មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លី ៣នាក់ នៅខេត្តព្រះវិហារ គឺជាទង្វើល្មើសច្បាប់ និងជំរុញឱ្យតុលាការខេត្តនេះដោះលែងពលរដ្ឋទាំងនោះឱ្យមានសេរីភាពវិញ។ ការលើកឡើងនេះ ក្រោយពីអ្នកភូមិពីរនាក់ ត្រូវបានតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីក្រុមយោធាវារៈលេខ២៦១ បានចាប់ខ្លួននៅគ្រាដែលកំពុងធ្វើដំណើរតាមផ្លូវ កាលពីសប្ដាហ៍មុន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារលោក ឡោ ចាន់ ឱ្យដឹងនៅថ្ងៃទី២៥ មករា ថា ការចាប់ខ្លួនពលរដ្ឋទាំង ៣នាក់នោះ គឺពុំមានដីកាពីតុលាការនោះទេ ហើយក៏ពុំមែនជាបទល្មើសជាក់ស្ដែងដែរ។ លោកថា ក្រុមយោធាអន្តរាគមន៍វារៈលេខ ២៦១ នៅខេត្តឧត្តរមានជ័យ គឺជាអ្នកចាប់ខ្លួនពលរដ្ឋទាំងនោះ រួចបានបញ្ជូនឱ្យមន្ត្រីបរិស្ថាន ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលសប្ដាហ៍មុន។ លោកចាត់ទុកថា ការចាប់ខ្លួននេះ គឺជាទង្វើខុសច្បាប់ទាំងស្រុង ខណៈមន្ត្រីយោធាទាំងនោះ ពុំមែនជាមន្ត្រីនគរបាលយុត្តិធម៌ និងមិនបានសហការជាមួយមន្ត្រីជំនាញ៖ «ការចាប់ខ្លួននេះ គឺជាទង្វើខុសច្បាប់ ព្រោះការចាប់ខ្លួនអ្នកទាំង ៣នេះ គ្មានដីកាពីតុលាការ និងពុំមែនជាបទល្មើសជាក់ស្ដែង។ ការចាប់ខ្លួនដោយក្រុមទាហានវារៈ ២៦១ គឺគាត់ពុំមែនជាមន្ត្រីនគរបាលយុត្តិធម៌។ បើពុំមែនជាបទល្មើសជាក់ស្ដែង និងមិនបានសហការជាមួយស្ថាប័នជំនាញ គាត់គ្មានសិទ្ធិចាប់គេដែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា ក្រុមយោធាវីរៈលេខ២៦១ ដែលចាប់ខ្លួនពលរដ្ឋទាំងនោះ កំពុងឈរជើង នៅខេត្តឧត្តរមានជ័យ ហើយពួកគេជាអ្នកកាងការពារឱ្យក្រុមហ៊ុនមេត្រីភាព ដែលមានជម្លោះដីធ្លីជាមួយពលរដ្ឋជាង ៣រយគ្រួសារ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ខេត្តឧត្តរមានជ័យ៖ «នៅពេលដែលក្រុមទាហានឈ្មោះ រឹម ថេន គាត់អ្នកចាប់ហ្នឹង គឺគាត់ចាប់ហ្នឹង ប្រហែលគាត់ដឹងខ្លួន ក្រោយមកគាត់បានយកទៅឱ្យមន្ត្រីបរិស្ថាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយមួយវិញទៀត ការចាប់ខ្លួននេះ គាត់មិនមែននៅភូមិហ្នឹង គាត់គ្រាន់មកលេងឪពុក ស្រាប់តែក្រុមទាហានចាប់ដោយគ្មានមូលហេតុ»។
តំណាងពលរដ្ឋលោក ឡយ លីហួរ រៀបរាប់ថា កាលពីថ្ងៃទី២០ មករា កន្លងទៅ ពលរដ្ឋ ២នាក់ ដែលត្រូវជាឪពុក និងកូន កំពុងធ្វើដំណើរតាមផ្លូវ ឆ្លងកាន់រនាំងក្រុមហ៊ុន មេត្រីភាព ត្រូវបានមន្ត្រីយោធាមួយក្រុម ឃាត់ខ្លួនពួកគេ ដោយគ្មានមូលហេតុ រួចបញ្ជូនទៅមន្ត្រីបរិស្ថាន ខេត្តព្រះវិហារ ដោយចោទថា ប្រព្រឹត្តបទល្មើសបរិស្ថាន។ លោកចាត់ទុកការឃាត់ខ្លួននេះ គឺជារឿងគំនុំច្រើនជាង ការអនុវត្តច្បាប់ ព្រោះកន្លងទៅ ពលរដ្ឋ ៣៣០គ្រួសារ រស់នៅឃុំយាង ស្រុកជាំក្សាន្ត កើតមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព។ ចំណែក ក្រុមទាហានវារៈ ២៦១ នៅខេត្តឧត្តរមានជ័យ គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុននេះធ្វើទុក្ខបុកម្នេញពលរដ្ឋ៖ «បាទចាប់ខ្លួនតែម្ដង កំពុងតែដឹកអីវ៉ាន់លក់ដូរ ចាប់តាមផ្លូវលើថ្នល់ចូល ពីភូមិក្រសាំង ចូលទៅដីក្រុមហ៊ុន។ សង្ស័យដេញពលរដ្ឋចេញ តែពលរដ្ឋមិនចេញ គាត់ខឹងយើង គាត់សងសឹងដើម្បីគំរាម ឱ្យពលរដ្ឋចេញពីដីហ្នឹង។ ទាហានជាអ្នកកាងដីហ្នឹងឱ្យទៅក្រុមហ៊ុន។ ទាហានហ្នឹងជាអ្នកចាប់ពលរដ្ឋ»។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់អាស៊ីសេរីថា សំណុំរឿងនេះ កំពុងឋិតក្នុងដៃចៅក្រមស៊ើបសួរ។ លោកថា ជនសង្ស័យមានសិទ្ធិស្នើសុំចៅក្រម ស៊ើបសួរឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នបាន តាមរយៈខ្លួនឯង និងប្រធានពន្ធនាគារ។ ចំពោះសំនួររបស់អាស៊ីសេរី ដែលសួរថា មន្ត្រីសិទ្ធិមនុស្សចាត់ទុក ការចាប់ខ្លួនពលរដ្ឋទាំងនោះ ជាទង្វើ ខុសច្បាប់ ព្រះរាជអាជ្ញារូបនេះ ឆ្លើយថា អ្នកដែលចោទថា ការចាប់ខ្លួននេះខុសនីតិវិធី អាចដាក់ពាក្យមកកាន់តុលាការបាន ដោយត្រូវបង្ហាញហេតុផលឱ្យច្បាស់លាស់ផ្អែកតាមនីតិវិធីណាមួយ។ លោកពន្យល់ថា ជនណាក្តី ដែលប្រទះឃើញបទល្មើសហើយ មិនបានរាយការណ៍ជូនសមត្ថកិច្ចក៏ខុសច្បាប់ដែរ។ លោកបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជាប់ពាក់ព័ន្ធបទល្មើសបរិស្ថាន និងការបង្កើតភូមិដោយខ្លួនឯង៖ «មន្ត្រីសិទ្ធិមនុស្សប្រសិនបើថា គេនិយាយខុសឱ្យដាក់ពាក្យមក ព្រោះខ្ញុំជឿថា គេធ្វើមកមានសំណុំរឿងមួយចំនួន និងភស្តុតាង។ សម័យនេះហើយ អនុវត្តច្បាប់ហើយ មន្ត្រីសិទ្ធិមនុស្សណាក៏ដោយដាក់មក។ អ្នកណាតាំងខ្លួនថា ខ្លួនឯងអធិរាជអីដាក់មកតតាំងគ្នា ព្រោះយើងឋិតក្រោមច្បាប់ទេ កុំជាន់ច្បាប់»។
តំណាងពលរដ្ឋរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ឡយ លីហួរ បន្ថែមថា មកទល់ពេលនេះ ពលរដ្ឋដែលមន្ត្រីយោធាទាំងនោះចាប់ខ្លួនសរុប ៣នាក់ និងមាន ១បាត់ខ្លួន មិនទាន់ទទួលដំណឹងនៅឡើយទេ ហើយពលរដ្ឋ ២នាក់ទៀត កំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។