លោក អះម៉ាត់ យ៉ះយ៉ា សុំ​ឱ្យ​តុលាការ​កាត់​ទោស​សំណុំ​រឿង​ជួញដូរ​មនុស្ស​របស់​លោក​ឡើងវិញ

0:00 / 0:00

អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ស្នើ​ឱ្យ​តុលាការ​យក​សំណុំរឿង​លោក​មក​កាត់​ទោស​ឡើងវិញ​។ សំណើ​នេះ​ធ្វើឡើង​ចំ​ថ្ងៃ នៃ​ទិវា​ប្រឆាំង​និង​ការ​ជួញដូរ​មនុស្ស​កាល​ពី​ថ្ងៃ​ទី១២ ធ្នូ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​តាមដាន​សវនាការ​កាត់ទោស​លោក អះម៉ាត់ យ៉ះយ៉ា កាល​ពី​ខែ​សីហា​នោះ លើកឡើង​ថា ការ​ស្នើ​សុំ​របស់​លោក អះម៉ាត់ យ៉ះយ៉ា ឱ្យ​បើកសវនាការ​ជំនុំជម្រះ​ឡើ​វិញ​នេះ ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​សវនាការ​លើក​មុន គឺ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។

លោក អះម៉ាត់ យ៉ះយ៉ា សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញ​ពី​ពន្ធនាគារ​ព្រៃស ជា​លើក​ទី​២​ថា លោក​មិន​បាន​ជួញដូរ​មនុស្ស​ដូច​ការ​ចោទប្រកាន់​ឡើយ ដោយ​ទាមទារ​ឱ្យ​តុលាការ​យក​សំណុំ​រឿង​នេះ មក​កាត់ទោស​ឡើងវិញ​។ លោក​អះអាង​ថា សវនាការ​របស់​លោក​ធ្វើ​ឡើង រយៈពេល​ខ្លី និង​មិន​បាន​កោះហៅ​សាក្សី​ភាគី​ខាង​លោក​មក​សួរនាំ​នោះ​ទេ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ សីហា បាន​ផ្ដន្ទាទោស លោក អ៊ីស្មាឯល ពិនអូស្មាន និង លោក អះម៉ាត់ យ៉ះយ៉ា ម្នាក់​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រួមគ្នា​ចំនួន ២០០​លាន​រៀល ឬ​ប្រមាណ ៥​ម៉ឺន​ដុល្លារ ទៅ​ឱ្យ​ជនរងគ្រោះ​ពីរ​នាក់ តាម​មាត្រា​១១​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​។ លោក អ៊ី​ស្មាអែល ពិន​ឧស្ម័ន ត្រូវជា​ក្មួយបង្កើត​លោក អះម៉ាត់ យ៉ះយ៉ា និង​ជា​ប្អូនជីដូនមួយ​លោក អូស្មាន ហាស្សាន់។ លោក​ត្រូវ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើ​ការ​ខុសច្បាប់ នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត របស់​ក្រុមហ៊ុន លោក អះម៉ាត់ យ៉ះយ៉ា កាលពី​ជាង​១០​ឆ្នាំមុន។ រីឯ​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ តុលាការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៣ សីហា ខណៈ​លោក ទៅ​អង្គុយ​ស្ដាប់​សវនាការ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ក្មួយប្រុស​របស់​លោក និង​រូបលោក​ទាក់ទង​ការ​នាំ​ពលករ​ទៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។

លោក អះម៉ាត់ យ៉ះយ៉ា បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ថា រឿង​ក្តី​នេះ​ត្រូវ​បាន​គេ​ប្រឌិត​សាច់រឿង ហើយ​ចាប់​លោក​ដាក់គុក​ប៉ុណ្ណោះ ។ លោក អះម៉ាត់ យ៉ះយ៉ា លើកឡើង​ក្នុង​លិខិត​លោក​ថា លោក​មិន​បាន​ជួញដូរ​មនុស្ស​យក​គេ​ទៅ​លក់​ឡើយ​។ លោក​ក៏​មិន​បាន​យក​លុយ​កាក់​ពី​ពលករ នៅ​ពេល​ទៅ​ធ្វើ​លិខិតឆ្លងដែន ថ្លៃ​ពិនិត្យ​សុខភាព និង​ថ្លៃ​សំបុត្រ​យន្តហោះ​នោះ​ដែរ​។ លោក​ថា ធាតុ​ពិត ពលករ​ខ្លះ​បាន​ខ្ចី​លុយ​លោក​ទុក​ឱ្យ​កូន និង​ឪពុកម្ដាយ​ចាស់ជរា​នៅផ្ទះ​ទៀត មុន​នឹង​ធ្វើដំណើរ​ជាដើម​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​អាច​ប្ដឹង​ទាស់​ទៅ​តុលាការ ឬ​ក៏​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ប្រសិនបើ​យើង​យល់​ឃើញ​ថា វា​មិន​ត្រឹមត្រូវ៖ «ក្នុង​ករណី​ត្រូវ​បាន​បិទ​មាន​សាលក្រម​ជា​ស្ថាពរ​ហើយ អា​ហ្នឹង គឺថា​ពិរុទ្ធជន​ក៏​អាច​ប្ដឹង​សើរើ សំណុំរឿង​ហ្នឹង​បាន​ដែរ។ នីតិវិធី​គឺ​អនុញ្ញាត​ឱ្យ​មានការ​ប្តឹង​ទៅ​ព្រះមហាក្សត្រ​ដែល​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ប្រសិនបើ​គេ​ពិនិត្យ​ឃើញ​ថា បណ្តឹង​របស់​គាត់​មាន​មូលដ្ឋាន​ថ្មី មូលដ្ឋាន​រឹងមាំ ត្រឹមត្រូវ​ច្បាស់លាស់​ល្មម​នឹង​អាច​សើរើ​គេ នឹង​អាច​សើរើ​តាម​នីតិវិធី​ដែល​មាន​​ជា​ធរមាន»។

នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត បញ្ជាក់​ថា លោក​មើល​ឃើញ​ថា មាន​ភាព​អយុត្តិធម៌​មួយ​ចំនួន​កើតឡើង​ក្នុង​ការ​កាត់ទោស​លោក អះម៉ាត់ យ៉ះយ៉ា។ លោក​ថា ​ភាព​មិន​ប្រក្រតី​មាន​ដូចជា ទី​១ ដោយសារតែ​មេធាវី ទាំង​ដើម​បណ្ដឹង និង​ចុង​បណ្ដឹង មិន​បាន​ទទួល​លិខិត​អញ្ជើញ​ឱ្យ​ចូល​រួម​បើកសវនាការ​ជា​ផ្លូវការ។ ហើយ​ពេល​បើកសវនាការ​តុលាការ​ផ្លាស់ប្ដូរ​បន្ទប់ មិន​បាន​ប្រកាស​ជា​សាធារណៈ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌៖ «ការ​ជជែក​ដេញដោល​នឹង​ការ​បង្ហាញ​ភស្តុតាង​ហាក់បីដូចជា​មិន​មាន​អ្វី​គ្រប់គ្រាន់​នៅ​ក្នុង​សវនាការ​ហ្នឹង ហើយ​ជាពិសេស​ជនរងគ្រោះ​ហ្នឹង មាន​អ្នក​ដែល​អ្នក​បោះ​ចម្លើយ​ពីក្រោយ​រហូតដល់​មេធាវី​ស្នើ​សុំ​ឱ្យ​ចេញពី​បន្ទប់​សវនាការ វា​ហាក់​បី​ដូច​ជា​មាន​គេ​ចាំ​ប្រាប់​ឱ្យ​ឆ្លើយ​។​ អានេះ​វា​សុទ្ធតែ​ជា​ចំណុច​មួយ​មិន​សមរម្យ ឬក៏​មិន​សុក្រឹត»។

លោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់​ប្រាប់​អាស៊ីសេរី​នៅ​មុន​ពេល​តុលាការ​ចាប់ខ្លួន​លោក ពី​ខែ​សីហា​ឆ្នាំ​២០១៩​ ថា ការ​រៀបចំ​ប្រឌិត​រឿង ដើម្បី​ចាប់ខ្លួន​លោក​នេះ គឺ​លោក ឧស្មាន ហាស្សាន់ ត្រូវជា​ក្មួយជីដូនមួយ​របស់​លោក បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ លោក​ថា លោក ឧស្មាន់ ហាសាន់ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ចង់​ចាប់ខ្លួន​លោក ដោយសារតែ​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក អូស្មាន ហាស្សាន់ រឿង​មិន​គាំទ្រ​ការ​ពុះ​ដី​វិហារ​បឹងកក់​ធ្វើ​ផ្លូវ​។ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​លោក អូស្មាន់ ហាសាន់ សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ។ ប៉ុន្តែ លោក​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សំណុំ​រឿង​នេះ​មិន​ជាប់​ទាក់ទង​លោក​ទេ គឺជា​ការសម្រេច​របស់​តុលាការ លោក​គ្មាន​អ្វី​នឹង​ត្រូវ​ពន្យល់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។