ក្រុមអង្គការអភិរក្សបរិស្ថាន និងការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា បានឱ្យដឹងថា រដ្ឋាភិបាលឡាវ បានផ្ដល់សញ្ញាអនុញ្ញាតទៅក្រុមហ៊ុនថៃ ឱ្យចាប់ផ្ដើមដំណើរសាងសង់ទំនប់នេះឡើងវិញ ដោយគូសបញ្ជាក់ថា ដំណើរការនៃសេចក្ដីសម្រេចរបស់គណៈកម្មការទន្លេមេគង្គ (MRC) បានបញ្ចប់សព្វគ្រប់អស់ហើយ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ឡាវបានសន្យាថា នឹងផលិតភ្លើងអគ្គិសនីសរុប ១,២៥០ម៉េហ្កាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ទៅប្រទេសថៃ វៀតណាម និងកម្ពុជា នៅឆ្នាំ២០១៥។
ទំនប់វារីអគ្គិសនី «សាយ៉ាបូរី» ដែលមានទឹកប្រាក់វិនិយោគចំនួន ៣,៥០០លានដុល្លារ គឺស្ថិតនៅក្នុងចំណោមគម្រោងទំនប់ចំនួន ១១កន្លែងរបស់រដ្ឋាភិបាលឡាវ។
ការសិក្សារបស់ក្រុមអ្នកបរិស្ថានបានបង្ហាញថា ទំនប់នេះនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ និងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ មិនអាចស្ដារវិញបានដល់ពលរដ្ឋចំនួន ៦០លាននាក់នៃបណ្ដាប្រទេសទន្លេមេគង្គក្នុងតំបន់ខ្សែទឹកខាងក្រោម ដែលរួមមាន ថៃ វៀតណាម និងកម្ពុជា៕