ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ​៤​នាក់​ត្រូវ​​តុលាការ​កោះហៅ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី

0:00 / 0:00

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៤​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៤០០​គ្រួសារ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ក្រចេះ កោះ​ហៅ​មក​សាកសួរ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន ប៊ិញភឿក ២ (Binh Phuoc 2)។ ពួកគេ​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ប៊ិញភឿក ២ ប្ដឹង​ចោទ​ពី​បទ​កាន់កាប់​ដីធ្លី​របស់​ក្រុមហ៊ុន​ខុស​ច្បាប់។

សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ ៤​នាក់ ត្រឡប់​មក​លំនៅឋាន​វិញ ក្រោយ​ពី​សួរ​នាំ​រយៈពេល​ប្រហែល ៣​ម៉ោង ទាក់ទង​សំណុំរឿង​ដឹកនាំ​ពលរដ្ឋ​រាប់​រយ​គ្រួសារ មក​បោះ​រោង​ស្នាក់នៅ ឬ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​ឯកជន ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ប៊ិញភឿក ២ របស់​វៀតណាម កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។

តំណាង​ពលរដ្ឋ លោក កែវ វន្ថា ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​សួរ​នាំ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា ​ក្នុង​ចំណោម​ពលរដ្ឋ ៣៦៥​គ្រួសារ មាន​មួយ​ចំនួន​ជា​អ្នក​ចំណូល​ថ្មី​ដែល​បាន​នាំ​គ្នា​មក​រស់​នៅ​លើ​ដី​ចំណី​ព្រែក ឋិត​នៅ​ចំណុច​អូរច្រា រយៈពេល​ជាង ១​ខែ​មក​ហើយ ដោយ​ខ្លះ​បាន​បោះតង់ និង​សង់​ផ្ទះ។ ការ​មក​ស្នាក់​នៅ​លើ​ដី​នេះ ព្រោះ​ពួកគាត់​មើល​ឃើញ​ថា តំបន់​នោះ​មាន​ប្រភព​ទឹក​ប្រើប្រាស់ និង​ជិត​សាលារៀន មាន​ផ្លូវ​គមនាគមន៍ ងាយ​ស្រួល​ឲ្យ​កូនចៅ​របស់​ពួកគេ​ទៅ​សាលារៀន ខណៈ​លំនៅឋាន​បច្ចុប្បន្ន​ឋិត​នៅ​ចម្ការ​ឆ្ងាយ​ពី​សាលារៀន ផ្លូវ​លំបាក​ធ្វើដំណើរ មិន​អាច​ឲ្យ​ក្មេងៗ​មាន​លទ្ធភាព​ធ្វើ​ទៅ​សាលា​បាន។

លោក​ទទួល​ស្គាល់​ថា ការ​មក​រស់​នៅ​លើ​ដី​ចំណី​ព្រែក​ពុំ​មាន​ការ​អនុញ្ញាត ឬ​យល់​ព្រម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទេ ក៏ប៉ុន្តែ​តំបន់​នោះ​ជា​ដី​ទំនេរ ទើប​ពលរដ្ឋ​ក្រីក្រ​បង្ខំ​ចិត្ត​តាំង​ទី​លំនៅ​ចិញ្ចឹម​គ្រួសារ៖ «សុទ្ធតែ​តែ​អ្នក​ភូមិ​នៅ​ស្រុក​ហ្នឹង ហើយ​នៅ​ចម្ការ​ឆ្ងាយ​ពី​គ្នា លំបាក​កូន​ទៅ​រៀន និង​ឈឺ​ជា​វា​លំបាក​បាន​គាត់​ឃើញ​ដី​ទំនេរ​នាំ​គ្នា​ទៅ​នៅ​តែម្ដង។ ក្រុមហ៊ុន​ប្ដឹង​ថា យើង​រំលោភ​ដី​គេ»

លោក កែវ វន្ថា បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ អាជ្ញាធរ​ស្រុក​ស្នូល និង​មន្ត្រី​អាវុធហត្ថ​ជាង ២០​នាក់ បាន​យក​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ និង​ដុះ​ខ្ទម​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដី ហេតុ​នេះ​អ្នក​ភូមិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ រក​លទ្ធភាព​កាត់​ដី​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ។

ដី​ចំណី​ព្រែក ឋិត​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នូល ខេត្ត​ក្រចេះ ដែល​ពលរដ្ឋ​នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់នៅ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided
ដី​ចំណី​ព្រែក ឋិត​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នូល ខេត្ត​ក្រចេះ ដែល​ពលរដ្ឋ​នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់នៅ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided (Photo provided)

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញភឿក ២ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។

អភិបាល​រង​ស្រុក​ស្នូល លោក សាន់ ណាល់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​បាន​ជូន​ដំណឹង និង​ចុះ​ណែនាំ​ពលរដ្ឋ​ឲ្យ​រុះរើ​រោង​ចេញ​ពី​ដី​ដែល​ពលរដ្ឋ​កំពុង​កាន់កាប់​នោះ​ច្រើន​សា​មក​ហើយ មុន​នឹង​អាជ្ញាធរ​សម្រេច​រុះរើ ដោយ​សំអាង​ថា ជា​ដី​ឯកជន​របស់​រដ្ឋ​ដែល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ លោក​ថា ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណូល​ថ្មី​បាន​សង់​រោង​ចំនួន ១២០​រោង ក្នុង​នោះ​មាន​រោង​ស័ង្កសី​ចំនួន ៤​រោង។

លោក​បញ្ជាក់​ថា តំបន់​នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​លំនៅឋាន​ដាច់​ខាត ហើយ​ប្រសិនបើ​ពលរដ្ឋ​ណា គ្មាន​ដី​ពិតប្រាកដ ឲ្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ស្រប​តាម​នីតិវិធី៖ «សកម្មភាព​វា​ហួសហេតុ​ពេក ហើយ​គាត់​តែងតែ​ប្រជុំ​គ្នា ហើយ​ចោល​សម្ដី​ថា បើ​យើង​យក​អា​ហ្នឹង​បាន​ហើយ យើង​នឹង​បន្ត​ការ​យក​ទៀត​ក្នុង​ទីតាំង​ក្រុមហ៊ុន​ផ្សេងៗ ហើយ​ទីតាំង​ទាំង​អស់​ហ្នឹង គឺ​ដី​បាន​ចុះ​បញ្ជី​រួច​ហើយ​ជា​ដី​ឯកជន​របស់​រដ្ឋ​យើង​បាន​ជួល​ទៅ​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញភឿក ២ របស់​វៀតណាម ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ តាំង​ពី​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឆ្វៀល​ដី​រង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​បច្ចុប្បន្ន​ផ្ទៃដី​ក្រុមហ៊ុន វិនិយោគ​នៅ​សល់​ជាង ៤.៥០០​ហិកតារ។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ប៊ី វណ្ណនី ចាត់​ទុក​ការ​មក​តាំង​ទី​លំនៅ​របស់​ពលរដ្ឋ​ទាំង​នោះ​ថា ជា​ករណី​ខុស​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ពី​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ពិត​ប្រាកដ និង​ព្យាយាម​ណែនាំ​ឲ្យ​ពួកគេ​ជ្រាប​ពី​នីតិវិធី​បំពេញ​បែបបទ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​មក​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ អនុលោម​តាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល៖ «ប្រសិនបើ​ពលរដ្ឋ​អត់​ដី ហើយ​សុំ​គ្រាន់តែ​មក​ស្នាក់​នៅ​អា​ហ្នឹង​វា​គ្រាន់តែ​ជា​ការ​ដោះស្រាយ យើង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​មួយ​សមស្រប»

ពលរដ្ឋ​ចំនួន ៣៦៥​គ្រួសារ បាន​មក​ចាប់​ដី​នៅ​តំបន់​នោះ​ក្នុង​ទំហំ​ដី​ក្បាល ១០​ម៉ែត្រ បណ្ដោយ ៣០​ម៉ែត្រ សរុប​ចំនួន​ជាង ១០​ហិកតារ ដែល​ជា​ប្រភេទ​ដី​ធ្វើ​លំនៅឋាន។ ពួកគេ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណូល​ថ្មី មក​ពី​ខេត្ត​​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។