ក្រុមហ៊ុន​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​ក្នុង​រឿង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

គ្រួសារ​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​បាញ់​ដោយ​កាំភ្លើង និង​វាយ​ដណ្ដើម​ដី នៅ​ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ថា ក្រុមហ៊ុន​សាណាន (Sanan) បាន​បំពាន​ដី​អ្នក​ស្រុក និង​ប្រើ​ហិង្សា​ដោយ​អាវុធ​មក​លើ​ពលរដ្ឋ ២​នាក់​បង​ប្អូន​បង្កើត​ជា​ម្ចាស់​ស្រែ។

អ្នកស្រី ជ័យ ផល្លា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា ប្ដី​គាត់​ឈ្មោះ ជុំ សុន អាយុ ៣៩​ឆ្នាំ និង​បង​ប្រុស​ឈ្មោះ ជុំ សន អាយុ​ជាង ៤០​ឆ្នាំ នៅ​ម៉ោង​ជាង ៩​ព្រឹក ថ្ងៃ​៣០ មិថុនា បាន​ទៅ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​សាណាន កុំ​ឲ្យ​ឈូស​ចូល​ដី​ស្រែ​គាត់ ក៏​ត្រូវ​អ្នក​ស្លៀកពាក់​យោធា​បាញ់​ឲ្យ​របួស និង​វាយ​ក្បាល​ប្ដី​គាត់ និង​បង​ថ្លៃ​គាត់​ដោយ​ដំបង បណ្ដាល​ឲ្យ​របួស​ទាំង ២​នាក់​បង​ប្អូន។

មេឃុំ​តាំងសំរោង លោក គង់ សឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ប្រគល់​ដី​ប្រមាណ ៩០០​ហិកតារ​នៅ​ឃុំ​ក្រាំងដីវ៉ាយ ឲ្យ​ក្រុមហ៊ុន​សាណាន ធ្វើការ​អភិវឌ្ឍ​តាំង​ពី​ឆ្នាំ​២០០៨​មក។ ក្រោយ​មក​អ្នក​ភូមិ​កកោះ ចំនួន ៣៦​គ្រួសារ ត្រូវ​កាត់​ពី​ឃុំ​ក្រាំងដីវ៉ាយ មក​ឲ្យ​ពលរដ្ឋ​ឃុំ​តាំងសំរោង តែ​ដី​ស្រែ​គាត់​នៅ​ឃុំ​ក្រាំងដីវ៉ាយ ដដែល​ទេ។ នៅ​ពេល​ដែល​ក្រុមហ៊ុន​សាណាន ប្រើ​គ្រឿងចក្រ​ចូល​ឈូស​ដី អ្នក​ភូមិ​លើក​គ្នា​ទៅ​ការពារ​ដី ស្រាប់​តែ​ខាង​ក្រុមហ៊ុន​សាណាន ប្រើ​អាវុធ​ និង​ដំបង បាញ់​និង​វាយ​បណ្ណាល័យ​ឲ្យ​អ្នក​ភូមិ​របួស​ដៃ​ឆ្វេង​ម្នាក់ និង​វាយ​ដំ​បន្ថែម​ឲ្យ​របួស​ម្នាក់​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន​សាណាន ជម្រាប​សួរ​ព័ត៌មាន​បាន​ទេ។ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ កំពុង​យក​ចិត្ត​ទុក​ដាក់​ជួយ​ជន​រងគ្រោះ៕