សាក្សី ៣នាក់ បានប្ដឹងរកយុត្តិធម៌ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ករណីដែលសមត្ថកិច្ចវាយធ្វើទារុណកម្មប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់ក្នុងពេលជាប់ឃុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី១ មករា។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាអំពើមនុស្សឃាតឃោរឃៅ ដែលតុលាការត្រូវចាត់ការតាមច្បាប់។
សាក្សីទាំង ៣នាក់ បានបញ្ជូនពាក្យបណ្ដឹងរបស់ខ្លួនទៅដល់សាលាដំបូងខេត្តបន្ទាយមានជ័យរួចហើយ កាលពីរសៀលថ្ងៃទី១០ មករា។
តំណាងសាក្សីម្នាក់ក្នុងចំណោម ៣នាក់ ដែលបានប្ដឹងរកយុត្តិធម៌ គឺលោក អាន រួន ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១១ មករាថា ពួកលោកទាំង ៣នាក់ ក៏ជាជនរងគ្រោះ ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃុំខ្លួន និងវាយដំអស់ជាច្រើនថ្ងៃដែរ។ លោកបញ្ជាក់ថា មូលហេតុដែលពួកគាត់ប្ដឹង ដើម្បីទាមទារតុលាការឱ្យជួយរកយុត្តិធម៌ដល់ពួកគាត់ និងលោក ទុយ ស្រស់ ដែលសមត្ថកិច្ចវាយធ្វើទារុណកម្មរហូតដល់ស្លាប់នៅពេលឃុំខ្លួន និងដើម្បីឱ្យចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់៖ «ទី១ ឱ្យដកចេញពីតំណែង ទី២សុំឱ្យជាប់ពន្ធនាគារ កុំឱ្យវាចេះតែវាចេះតែធ្វើបាបពលរដ្ឋស្លូតត្រង់ ខ្ញុំឈឺចាប់ណាស់គេវាយធ្វើបាបខ្ញុំ សម្លុតសួរបែបយ៉ាងទាំងអស់។ ខ្ញុំសុំឱ្យដាក់គុកហើយឱ្យវាបង់ជំងឺចិត្តខ្ញុំទៀត ព្រោះគាត់មកទាត់ខ្ញុំ ហើយមកសម្លុតខ្ញុំថា ជាចោរលួចដីគេ»។
លោក ទុយ ស្រស់ តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ បានស្លាប់នៅថ្ងៃទី១ មករា គឺក្រោយពេលមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ កាលនោះ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់យកទៅសាកសួរ ដោយសារតែពួកគេបានតវ៉ារឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។
កាលពីថ្ងៃទី២៨ ខែធ្នូ នោះ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ពន្យល់អំពីមូលហេតុ ដែលមិនឱ្យពួកគាត់កាន់កាប់ដីទំនាស់ ប៉ុន្តែពេលនោះអាជ្ញាធរខេត្តមិនបានចេញជួបក្រុមអ្នកតវ៉ានោះឡើយ។ នៅថ្ងៃនោះ ពលរដ្ឋក៏មិនព្រមត្រឡប់ទៅផ្ទះវិញដែរ ដោយរង់ចាំក្បែររបងសាលាខេត្ត រហូតដល់ម៉ោង ២រសៀល ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និងបានចាប់មនុស្ស ៥នាក់យកទៅឃុំខ្លួន។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ មករា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ មករាថា មន្ត្រីអាវុធហត្ថមិនបានប្រើហិង្សាលើជនរងគ្រោះដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តក៏បានចេញសេចក្ដីថ្លែងការណ៍ជុំវិញបញ្ហានេះរួចហើយដែរ៖ «បើមានមែនសូមសាក្សីហ្នឹងគាត់ឱ្យប្ដឹងទៅតុលាការ យើងនឹងទទួលយក ព្រោះធម្មតាទេ អ្នកណាដែលប្រើហិង្សា ទោះបីសមត្ថកិច្ចក៏ដោយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ អីចឹងយើងចាំទទួលយកនៅពេលដែលមានពាក្យបណ្ដឹង។ បាទយើងហ្នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះយើងបានអប់រំណែនធ្វើអ្វីទៅតាមនីតិវិធីទាំងអស់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែងថា លោកបានត្រៀមមេធាវីការពារក្ដី ដល់សាក្សីលើសំណុំរឿងរួចហើយ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ លោកបញ្ជាក់ថា សំណុំរឿងនេះ បើតាមដូចការអះអាងរបស់សាក្សីមែន នោះគឺជាអំពើមនុស្សឃាតឃោរឃៅ ដែលជនប្រព្រឹត្តត្រូវទទួលទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដោយមិនអាចលើកលែងបានឡើយ៖ «អីចឹងហើយយើងអត់ចង់ឃើញអំពើបែបនេះកើតឡើងបន្តទៀត នៅក្នុងប្រព័ន្ធអនុវត្តរបស់កម្ពុជានោះទេ។ បើសិនជាសង្ស័យណាម្នាក់មានបទល្មើសណាមួយគួរតែបញ្ជូនទៅតាមសន្តិវិធី ដោយមិនត្រូវបើហិង្សាធ្វើទុក្ខបុកម្នេញទៅលើពួកគេទេ ហើយយើងចង់ឃើញអ្នកទាំងអស់នោះត្រូវគោរពទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើការងារតាមតួនាទីឱ្យបានត្រឹមត្រូវ ហើយយើងពង្រឹងយុត្តិធម៌សង្គមរបស់ប្រទេសយើងហ្នឹងឱ្យបានត្រឹមត្រូវផងដែរ»។
សាក្សីទាំងនោះបញ្ជាក់ថា សមត្ថកិច្ចបានវាយដំទាត់ធាក់ និងដាល់ទៅលើផ្ទៃមុខលោក ទុយ ស្រស់ សន្លប់បាត់ស្មារតីម្ដងហើយម្ដងទៀត តាំងពីថ្ងៃចាប់ខ្លួនដំបូង ដល់ថ្ងៃទី៣១ ខែធ្នូ រហូតដល់ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ទើបមន្ត្រីអាវុធហត្ថបញ្ជូនពួកលោក និងជនរងគ្រោះទៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោក សឹង សែនករុណា ថ្លែងថា អង្គការរបស់លោកបន្តតាមដានរឿងនេះទៀត យ៉ាងចិត្តទុកដាក់ ដើម្បីផ្ដល់យុត្តិធម៌ជនរងគ្រោះផង និងការពារកុំឱ្យជនល្មើស ចេះតែវាយដំប្រជាពលរដ្ឋដោយខុសច្បាប់តាមអំពើចិត្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។