ចៅ​អធិការ​វត្ត​ខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​បុរស​៣​នាក់​ដែល​ដឹក​ឈើ​របស់​វត្ត

0:00 / 0:00

ព្រះសង្ឃ​គង់​នៅ​វត្ត​ភូមិធំ គណៈកម្មការ​អាចារ្យ​វត្ត និង​ពុទ្ធបរិស័ទ​រស់នៅ​ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ ជួប​ជុំ​គ្នា​នៅ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង រយៈពេល​ពីរ​ថ្ងៃ​ហើយ ដើម្បី​សុំ​ឲ្យ​សាលា​ដំបូង​ខេត្ត​នេះ លើកលែង​បទ​ចោទ​ដល់​បុរស ៣​នាក់ ដែល​មន្ត្រី​អាវុធហត្ថ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ តុលា ដោយ​ចោទ​ថា​ដឹក​ជញ្ជូន​ឈើ​គ្មាន​លិខិត​អនុញ្ញាត។

ព្រះចៅ​អធិការ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ភូមិធំ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង ដោះលែង​ពលរដ្ឋ ៣​នាក់​ដែល​ត្រូវ​តុលា​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ តុលា ដោយ​ចោទ​ថា​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ ក៏ប៉ុន្តែ​ឈើ​ដែល​ពួក​គាត់​ដឹក​ជញ្ជូន​នោះ ជា​ឈើ​របស់​វត្ត​សម្រាប់​កសាង​ព្រះវិហារ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ព្រះចៅ​អធិការ​វត្ត​ភូមិធំ គឺ​ព្រះតេជព្រះគុណ សូរ អោក មាន​ថេរ​ដីកា​ថា ឈើ​ប្រភេទ​សុក្រំ​ជាង ១​ម៉ែត្រ​គូប​ដែល​ពុទ្ធបរិស័ទ​បាន​ដឹក​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ខេត្ត​ស្ទឹងត្រែង បំណង​ប្រគេន​ព្រះអង្គ​សម្រាប់​កសាង​ព្រះវិហារ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា អាជ្ញាធរ​ភូមិ-ឃុំ​ក៏​បាន​ចេញ​លិខិត​ទទួល​ស្គាល់​ថា ឈើ​ទាំងនេះ​ជា​ឈើ​របស់​វត្ត។ ហេតុ​នេះ ព្រះអង្គ​ទទូច​ឲ្យ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង មេត្តា​យោគយល់​ករណី​នេះ៖ « សុំ​លើកលែង​ទោស​កំហុស​ខុស​ឆ្គង​ដែល​នាំ​ឈើ​ធ្វើ​សន្លឹក​ទ្វារ យក​ទៅ​ធ្វើ​ព្រះវិហារ នេះ សុំ​ខាង​សមត្ថកិច្ច​លើកលែង​ទោស​ឲ្យ​អាត្មា​ផង។ អ្នក​ដែល​ជាប់​ទោស​ហ្នឹង ក៏​សុំ​លើកលែង​ដែរ »

ឆ្លើយតប​ការ​លើក​ឡើង​នេះ ប្រធាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គីមថុល ឲ្យ​ដឹង​ថា តាម​ច្បាប់ សាមី​ខ្លួន​ដែល​ជាប់​ឃុំ​ត្រូវ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ធ្វើ​ពាក្យ​ស្នើ​នៅ​ក្រៅ​ឃុំ និង​ស្នើ​យក​រថយន្ត​ជា​វត្ថុ​តាង​វិញ។ លោក​ថា ប្រសិន​បើ​អ្នក​ជាប់​ឃុំ​ទាំងនោះ​ធ្វើ​ពាក្យ​ស្នើសុំ​តាម​នីតិវិធី ចៅក្រម​នឹង​ពិចារណា​លើ​សំណុំ​រឿង​នេះ៖ « គាត់​ប្រើ​សិទ្ធិ​របស់​គាត់​ធ្វើ​ពាក្យ​លាយលក្ខណ៍​អក្សរ​មក​សុំ​នៅ​ក្រៅ​ឃុំ​អ៊ីចឹង ហើយ​សុំ​ឡាន​ជា​វត្ថុ​តាង គឺ​គាត់​មាន​សិទ្ធិ​សុំ ហើយ​ការ​សម្រេច​របស់​តុលាការ នឹង​ពិចារណា​ជាមួយ​តំណាង​អយ្យការ​ទៀត »

កាល​ពី​ថ្ងៃ​ទី​២៣ តុលា មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង បាន​ឃាត់​រថយន្ត​ស៊ាំយ៉ុង ១​គ្រឿង​ផ្ទុក​ឈើ​សុក្រំ​ជាង​មួយ​ម៉ែត្រ​គូប (១,២២៧​ម៉ែត្រ​គូប) ឃាត់​ខ្លួន​បុរស ៣​នាក់ និង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ថា​ប្រមូល​ផល និង​ដឹក​ជញ្ជូន​ឈើ​គ្មាន​លិខិត​អនុញ្ញាត ព្រម​ទាំង​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​ពន្ធនាគារ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២៦ តុលា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត វា​ជា​ករណី​ខុស​ច្បាប់ បើ​ទោះ​បី​ជា​ប្រយោជន៍​វត្ត​អារាម​ក៏ដោយ ក៏ប៉ុន្តែ​ករណី​នេះ ព្រះសង្ឃ​បាន​ធ្វើ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ-ឃុំ ថា​ជា​ឈើ​របស់​វត្ត​ពិត​ប្រាកដ។ ដូច្នេះ តំណាង​អយ្យការ និង​ចៅក្រម គួរ​តែ​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ពិនិត្យ អនុគ្រោះ ឬ​អប់រំ​ណែនាំ​ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រសើរ​ជាង​ដាក់​ទណ្ឌកម្ម​ច្បាប់៖ « រឿង​ដែល​គាត់​ត្រូវ​ធ្វើ​បែរ​ជា​គាត់​មិន​ធ្វើ បើ​រឿង​មិន​ត្រូវ​ធ្វើ​បែរ​ជា​គាត់​ធ្វើ បទល្មើស​គរគោក​មិន​ត្រូវ​ធ្វើ​ទេ ! នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ហ្នឹង សុទ្ធតែ​ធំៗ​បែរ​ជា​មក​ធ្វើ​រឿង​កំប៉ិកកំប៉ុក​ជា​ឈើ​សុក្រំ ណា​មួយ​មាន​ភូមិ - ឃុំ​ដឹង​ឮ​ថា​ជា​ឈើ​ជា​កុដិ​វិហារ​អ៊ីចឹង របស់​លោក លោក​ចៅក្រម​គាត់​គួរ​តែ​ពិនិត្យ​មើល​ចំណុច​ហ្នឹង​ផង »

លោក ហូ សំអុល កត់​សម្គាល់​ថា កន្លង​ទៅ សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ចន្លោះ​ប្រហោង​ច្រើន ហើយ​លោក​កម្រ​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ចាប់​ជន​ល្មើស​ដែល​កាប់​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​អស់​រាប់​ពាន់​ហិកតារ​អនុវត្ត​ច្បាប់ បើ​ទោះ​បី​ជា​ព្រៃ​ឈើ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​ព្រៃ​សហគមន៍​រង​ការ​កាប់​ទន្ទ្រាន​អស់​រាប់​ម៉ឺន​ហិកតារ​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។