ក្រុម​យុវជន​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​កាត់​ដី​បឹង​ធម្មជាតិ​នៅ​ខេត្ត​កណ្ដាល និង​តាកែវ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន

0:00 / 0:00

ក្រុម​យុវជន​រិះគន់​រដ្ឋាភិបាល​ដែល​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​ធម្មជាតិ​ចំនួន ៣​កន្លែង​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ប្រមាណ​ជិត ៦០០​ហិកតារ (៥៩៩) ឱ្យទៅ​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ( Cambodia Airport Investment Co.,Ltd. ) របស់​លោក ពុង ឃាវសែ ដើម្បី​ធ្វើ​ប្រលាន​យន្តហោះ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ដីធ្លី​យល់​ឃើញ​ថា គ្រប់​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​មិនបាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺជា​ការ​អភិវឌ្ឍ​ដែល​គ្មាន​តម្លាភាព និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់។

ក្រុម​យុវជន​សោកស្ដាយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន នៅ​តែ​បន្ត​លួច​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​ធម្មជាតិ​ឱ្យទៅ​អ្នកមាន​លុយ​មាន​អំណាច​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន និង​បំផ្លាញ​កន្លែង​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល។

ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ កាត់​ឆ្វៀល​ដី​ផ្ទៃ​បឹង​ចំនួន​៣ រួមមាន បឹង​ជើង​លោង បឹង​ទឹកជោរ និង​អាងទឹក​ព្រែក​រាំង​ដែល​មាន​ផ្ទៃដី​ទំហំ​ជិត ៦០០​ហិកតារ (៥៩៩ ) នៅក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ឱ្យ​ទៅ​ក្រុមហ៊ុន ខេ​មបូឌា អ៊ែរផត អ៊ិនវេសមិន ( Cambodia Airport Investment Co.,Ltd. ) របស់​លោក ពុង ឃាវសែ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។ ការ​កាត់​ឆ្វៀល​ដី​រដ្ឋ​ចំនួន​ជិត​៦០០​ហិកតារ​ឱ្យទៅ​ក្រុមហ៊ុន​លោក ពុង ឃាវសែ នេះ​គឺ​នៅក្នុង​ខេត្ត​កណ្ដាល​មាន ទំហំ ២៤០​ហិកតារ ស្ថិត​នៅក្នុង​ស្រុក​ស្អាង និង​សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ និង​ទំហំ​ជិត ៣៦០​ហិកតារ (៣៦៩) ស្ថិតនៅ​ស្រុក​បាទី ខេត្ត​តាកែវ។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សាងសង់​ផ្ទះ​ចំនួន ១​ពាន់​ខ្នង​ឱ្យទៅ​ពលរដ្ឋ​ដែល​ព្រម​ទទួល​យក​សំណង​ដែល​រស់នៅ​ជុំវិញ​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៦ ខែ​មករា ថា​ការ​អភិវឌ្ឍ​នៅ​តំបន់​ដី​បឹង​បែប​នេះ​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​បឹង​ទាំង​នោះ។ លោក​សង្កេត​ឃើញ​ថា គ្រប់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​គឺ​តែងតែ​ផ្ដល់​សិទ្ធិអំណាច​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច និង​ជា​ការ​បំផ្លាញ​ប្រភព​ទឹក​របស់​ពលរដ្ឋ។

លោក លី ចាន់ដារ៉ាវុត៖ «ជានិច្ចកាល​យើង​តែង​ឃើញ​គម្រោង​អភិវឌ្ឍន៍​មួយៗ​ហ្នឹង​ធ្វើឡើង​ដោយ​មាន​លក្ខណៈ​អាថ៌កំបាំង ទី​២​ប្រជាពលរដ្ឋ​កម្រ​បាន​អញ្ជើញ​មក​ពិគ្រោះ​យោបល់ និង​ធ្វើការ​សិក្សា​ពាក់ព័ន្ធ​ថា​តើ​គាត់​ចង់បាន​ការ​អភិវឌ្ឍ​បែប​ណា ហើយ​ការអភិវឌ្ឍន៍​ដែល​កើតឡើង​តើ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​គាត់​ដោយ​របៀប​ណា ហើយ​គាត់​យល់​ព្រម​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក៏​យើង​កម្រ​ឃើញ​ដែល មូលហេតុ​ទី​៣​យើង​ឃើញ​ថា ការ​គិតគូរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ហ្នឹង​ក៏​យើង​មិនឃើញ​មាន​ភាពស្មើគ្នា»។

ដោយឡែក​និស្សិត​សិក្សា​ផ្នែក​ច្បាប់ កញ្ញា ហេង គឹមសួរ ព្រួយ​បារម្ភ​ថា កាត់​ឆ្វៀល​ដី​បន្ថែម​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ព្រលាន​យន្តហោះ​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ដីធ្លី និង​រង​ការ​រំលោភ​សិទ្ធិ ពី​ព្រោះ​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​ភាគច្រើន​គឺ​មិន​ដែល​ទូទាត់​សំណង​សមរម្យ​ទៅ​ដល់​ពលរដ្ឋ​ឡើយ។

កញ្ញា ហេង គឹមសួរ៖ «រដ្ឋាភិបាល​គួរតែ​សួរ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​ជា​ម្ចាស់​នៃ​ធនធាន​ហ្នឹង​មិនមែន​ចង់​កាត់​អី​គឺ​កាត់​ស្រេច​តែ​ចិត្ត​ទេពី​ព្រោះ​គាត់​គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ ពួកគាត់​មាន​សិទ្ធិ​កាន់កាប់​នៅ​អ្វី​ដែល​ពួកគាត់​មាន​តាំងពី​ដូនតា​មក​ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ខ្វាយខ្វល់​បែរជា​ចង់​កាត់​ឱ្យ​អ្នកនេះ​ឱ្យ​អ្នកនោះ​ដូចជា​នំ​ខេ​ក​ហើយ​អត់​គោរព​ការសម្រេចចិត្ត​របស់​ពួកគាត់​គឺ​មានន័យថា ប្រទេស​យើង​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ»។

ជុំវិញ​បញ្ហា​នេះ​អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត មានប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ត្រួតពិនិត្យ និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ឆ្វៀល​ដី​តំបន់​ធម្មជាតិ​ណាមួយ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ហាក់​លាក់​ព័ត៌មាន​ពី​ពលរដ្ឋ​ពីព្រោះ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អ្វីមួយ​គឺ​មិនបាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។

លោក វណ្ណ សុផាត៖ «អ៊ីចឹង​ប្រសិនជា​បើ​មាន​បញ្ហា​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​អាហ្នឹង​ក៏​ប៉ះពាល់​ទៅដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​ពីព្រោះ​យើង​គិតថា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គឺ​វា​នៅក្នុង​ផ្ទះសម្បែង នៅ​ហ្នឹង​ដី​នៅ​ហ្នឹង​ខ្លួន​គាត់​ហ្នឹងហើយ​បើ​នៅ​ហ្នឹង​ខ្លួន​គាត់​ហើយ​បើ​ប៉ះពាល់​ដល់​ខ្លួន​គាត់​ដែល​ខ្លួន​គាត់​មិនអាច​ស្រូប​ទាញ​យក​ផលិតផល ឬ​អនុផល​ព្រៃឈើ​អី​ដែល​គាត់​អាស្រ័យ​ផល​ហ្នឹង​ទេ​សិទ្ធិ​របស់​ពួកគាត់​ត្រូវ​បាន​បាត់បង់​ហើយ​បើ​បាត់បង់​អាហ្នឹង​វា​ជា​ការ​រំលោភ​ហើយ»។

កាលពី​ថ្ងៃទី៩ ខែ​ធ្នូ ឆ្នាំ​២០២១ អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​ចុះ​ពិនិត្យ និង​ដាក់ឈ្មោះ​ឱ្យ​អាកាសយានដ្ឋាន​នោះ​ថា អាកាសយានដ្ឋាន អន្តរជាតិ​តេជោ​តាខ្មៅ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិន​វេស​មិន ( Cambodia Airport Investment Co.,Ltd. ) របស់​លោក ពុង ឃាវសែ។

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ជា ក្រុមហ៊ុន​រួម​ទុន​វិនិយោគ​ជាមួយ​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC)។

គម្រោង​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី​នៅក្នុង​ខេត្ត​កណ្ដាល​នោះ​ប៉ះពាល់​លើ​ដី​ស្រែ​របស់​ពលរដ្ឋ យ៉ាងហោចណាស់ ៤០០​គ្រួសារ ដែល​មក​ទល់​បច្ចុប្បន្ន​ពលរដ្ឋ​នៅតែ​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។