រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានប្រសូតជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣។ ច្បាប់កំពូលមួយនេះ គឺជាសមិទ្ធផលដ៏ចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ដែលបិទបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា អស់រយៈពេលជាង ២ទសវត្សរ៍។ តើរដ្ឋធម្មនុញ្ញកម្ពុជានៅរក្សាគុណតម្លៃ និងអានុភាពរបស់ខ្លួនក្នុងនាមជាច្បាប់កំពូលរបស់ជាតិដែរឬទេ?
រដ្ឋធម្មនុញ្ញកម្ពុជាមានអាយុកាល ៣០ឆ្នាំគត់ គិតត្រឹមឆ្នាំ២០២៣ នេះ។ ច្បាប់កំពូលមួយនេះបានឆ្លងកាត់ការកែប្រែ ឬវិសោធនកម្មចំនួន ១០លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួន១។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាសមាជិកគណៈ អចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ក្នុងទិវារំលឹកខួប ៣០ ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី៦ តុលា ២០២៣ ថា ការសើរើរដ្ឋធម្មនុញ្ញចំនួន ១១ លើកកន្លងទៅនោះ គឺដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ និងធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
លោក អ៊ឹម ឈុនលឹម៖ «ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជាកោះសន្តិភាពឡើងវិញ ពេញបរិបូរ នៅក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឆាប់រហ័សប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាព ស្មើសិទ្ធិលើឆាកអន្តរជាតិ»។
សមិទ្ធផលដែលលោក អ៊ឹម ឈុនលឹម លើកឡើងនេះ ហាក់ដូចជាសម្រាប់តែគណបក្សប្រជាជនកម្ពុជារបស់លោកប៉ុណ្ណោះ មិនមែនសម្រាប់ប្រជាជាតិខ្មែរទាំងមូលនោះទេ។ ឆ្លងកាត់ការកែប្រែ ឬសើរើចំនួន ១១ លើកនេះ រដ្ឋធម្មនុញ្ញកម្ពុជាបានបាត់បង់អានុភាពរបស់ខ្លួន ហើយបន្តិចម្ដងៗត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ជាឧបករណ៍បម្រើនយោបាយផ្ទាល់ខ្លួនទៅវិញ។
អ្នកជំនាញផ្នែកច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការកែរដ្ឋធម្មនុញ្ញញឹកញាប់ត្រង់ចំណុចដែលមិនចាំបាច់ បង្ហាញពីអស្ថិរភាពនយោបាយ និងការខ្វះទំនុកចិត្តលើខ្លួនឯងនៃអ្នកដឹកនាំប្រទេស។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «អស្ថិរភាពនយោបាយ ទីពីរអសមត្ថភាពមេដឹកនាំ អត់ចេះដឹកនាំប្រទេសដើរតាមគន្លងរដ្ឋធម្មនុញ្ញ ហើយទុករដ្ឋធម្មនុញ្ញជាឧបសគ្គទីវិញ បានចេះតែកែ»។
គ្មានអាណត្តិណាមួយដែលថា លោក ហ៊ុន សែន មិនកែ ឬសើរើរដ្ឋធម្មនុញ្ញនោះទេ។ ចាប់ពីអាណត្តិទី២ មក លោកកែរដ្ឋធម្មនុញ្ញចន្លោះពី ២ ទៅ ៤ ដងក្នុងមួយអាណត្តិ។
ការសើរើរដ្ឋធម្មនុញ្ញទាំង១១ លើកនោះ រួមមានវិសោធនកម្មលើកទី១ ឆ្នាំ ១៩៩៤ ឆ្នាំ ១៩៩៩ ឆ្នាំ ២០០១ ការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ ២០០៤ វិសោធនកម្មឆ្នាំ ២០០៥ ឆ្នាំ ២០០៦ ឆ្នាំ ២០០៨ ឆ្នាំ ២០១៤ ឆ្នាំ ២០១៨ ឆ្នាំ ២០២១ និងវិសោធនកម្មឆ្នាំ២០២២។
នេះជាចំនួនដ៏ច្រើន បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក ដែលមានចំនួនប្រជាជនច្រើនជាងកម្ពុជាជិត ២០ ដង និងផ្ទៃដីធំជាងកម្ពុជាប្រមាណ ៥០ ដង។ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលមានអាយុកាល ២៣៥ ឆ្នាំនោះ ត្រូវបានកែប្រែចំនួន ២៧ លើកប៉ុណ្ណោះ។ គិតជាមធ្យម ច្បាប់កំពូលរបស់សហរដ្ឋអាមេរិកត្រូវបានកែប្រែក្នុងរយៈពេលជិត ១០ ឆ្នាំម្ដង ខណៈច្បាប់កំពូលកម្ពុជាវិញត្រូវបានកែប្រែក្នុងរយៈពេលជាង ២ឆ្នាំម្ដង។
ការសើរើ ឬកែប្រែរដ្ឋធម្មនុញ្ញពេលខ្លះ មានលក្ខណៈអាក្រក់បំផុត និងធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាឧទាហរណ៍ ការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ ២០០៤ ដែលតម្រូវឱ្យរដ្ឋសភាផ្លាស់ប្ដូរពីការបោះឆ្នោតបង្កើតរដ្ឋសភាមុន ទើបបោះឆ្នោតបង្កើតរដ្ឋាភិបាលជាក្រោយ ទៅជាបោះឆ្នោតបង្កើតរដ្ឋសភា និងបង្កើតរដ្ឋាភិបាលក្នុងពេលតែមួយ ឬហៅថា «ការបោះឆ្នោតជាកញ្ចប់»។ លោក ហ៊ុន សែន ប្រើអំណាចបង្ខំធ្វើច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ ២០០៤ នោះ ដោយសារលោកបារម្ភខ្លាចសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលនោះជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានរដ្ឋសភា ហើយនិងលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា មិនព្រមបោះឆ្នោតឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។ អ្នកនយោបាយបក្សប្រឆាំង និងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយចំនួន ក្នុងនោះរួមទាំង បណ្ឌិត សុខ ទូច បច្ចុប្បន្នជាប្រធានរាជ្យបណ្ឌិតសភាកម្ពុជាផងនោះ ធ្លាប់បានហៅច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ ២០០៤ នេះ ជា «រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ទៀតផង។
ការកែរដ្ឋធម្មនុញ្ញពេលខ្លះទៀត ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមវិស័យនយោបាយ ការបញ្ចេញមតិ និងធ្វើឱ្យកម្ពុជារអិលធ្លាក់ចូលកាន់តែជ្រៅក្នុងប្រព័ន្ធដឹកនាំបែបផ្ដាច់ការ។ ជាឧទាហរណ៍ ការកែរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៨ ដើម្បីកំណត់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត ហើយបទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ត្រូវកំណត់ក្នុងច្បាប់។ លោក ហ៊ុន សែន បានបញ្ជាឱ្យកែច្បាប់បោះឆ្នោតយ៉ាងតក់ក្រហល់រយៈពេលមិនដល់មួយខែផងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីព្យាយាមបញ្ចប់ជីវិតនយោបាយរបស់អ្នកនយោបាយបក្សប្រឆាំង។ ជាលទ្ធផល ស្ថាប័នរៀបចំការបោះឆ្នោតដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន បានសម្រេចលុបឈ្មោះ លោក សម រង្ស៊ី និងមនុស្សចំនួន ១៦ នាក់ផ្សេងទៀតចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី ២០ ទៅ ២៥ ឆ្នាំ ហើយពិន័យជាប្រាក់ពី ១០ លានទៅ ២០ លានរៀលថែមទៀតផង ដោយចោទប្រកាន់ពួកគេថា បាន «ធ្វើសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត»។ ជាមួយអង្គហេតុដដែលនេះ អាជ្ញាធរបានចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនជិត ១០ នាក់ទៀត ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មានម្ដងនោះ ការកែរដ្ឋធម្មនុញ្ញ កើតឡើងដោយសារកំហឹងទោសៈរបស់លោក ហ៊ុន សែន ដែលជារឿងគ្មានប្រយោជន៍អ្វីបន្តិចសោះសម្រាប់ជាតិខ្មែរ។ នោះគឺ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០២១ ដែលលោក ហ៊ុន សែន ធ្វើដើម្បីផ្ចាញ់ផ្ចាលលោក សម រង្ស៊ី។ កាលនោះ លោក ហ៊ុន សែន បានខឹងសម្បារនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ដែលបានចែករំលែកអត្ថបទព័ត៌មានមួយដែលសរសេរថា លោកបានទិញសញ្ជាតិស៊ីប (Cyprus)។ លោក ហ៊ុន សែន បានបញ្ជាកូនចៅក្រោមបង្គាប់របស់លោកឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
លោក ហ៊ុន សែន៖ «លេងកុំខឹង ខឹងកុំលេង ព្រោះទ្វារបានបិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងស្វែងរកតំណែងកំពូលទាំងបីពិសេសតំណែងនាយករដ្ឋមន្ត្រី ត្រូវបានបិទជាស្ថាពរដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ លោកឯងរង់ចាំជាតិក្រោយអ្នកឯងក៏មិនអាចរកពីរភាគបីបានដែរ»។
សម្រាប់លោក សម រង្ស៊ី វិញ ការកែរដ្ឋធម្មនុញ្ញសំដៅលើរូបលោកបែបនេះ គឺជារឿង «អត់ប្រយោជន៍»។ លោកបានជំរុញឱ្យលោក ហ៊ុន សែន កែរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ហើយកំណត់ឱ្យនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញចូលនិវត្តន៍ត្រឹមអាយុ ៧០ឆ្នាំវិញ។
លោក សម រង្ស៊ី៖ «ខ្ញុំជំរុញឲ្យច្បាប់កំណត់អាយុ៧០ឆ្នាំឡើងទៅ ខ្ញុំអាយុ៧២ហើយ ខ្ញុំអត់មានឱកាសឬក៏អត់មានសិទ្ធិអីទៅកាន់តំណែងអីទេ ដូច្នេះកុំឲ្យលោក ហ៊ុន សែន ខ្វល់អ៊ីចឹងបានខ្ញុំនិយាយថា បើត្រូវសាច់រឿងខ្ញុំទៅធ្វើអីក៏ខ្ញុំធ្វើដែរឲ្យតែជាតិយើងរីកចម្រើន។ ប៉ុន្តែច្បាប់ហ្នឹងវាអត់ត្រូវសាច់រឿងទាល់តែសោះ»។
លោក ហ៊ុន សែន មិនហ៊ានកែរដ្ឋធម្មនុញ្ញត្រង់ចំណុចដែលលោក សម រង្ស៊ី បានជំរុញនេះឡើយ។
ចំណែកការកែរដ្ឋធម្មនុញ្ញលើកចុងក្រោយកាលពីឆ្នាំ ២០២២ ឯណេះវិញ វិសោធនកម្មនេះ គឺជាការកាត់បន្ថយអំណាចរដ្ឋសភាថែមមួយកម្រិតទៀត។ វិសោធនកម្មមួយនេះបើកផ្លូវឱ្យគណបក្សឈ្នះឆ្នោតអាចបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីទៅព្រះមហាក្សត្រដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងថ្នាក់ដឹកនាំរដ្ឋសភា គឺប្រធាន និងអនុប្រធានរដ្ឋសភាទាំងពីរនោះទេ។ ការអនុវត្តជាក់ស្ដែង លោក ហ៊ុន សែន បានបញ្ជូនឈ្មោះកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៅព្រះមហាក្សត្រឱ្យចាត់តាំងជានាយករដ្ឋមន្ត្រីរួចហើយ ទើបបញ្ជូនមករដ្ឋសភាដើម្បីបោះឆ្នោតបង្គ្រប់កិច្ចជាក្រោយ។
អ្នកជំនាញផ្នែកច្បាប់បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា នេះជាការដើរផ្លូវកាត់ ហើយដកអំណាចរបស់ថ្នាក់ដឹកនាំរដ្ឋសភា។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ម៉េចបានគេឱ្យឆ្លងកាត់រដ្ឋសភា គឺគេឱ្យរដ្ឋសភាហ្នឹងពិនិត្យសិន គឺអំណាចអធិបតេយ្យរបស់រដ្ឋសភា តាមពិតទៅគឺអំណាចអធិបតេយ្យហ្នឹងរបស់រាស្ត្រទេ ដើម្បីគេពិនិត្យមើលឱ្យបានត្រឹមត្រូវ ថាគួរឬមិនគួរ។ ហើយយកផ្លូវកាត់ហ្នឹង អត់បានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ គឺអំណាចសភាហ្នឹង អំណាចអធិបតេយ្យខ្ពស់ជាងអំណាចរដ្ឋាភិបាល»។
ការសើរើ ឬកែប្រែរដ្ឋធម្មនុញ្ញ១១ លើកកន្លងទៅនេះ លើកណាក៏ដូចលើកណាដែរ រដ្ឋាភិបាលលើកហេតុផលថា ដើម្បីធានាដល់ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ មិនឱ្យមានការជាប់គាំងនៅគ្រប់កាលៈទេសៈ។ តំណាងរដ្ឋាភិបាលតែងចេញបកស្រាយថា ការកែច្បាប់កំពូលមួយនេះធ្វើឡើងស្របទៅតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ជាការពិត ការកែរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសាមកនេះមិនខុសទេចំពោះទម្រង់ ឬនីតិវិធី។ ប៉ុន្តែអ្វីដែលមានបញ្ហា គឺត្រង់ខ្លឹមសារ និងស្មារតី ដែលមិនមែនជាការសម្ដែងឆន្ទៈរបស់ប្រជាជាតិខ្មែរនោះឡើយ ពោលគឺធ្វើឡើងតាមបញ្ជាពីលោក ហ៊ុន សែន ដើម្បីប្រយោជន៍អំណាច និងកំហឹងរបស់លោកទៅវិញ។
ងាកទៅសហរដ្ឋអាមេរិកបន្តិចវិញ ការកែប្រែរដ្ឋធម្មនុញ្ញចំនួន២៧ លើកកន្លងទៅនោះ មិនមែនជាការពង្រឹងអំណាចសម្រាប់ក្រុមណា ឬបុគ្គលណានោះទេ។ ការកែច្បាប់កំពូលរបស់សហរដ្ឋអាមេរិក ផ្ដោតជាសំខាន់ទៅលើការការពារសិទ្ធិរបស់មនុស្សគ្រប់រូប និងធានាមិនឱ្យមានការប្រើអំណាចដោយបំពានពីសំណាក់រដ្ឋាភិបាល។ ជាឧទាហរណ៍ វិសោធនកម្មលើកទី ១ ធានាការពារសិទ្ធិសេរីភាពបញ្ចេញមតិ សារព័ត៌មាន និងសិទ្ធិសេរីភាពផ្នែកជំនឿសាសនា វិសោធនកម្មលើកទី ៥ ហាមឃាត់ការរំលោភបំពានរបស់រដ្ឋាភិបាលក្នុងនីតិវិធីច្បាប់ វិសោធនកម្មលើកទី ៦ ធានានូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងឆាប់រហ័ស វិសោធនកម្មលើកទី២២ កំណត់អាណត្តិប្រធានាធិបតីច្រើនបំផុតត្រឹម២ អាណត្តិ (មួយអាណត្តិ ៤ ឆ្នាំ)និងវិសោធនកម្មលើកទី ២៦ ដើម្បីរក្សាការពារសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើង ជាដើម។ ក្នុងរយៈពេល ៣១ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកមិនធ្លាប់បានកែរដ្ឋធម្មនុញ្ញទៀតនោះទេ។ ជាពិសេសទៅទៀតនោះ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិករក្សាបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បែងចែក និងរក្សាតុល្យភាពអំណាចរវាងសភា រដ្ឋាភិបាល និងតុលាការ ដោយគ្មានស្ថាប័នណាមានអំណាចច្រើនលើសលុបធ្វើអ្វីស្រេចតែចិត្តនោះឡើយ។
សម្រាប់កម្ពុជាវិញ គោលការណ៍បែងចែក និងរក្សាតុល្យភាពអំណាចនេះ មានតែនៅលើក្រដាសប៉ុណ្ណោះ។ លើសាច់ការជាក់ស្ដែង រដ្ឋាភិបាលមានអំណាចច្រើនលើសលុបគ្របដណ្ដប់លើសភា និងតុលាការ។ ប៉ុន្តែអំណាចរដ្ឋាភិបាលនេះក៏នៅចាញ់អំណាចមួយទៀត ដែលមិនមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នោះគឺអំណាចរបស់លោក ហ៊ុន សែន ដែលនៅតែបន្តកាច់ចង្កូតនយោបាយស្រុកទេស ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាឪពុករបស់នាយករដ្ឋមន្ត្រី។
សរុបជារួម ៣០ឆ្នាំក្រោយការចាប់កំណើតនៃរដ្ឋធម្មនុញ្ញ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស ក្លាយជាប្រទេសដែលមានលក្ខណៈផ្ដាច់ការឯកបក្ស រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការដឹកនាំតវង្សត្រកូល។ នេះជារឿងប្រាសចាកទាំងស្រុងចំពោះខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។