ក្រុមគ្រួសារ និងសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសពីបទកន្លែងបន្លំឯកសារ ឬជួញដូរមនុស្សថា ជារឿងអយុត្តិធម៌ ហើយថា ជាការរៀបចំឡើងដើម្បីចាប់ខ្លួនអ្នកទាំងពីរ។ ក្រុមគ្រួសារ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់លោក នឹងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ឆាប់ៗនេះ។
ក្រុមគ្រួសារលោក អ៊ីស្មាឯល ពិនអូស្មាន និង អ្នកចូលរួមស្ដាប់សវនាការ អះអាងថា សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសម្នាក់ ១៥ឆ្នាំ គឺជាអយុត្តិធម៌ និងគ្មានភស្តុតាងច្បាស់លាស់។
ភរិយាលោក អ៊ីស្មាឯល ពិនអូស្មាន គឺអ្នកស្រី នាគ កញ្ញា ឱ្យដឹងនៅថ្ងៃទី១៤ សីហាថា អ្នកស្រីបានពឹងពាក់មេធាវីឱ្យដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ឆាប់ៗ នេះ ជំទាស់សាលាក្រមសាលាដំបូង ដែលបានផ្ដន្ទាទោសស្វាមីអ្នកស្រីធ្ងន់ធ្ងរទាំងគ្មានភស្តុតាងច្បាស់លាស់។ អ្នកស្រីបន្ថែមថា សំណុំរឿងផ្ដន្ទាទោសស្វាមីរបស់អ្នកស្រីនេះ គឺជាការរៀបចំឡើងដើម្បីធ្វើបាបស្វាមីរបស់អ្នកស្រី ពីព្រោះថា ការសម្រេចផ្ដន្ទាទោសរបស់តុលាការ ដែលប្រើពេលសវនាការប្រមាណជាបីម៉ោង ដោយយោងលើដើមបណ្ដឹងតែម្នាក់ ហើយដើមបណ្ដឹងនេះ និយាយម្ដងស្គាល់ស្វាមីរបស់អ្នកស្រី ម្ដងថា មិនស្គាល់ និងខុសពីចម្លើយប្រាប់ពីប៉ូលិស។ អ្នកស្រីបន្ថែមថា ដើមបណ្ដឹងទាំងអស់មានពីរនាក់ តែម្នាក់ទៀតឈ្មោះ ឡោះ ណៈ បានប្រាប់មេធាវីស្វាមីអ្នកស្រីថា គាត់បានដកពាក្យប្ដឹងវិញហើយ៖ «រឿងនេះអយុត្តិធម៌សម្រាប់ប្ដីខ្ញុំណាស់ នៅក្នុងបន្ទប់សវនាការដើមបណ្ដឹងឈ្មោះ អេង ពៅ នេះ គឺមានបុរសម្នាក់អះអាងថា ជាប្ដី គឺនិយាយប្រាប់ អេង ពៅ ឱ្យនិយាយតាមខ្លួនឆ្លើយប្រាប់តុលាការ រហូតដល់មេធាវីរបស់ស្វាមីគាត់ស្នើតុលាការម្ដងជាពីរដងឱ្យចេញពីបន្ទប់សវនាការ»។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ សីហា បានផ្ដន្ទាទោស លោក អ៊ីស្មាឯល ពិនអូស្មាន និង លោក អះម៉ាត់ យ៉ះយ៉ា ម្នាក់ ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាចំនួន ២០០លានរៀល ស្នើប្រមាណ ៥ម៉ឺនដុល្លារ ទៅឱ្យជនរងគ្រោះពីរនាក់ តាមមាត្រា១១ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
នៅមុនពេលសវនាការមួយថ្ងៃ លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អាស៊ីសេរីថា ទាំងរូបលោក និងមេធាវីរបស់លោក មិនទទួលបានលិខិតកោះហៅពីចៅក្រមជំនុំជម្រះដើម្បីទៅចូលរួមសវនាការឡើយ ទោះជាយ៉ាងនេះក្ដី លោកនិងមេធាវីសម្រេចទៅចូលរួមសវនាការនេះ ដើម្បីទាមទារយុត្តិធម៌។ រីឯភរិយាលោក អ៊ីស្មាឯល ពិនអូស្មាន អះអាងដែរថា អ្នកស្រី និងមេធាវីស្វាមីរបស់អ្នកស្រីក៏មិនបានទទួលលិខិតកោះហៅពីតុលាការទៅចូលរួមសវនាការដែរ តែអ្នកស្រីដឹងតាមរយៈសាក្សីម្នាក់ប្រាប់ពីថ្ងៃសវនាការនេះ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ឱ្យដឹងយ៉ាងខ្លីនៅថ្ងៃទី១៤ សីហាថា បើភាគីជនជាប់ចោទមិនសុខចិត្តអាចដាក់ពាក្យប្ដឹងជំទាស់សាលក្រមនេះទៅតាមនីតិវិធីច្បាប់បាន៖ «ជនសង្ស័យបើមិនសុខចិត្តអាចបន្តនីតិវិធីប្ដឹងទាស់ទៀតបាន»។
លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១២ សីហា នៅមុនពេលលោក ទៅចូលស្ដាប់សវនាការនៅថ្ងៃទី១៣ សីហាថា សំណុំរឿងចាប់ខ្លួនក្មួយប្រុសលោក និងចោទលោក ពីបទជួញដូរមនុស្សនេះ គឺជាការប្រឌិតឡើង ដោយមានលោក ឧស្មាន ហាស្សាន់ ដែលត្រូវជាក្មួយជីដូនមួយរបស់លោក ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោកថា លោក អូស្មាន ហាស្សាន់ ជាអ្នកនៅពីក្រោយខ្នងចង់ចាប់ខ្លួនលោក ដោយសារតែលោក និងពលរដ្ឋជាច្រើនទៀតធ្លាប់មានទំនាស់ជាមួយលោក អូស្មាន ហាស្សាន់ រឿងមិនគាំទ្ររឿងពុះដីវិហារបឹងកក់ធ្វើផ្លូវ។ លោក អះម៉ាត់ យ៉ះយ៉ា អះអាងថា លោកនិងពលរដ្ឋមិនជំទាស់លោក អូស្មាន ហាស្សាន់ ចង់ធ្វើពុះដីវិហារបឹងកក់ចង់ធ្វើផ្លូវនេះទេ ប៉ុន្តែលោកនិងពលរដ្ឋចង់ឱ្យសាលាក្រុងធ្វើវាងរបបវិហារ។
ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលោក អូស្មាន់ ហាសាន់ មិនធ្វើអធិប្បាយចំពោះការចោទប្រកាន់នេះទេ នៅថ្ងៃទី១៤ សីហា។ ប៉ុន្តែលោកបានប្រាប់វិទ្យុវីអូឌី (VOD) យ៉ាងខ្លីថា សំណុំរឿងនេះ មិនជាប់ទាក់ទងលោកទេ គឺជាការសម្រេចរបស់តុលាការ លោកគ្មានអីត្រូវពន្យល់ឡើយ។
ទោះជាយ៉ាងនេះក្ដី នាយរងទទួលបន្ទុកផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត ឱ្យដឹងថា តាមមន្ត្រីរបស់លោកទៅឃ្លាំមើលសវនាការនៅថ្ងៃទី១៣ សីហានេះ ឃើញថា សវនាការនេះ មានភាពមិនប្រក្រតីមួយចំនួន ដែលធ្វើឱ្យមានភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទទាំងពីរនេះ៖ «សាលសវនាការហ្នឹងក្នុងគម្រោងសាលទី៥ វាតូច ដោយសារជាន់រឿងគ្នាគេប្ដូរទៅសាលទី១វិញ ហាក់បីដូចជាគេមិនប្រកាសជាសាធារណៈឱ្យដឹងជាសាធារណៈ ទី២ការជជែកដេញដោលរកភស្តុតាងហ្នឹងមិនមានអ្វីគ្រប់គ្រាន់ ហើយដើមបណ្ដឹងហ្នឹងគឺមានអ្នកបោះប្រ៊ីយ៉ុង គឺមានអ្នកប្រាប់ហើយចាំឆ្លើយតាម»។
យុវជនម្នាក់ឈ្មោះ សុខ ក្រី ដែលបានចូលរួមក្នុងសវនាការនៅថ្ងៃទី១៣ សីហា ប្រាប់អាស៊ីសេរីថា តុលាការមិនបានបង្ហាញភស្តុតាងណាមួយរឹងមាំមកដាក់បន្ទុកទៅលើជនសង្ស័យទាំងពីរនោះទេ។ លោកបានថ្លែង ថា លោក អះម៉ាត់ យ៉ះយ៉ា មិនជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទេ៖ «លោក អះម៉ាត់ យ៉ះយ៉ា មិនមែនសម្រាប់ខ្លួនខ្ញុំទេ គឺសម្រាប់ជនជាតិចាមនៅទូទាំងប្រទេសទាំងអស់ គឺចាត់ទុកគាត់ជាមនុស្សល្អដោយសារអី ? ដោយសារគាត់ជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានគំនិតផ្ដួចផ្ដើមដល់កូនខ្មែរអ្នកកាន់សាសនាឥស្លាមទាំងអស់បានរៀនសូត្រខាងចំណេះដឹងទូទៅ ហើយសរុប កូនសិស្សដែលគាត់ជួយហ្នឹងបានជាង ១ . ០០០នាក់ហើយ គឺឱ្យបណ្ដុះបណ្ដាលឱ្យចប់មានការងារធ្វើល្អ អ្នកខ្លះបានធ្វើជាឯកឧត្ដមអីច្រើនណាស់តាមរយៈគាត់ហ្នឹង»។
លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវជាក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា និងជាប្អូនជីដូនមួយលោក អូស្មាន ហាស្សាន់។ លោកត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ស័យថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត របស់ក្រុមហ៊ុន លោក អះម៉ាត់ យ៉ះយ៉ា កាលពីជាង ១០ឆ្នាំមុន។ រីឯលោក អះម៉ាត់ យ៉ះយ៉ា ដែលត្រូវជាឪពុកមារបស់លោក អូស្មាន ហាស្សាន់ តុលាការចាប់ខ្លួននៅថ្ងៃទី១៣ សីហា ខណៈលោកទៅអង្គុយស្ដាប់សវនាការក្នុងសំណុំរឿងចោទប្រកាន់ក្មួយប្រុសរបស់លោក និងរូបលោកទាក់ទងនឹងការនាំពលករទៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។