មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងឆក់ឱកាសវិបត្តិជំងឺកូវីដ-១៩ ដើម្បីធ្វើច្បាប់ការពារអំណាចរបស់គាត់ទៅថ្ងៃមុខ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលសេចក្ដីព្រាងច្បាប់ស្ដីពីគ្រប់គ្រងប្រទេសក្នុងស្ថានភាពអាសន្នត្រូវបានបញ្ជូនមកដល់ដៃរដ្ឋសភាហើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជឿជាក់ថា លោក ហ៊ុន សែន នឹងមិនយកច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះទេ ពីព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មិនធ្ងន់ធ្ងរដូចនៅបណ្ដាប្រទេសមួយចំនួនឡើយ។ ផ្ទុយទៅវិញ លោកយល់ថា លោក ហ៊ុន សែន នឹងទុកច្បាប់នេះប្រើក្នុងស្ថានភាពដែលអំណាចត្រកូល ហ៊ុន របស់គាត់ រងការគំរាមកំហែងដោយប្រការណាមួយ៖« កាលណាធ្វើច្បាប់ហ្នឹងនៅពេលផ្សេង អាហ្នឹងធ្វើឱ្យពិភពលោក គេនឹងថ្កោលទោស។ ឥលូវនេះ យើងដឹងហើយថា សហគមន៍អន្តរជាតិកំពុងតែជាប់ដៃក្នុងការប្រយុទ្ធជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ។ អ៊ីចឹងគាត់ឆ្លៀតឱកាសធ្វើច្បាប់ហ្នឹងឱ្យហើយ ដល់ពេលណាមួយដែលអំណាចរបស់គាត់ទទួលការគំរាមកំហែងខ្លាំង ព្រោះយើងដឹងហើយថា ប្រទេសកម្ពុជាគេកាន់តែឡោមព័ទ្ធ កូវីដនេះផង EBA ផងទៅ វានឹងមានវិបត្តិសេដ្ឋកិច្ច វាឈានដល់មានវិបត្តិសង្គមហើយ។ ដល់ពេលវិបត្តិសង្គម គាត់អាចនឹងប្រើប្រាស់ច្បាប់ហ្នឹងឯង ដើម្បីត្រួតត្រា » ។
រដ្ឋសភាបានទទួលឯកសារសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្នហើយ កាលពីល្ងាចថ្ងៃទី៣ មេសា។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា លោកមិនទាន់បានឃើញសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ដូច្នេះលោកមិនដឹងថា តើសេចក្ដីព្រាងច្បាប់នេះមានប៉ុន្មានមាត្រា ហើយចែងអំពីអ្វីខ្លះនោះឡើយដែរ។ លោកបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបញ្ជូនបន្តទៅក្រុមការងារបច្ចេកទេសនៃរដ្ឋសភា ហើយប្រធានរដ្ឋសភានឹងកំណត់ថ្ងៃបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីកោះប្រជុំសភាពេញអង្គអនុម័តពង្រាងច្បាប់នេះ នៅពេលឆាប់ៗ ខាងមុខ៖« បើប្រទេសស្ថិតក្នុងភាពអាសន្ន យើងគ្មានច្បាប់ដោះស្រាយ យើងដោះស្រាយយ៉ាងម៉េចកើត ? អ៊ីចឹងច្បាប់ក្នុងភាពអាសន្នហ្នឹង ប្រទេសណាក៏គេមានដែរ ដូច្នេះហើយ យើងធ្វើច្បាប់នេះគឺថា ជាការដោះស្រាយបញ្ហាប្រទេសជាតិ នៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ បើគ្មានភាពអាសន្នទេ វាអត់មានអនុវត្តច្បាប់អ៊ីចឹងទេ » ។
ក្នុងពេលសេចក្ដីព្រាងច្បាប់នេះមិនទាន់ទៅដល់ដៃរដ្ឋសភាស្រួលបួលផង ស្រាប់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតទៅប្រធានព្រឹទ្ធសភា លោក សាយ ឈុំ រួចទៅហើយ ដើម្បីស្នើសុំព្រឹទ្ធសភាឱ្យត្រៀមកោះប្រជុំជាវិសាមញ្ញ ដើម្បីពិនិត្យពង្រាងច្បាប់នេះ។
លោក ហ៊ុន សែន បញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី៣ មេសាថា រដ្ឋាភិបាលរបស់លោកត្រូវការច្បាប់នេះជាចាំបាច់ និងជាការប្រញាប់ ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ទេថា តើរដ្ឋាភិបាលប្រញាប់យកច្បាប់ដ៏ចម្រូងចម្រាស់នេះទៅធ្វើអ្វីនោះឡើយ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ព្រឹទ្ធសភាបានទទួលលិខិតនោះហើយ ប៉ុន្តែពង្រាងច្បាប់មិនទាន់មកដល់នោះទេ។ លោកថា ទាល់តែរដ្ឋសភាអនុម័តរួច ទើបពង្រាងច្បាប់នេះត្រូវបញ្ជូនមកព្រឹទ្ធសភា ហើយប្រធានព្រឹទ្ធសភាមានសិទ្ធិកោះប្រជុំជាវិសាមញ្ញ។ លោកបញ្ជាក់ថា ទោះជាអនុម័តហើយក៏ដោយ ក៏ច្បាប់នេះនឹងមិនត្រូវបានយកទៅអនុវត្តដែរ ដរាបណាព្រះមហាក្សត្រមិនទាន់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នទេនោះ៖ « យោងតាមមាត្រា២២ នៃរដ្ឋធម្មនុញ្ញ វាមានស្រាប់ហើយ ប៉ុន្តែ អត់បានចែងលម្អិត អ៊ីចឹងគឺ យើងតាក់តែងលម្អិត ដើម្បីធ្វើយ៉ាងណាឱ្យមានបទដ្ឋានគតិយុត្តិ។ ពេលព្រឹត្តិការណ៍ហ្នឹងកើតឡើងភ្លាម គឺយើងមានច្បាប់ប្រើតែម្ដង » ។
សេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលបានបែកធ្លាយជាសាធារណៈ មានចំនួន៥ ជំពូក ចែកជា១១ មាត្រា។ សេចក្ដីព្រាងច្បាប់នេះផ្ដល់អំណាចច្រើនលើសលប់ដល់រដ្ឋាភិបាល ឱ្យដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ព្រមទាំងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមគ្រប់ប្រភេទ។ ជាពិសេសរដ្ឋាភិបាលអាចប្រើកងកម្លាំងប្រដាប់អាវុធ និងគ្រប់គ្រងតាមបែបអាជ្ញាសឹកថែមទៀត ប្រសិនបើរដ្ឋាភិបាលយល់ថា សន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ អ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិបារម្ភថា ច្បាប់នេះអាចនឹងត្រូវបានប្រើប្រាស់ខុសទិសដៅប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ព្រោះច្បាប់នេះមានចែងអំពីទោសបញ្ញត្តិធ្ងន់ធ្ងរ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថា ទាំងរដ្ឋសភា និងព្រឹទ្ធសភា សុទ្ធសឹងជាស្ថាប័នចាំប្រថាប់ត្រាឱ្យលោក ហ៊ុន សែន ដូច្នេះលោកជឿថា អង្គនីតិប្បញ្ញត្តិទាំងពីរនឹងមិនដេញដោលស៊ីជម្រៅអំពីចំណុចអវិជ្ជមាននៃសេចក្ដីព្រាងច្បាប់នេះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ នឹងជួយលោក ហ៊ុន សែន ឱ្យគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការយូរអង្វែងតទៅទៀត ជាពិសេស គឺវានឹងធ្វើឱ្យការដឹកនាំបែបផ្ដាច់ការរបស់គាត់ក្លាយជាស្របច្បាប់ និងមានលក្ខណៈផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។