ស្ត្រីឈ្មោះ យ៉ុង រ៉ាន់ ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា ថ្លែងទាំងកំហឹងថា ដីរបស់គាត់ គាត់បានកាប់ឆ្ការ និងកាន់កាប់ដោយមានលិខិតស្នាមទទួលស្គាល់ពីការិយាល័យកសិកម្មស្រុកសម័យអតីតរដ្ឋកម្ពុជា ស្រាប់តែឥឡូវអាជ្ញាធរដែនដីបែរជាចោទប្រកាន់គាត់ថា ពួកគាត់បានរំលោភយកដីបរិស្ថានទៅវិញ ព្រមទាំងបណ្ដោយឲ្យក្រុមហ៊ុនមកឈូសឆាយរំលោភយកដោយពុំមានដំណោះស្រាយអ្វីទាំងអស់។
ស្ត្រីដដែលបានបន្តថា ៖ «ដីមេភូមិ មេឃុំ និងដីប៉ូលិសគេទុកឲ្យ គេយកតែដីរបស់ប្រជាពលរដ្ឋទាំងអស់។ ដីប៉ូលិស និងដីអាជ្ញាធរភូមិ ឃុំ ក្រុមហ៊ុនគិតលុយឲ្យ ឯដីប្រជាពលរដ្ឋគេយកទទេ គេមិនឲ្យលុយ។ អាងតែប្រជាពលរដ្ឋស្លូតត្រង់គ្មានកម្លាំង គ្មានអំណាច គេធ្វើបាបស្រេចចិត្ត...»។
អ្នកភូមិជាច្រើនដែលអះអាងថា បានឃើញព្រឹត្តិការណ៍នោះផ្ទាល់ភ្នែកបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ពីទីកើតហេតុថា កម្លាំងនៃអាជ្ញាធរមានសមត្ថកិច្ចដែលរួមមានប៉ូលិស ប៉េអឹម និងមន្ត្រីបរិស្ថានមួយក្រុមបានប្រើអំពើហិង្សា ដោយមានការចាប់បោកផ្ដួល និងរុញច្រានប្រជាពលរដ្ឋដែលបាននាំគ្នាឈរពាំងមិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើការឈូសឆាយដីធ្លីរបស់ពួកគាត់។ ក្នុងសកម្មភាពនេះ បានបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ មឿង ពៅ អាយុ ៥៥ឆ្នាំបានសន្លប់។
ស្ត្រីអ្នកភូមិឈ្មោះ ស៊ុំ វ៉ាន់ថា បញ្ជាក់ ៖ «ក្រុមហ៊ុនគេបានមកឈូសឆាយផ្ទាល់ ដីម្ខាងគេឈូសធ្វើផ្សារ ហើយដីខាងខ្ញុំនេះគេឈូសធ្វើកាស៊ីណូ។ ឥឡូវអាត្រាក់កំពុងឈូសពេញទឹកពេញដីហើយ។ប្រជាជនយំស្រែកពេញហ្នឹង ហើយមានខ្លះសន្លប់។ មានខាងបរិស្ថានគេចុះមក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរឃុំ និងស្រុកបានទេ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ។ ប៉ុន្តែថ្មីៗកន្លងទៅនេះ មេឃុំថ្មដា គឺលោក ព្រំ ង៉ុន ធ្លាប់បញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះបានកាប់ទន្ទ្រានព្រៃគ្រប់គ្រងដោយមន្ទីរបរិស្ថានដោយខុសច្បាប់។
លោក ព្រំ ង៉ុន បន្ថែមដូច្នេះ ៖ «វាអត់ស្របច្បាប់ទេដីហ្នឹង។ ធម្មតាកន្លែងហ្នឹងច្បាប់គេមិនទាន់ប្រគល់ឲ្យខាងណាកាន់កាប់នៅឡើយ។ ប្រជាពលរដ្ឋគាត់ចង់បានដីគាត់ចេះតែកាប់ឆ្ការទៅ អាជ្ញាធរហាមឃាត់ អ្នកខ្លះព្រមស្ដាប់ អ្នកខ្លះមិនស្ដាប់។ ដល់ពេលរដ្ឋត្រូវការតំបន់ដីនេះអភិវឌ្ឍន៍ ក៏កើតមានទំនាស់នេះឡើង»។
តំណាងក្រុមហ៊ុន អិមឌីអេស មួយរូបដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនមិនមានការពាក់ព័ន្ធក្នុងបញ្ហាជម្លោះដីធ្លីនេះទេ។
តំណាងរូបនេះបន្តថា ក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ដីតំបន់នេះពីរាជរដ្ឋាភិបាល ដោយមានមន្ទីរបរិស្ថានជាអ្នកផ្ដល់ដីមកឲ្យក្រុមហ៊ុន ហេតុនេះប្រសិនបើមានជម្លោះណាមួយកើតមាន គឺមានអាជ្ញាធរជំនាញជាអ្នកត្រូវចេញមុខដោះស្រាយ ៖ «ខាងក្រុមហ៊ុនមិនដែលបានទៅគំរាមកំហែងអីដល់ប្រជាពលរដ្ឋទេ។ បើមានការតវ៉ាអីពីប្រជាពលរដ្ឋ ខាងក្រុមហ៊ុនតែងទៅហៅស្ថាប័នបរិស្ថានឲ្យមកដោះស្រាយ»។
ទាក់ទងទៅនឹងប្រវត្តិជម្លោះដណ្ដើមដីនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា ៣១គ្រួសារ បានផ្ដិតមេដៃប្តឹងតវ៉ាមកសាលាខេត្តពោធិ៍សាត់ ដោយចោទប្រកាន់មន្ត្រីសមត្ថកិច្ចចម្រុះដែលមានកងរាជអាវុធហត្ថខេត្ត នគរបាល វរៈ ៨២៥ ការពារព្រំដែន មន្ត្រីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរភូមិឃុំ បានឃុបឃិតគ្នារំលោភយកដីធ្លីរបស់ពួកគាត់ប្រគល់ទៅឲ្យក្រុមហ៊ុនអិមឌីអេស៕