ក្រសួង​យុត្តិធម៌​ដាក់​ទណ្ឌិត​១២​រូប​ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៅ​ឆ្នាំ​២០២២

ក្រសួង​យុត្តិធម៌​បាន​ដាក់​ទណ្ឌិត​ចំនួន​១២​រូប ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ​ដោយ​ភ្ជាប់​លក្ខខណ្ឌ កាលពី​ឆ្នាំ​២០២២​។ ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា ទណ្ឌិត​ទាំង​១២​នាក់​នេះ បាន​អនុវត្ដ​ទោស​នៅក្នុង​ពន្ធនាគារ​មួយ​រយៈ​រួចហើយ ដើម្បី​ឱ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ ប្រកបមុខរបរ និង​មាន​សិទ្ធិ​សេរីភាព​អាច​ចូលរួម​ក្នុង​សង្គម​ឡើងវិញ​បាន។

ក្នុង​សន្និបាត​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ​២០២២ និង​កំណត់​ទិសដៅ​ការងារ​អាទិភាព​ឆ្នាំ​២០២៣ របស់​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​បញ្ជាក់​ថា នីតិវិធី​នៃ​ការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ទណ្ឌិត​ណា ដែល​បានដឹង​ពី​ទោសកំហុស​របស់​ខ្លួន ហើយ​មាន​ឆន្ទៈ​កែប្រែ​ខ្លួន​ឡើងវិញ។

គេហទំព័រ​ក្រសួង​យុត្តិធម៌​ចុះផ្សាយ​ការ​អះអាង​របស់ លោក គឹម សន្តិភាព ថា ទណ្ឌិត​អាច​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព មុន​កាលកំណត់​នៃ​ការ​អនុវត្ដ​​ទោស គឺ​យោង​តាម​លក្ខខណ្ឌ​ចំនួន​២ រួមមាន កិរិយាមារយាទ​ល្អ​របស់​ទណ្ឌិត​ក្នុងអំឡុងពេល​ពេល​ជាប់ឃុំ និង​បាន​ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុង​នោះ បាន​យល់​ដឹង​ពី​កំហុស និង​បង្ហាញ​ឆន្ទៈ​សោកស្ដាយ​នូវ​ទង្វើ​របស់​ខ្លួន ជាដើម។

ចំពោះ​លក្ខខណ្ឌ​ទី​២ វិញ គឺ​យោង​តាម​រយៈពេល​នៃ​ការ​អនុវត្ត​ទោស ក្នុង​នោះ​រួមមាន អ្នក​ជាប់ទោស​ពាក់កណ្ដាល​នៃ​ទោស ប្រសិនបើ​ទោស​នោះ​តិច​ជាង ឬ​ស្មើ ១​ឆ្នាំ ទណ្ឌិត​ដែល​បាន​ជាប់ទោស​ពីរ​ភាគបី នៃ​ទោស​ក្នុងករណី​ផ្សេងៗ​ទៀត និង​ទណ្ឌិត​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក៏ប៉ុន្តែ​ទណ្ឌិត​នោះ បាន​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​យ៉ាងតិច អស់​រយៈពេល​២០​ឆ្នាំ រួច​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។