្រោះបទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។ លើសពីនេះ លោកធ្លាប់ត្រូវអភិបាលស្រុកលំផាត់លោក នូ ថេរ និងនគរបាលគំរាមចាប់ខ្លួនជាច្រើនលើក នៅពេលដែលលោកថ្លែងប្រាប់អ្នកសារព័ត៌មាន រិះគន់ធ្ងន់ៗពីការកាប់ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់និងការឈូសឆាយដីព្រៃអស់ជាច្រើនពាន់ហិកតារដោយគ្មានការអនុវត្តច្បាប់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យតុលាការខេត្តរតនគិរីលោក កែវ ពិសុទ្ធ បាននៅឡើយទេ នៅថ្ងៃ២១ ខែកញ្ញា ព្រោះទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ រីឯអ្នកនាំពាក្យសាលាខេត្តនេះលោក នាង សំអាត ក៏មិនអាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការចាប់ខ្លួន សកម្មជនព្រៃឈើរូបនេះគឺជារឿងអាម៉ាស់មួយរបស់អាជ្ញាធរខេត្តរតនគិរី។លោកសង្កត់ធ្ងន់ថា ព្រៃឈើជាច្រើនពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវគេកាប់បំផ្លាញ ធ្វើជាកម្មសិទ្ធិមិនឃើញអាជ្ញាធរចាប់ខ្លួនជនប្រព្រឹត្ត និងអាជ្ញាធរពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់បែរជាមកធ្វើទុក្ខបុកម្នេញលើពលរដ្ឋការពារព្រៃឈើទៅវិញ ផ្ទុយពីរដ្ឋធម្មនុញ្ញ៖ «ធ្វើឱ្យតម្លៃនៃការការពារបរិស្ថានធ្លាក់ចុះដោយសារការមិនចុះស៊ើបអង្កេតឱ្យបានត្រឹមត្រូវ។ ជាប្រវត្តិសាស្ត្របង្ហាញកូនចៅជំនាន់ក្រោយថា អ្នកការពារបរិស្ថានត្រូវបានឃុំខ្លូន។ ចំណែកជនល្មើសរាប់ពាន់នាក់ រស់នៅយ៉ាងសុខស្រួល ហើយទទួលបានផលប្រយោជន៍ពីដីរដ្ឋទៀត»។
កន្លងទៅ លោក ឆន ផល្លា និងអ្នកភូមិ ៣នាក់បានផ្តិតមេដៃដាក់បណ្ដឹងទៅតំណាងអយ្យការខេត្តរតនគិរីជាបន្ទាន់ ដើម្បីប្ដឹងមេភូមិ អនុភូមិ និងមេសហគមន៍ ពីបទញុះញង់ពលរដ្ឋឲ្យលក់ដីព្រៃអភិរក្ស ក្នុងដែនជម្រកសត្វព្រៃលំផាត់ខុសច្បាប់។ មកទល់ពេលនេះព្រៃសហគមន៍ ភូមិសមុទ្រក្រោម ឋិតក្នុងតំបន់ភ្នំអាត រហូតដល់ភ្នំហើល ដែលជាជម្រកសត្វព្រៃត្រូវគេកាប់ឈើមានតម្លៃអស់ទាំងស្រុង និងកំពុងសម្រុកកាប់ទន្ទ្រានយកដីលក់ជាបន្តបន្ទាប់។
កាលពីចុងខែកក្កដា ឆ្នាំ២០១៧ សមាជិកសហគមន៍ភូមិសមុទ្រក្រោមរកឃើញឯកសារទិញលក់ឈើមូលខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ចំណុចភ្នំអាត ដែលមេភូមិឈ្មោះ ខាំផ សាវ៉ាត និងប្រធានសហគមន៍លោក ថាន់ ម្ហើល បានផ្ដិតមេដៃ លើកិច្ចសន្យាលក់ឈើមូលរាប់រយម៉ែត្រគូប ក្នុងព្រៃនោះទៅឲ្យឈ្មួញជនជាតិវៀតណាម ក្នុងតម្លៃ ១ម៉ឺន៥ពាន់ដុល្លារ ដើម្បីដឹកលក់នៅប្រទេសវៀតណាមបំពានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។