កម្ពុជា​បណ្ដេញ​ជនជាតិ​ចិន​១៤២​នាក់​ទៅ​ប្រទេស​ចិន​វិញ

0:00 / 0:00

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ១១៦​នាក់ ក្នុង​នោះ​មាន​ស្រី ២៩​នាក់ ទៅ​ប្រទេស​ចិន​វិញ កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

ជនជាតិ​ចិន​ទាំងនោះ​រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍ (VOIP) ហើយ​ការ​បណ្ដេញ​ចេញ​នេះ ត្រូវ​បាន​ធ្វើឡើង​តាម​ដីកា​ពី​អាជ្ញាធរ​ប្រទេស​ចិន​ផង​ដែរ។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ច័ន្ទ​ទី ៣០ ខែ​កញ្ញា​នេះ​ថា ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ជើង​យន្តហោះ Charter Flight ចំនួន​ពីរ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា។

លោក កែវ វណ្ណថន បន្ថែម​ថា អគ្គនាយកដ្ឋាន​ក៏​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​២៦​នាក់ ទៅ​ប្រទេស​ចិន​វិញ​ផង​ដែរ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​នេះ បន្ទាប់ពី​បាន​រក​ឃើញ​ថា ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍។

លោក​បន្ត​ថា ជនជាតិ​ចិន ១១៦ នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​ភ្នំពេញ។ ចំណែក​ជនជាតិ​ចិន​ចំនួន ២៦ នាក់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មុន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង៖ «មិនមែន​ថា បញ្ជូន​ចេញ​លើក​នេះ​គឺ​អស់​ទេ កន្លង​មក​យើង​ចាប់​មួយ ចាប់​ពីរ អី​ហ្នឹង​បា មាននៅ​សល់​ខ្លះ នៅ​កន្លែង​ខ្ញុំ​ហ្នឹង មិន​ទាន់​បាន​ប្រកាស​បណ្ដេញ​ចេញ កាលណា​មាន​ប្រកាស យើង​នឹង​បណ្ដេញ​ចេញ​បន្ត​ទៀត»។

លោក​មានប្រសាសន៍​ថា ឥឡូវនេះ​មាន​ជនជាតិ​ចិន​ចំនួន ៧២​នាក់ ទៀត​មិន​ទាន់​បាន​ធ្វើ​ការ​បណ្ដេញ​ចេញ ព្រោះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង មិន​ទាន់​បាន​ចុះហត្ថលេខា ធ្វើការ​បណ្ដេញ​ចេញ ហើយ​ជនជាតិ​ចិន​ទាំងនេះ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​មន្ទីរ​ឃុំខ្លួន ក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។ លោក​ថា ជនជាតិ​ចិន​ដែល​បាន​ចាប់ខ្លួន​កន្លង​ទៅ​នេះ សុទ្ធតែ​ជា​ជនជាតិ​ចិន​ដី​គោក៖ «រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស៊ីញេ ( ចុះ​ហត្ថលេខា ) ប្រកាស​បណ្តេញ​ចេញ យើង​បណ្ដេញ​ចេញ ហើយ​អត់​មាន​ចាំ​ភាគី​ខាង​ចិន​ណា​ទេ»។

ក្រសួង​មហាផ្ទៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣២៣​នាក់ ក្នុង​ករណី​បី​ដាច់ដោយឡែក​ពី​គ្នា​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែ​សីហា​កន្លងទៅ ពី​បទ​សង្ស័យ​ថា ប្រព្រឹត្ត​ករណី​ចាប់ជំរិត គំរាមកំហែង​ទារ​ប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍។

មក​ទល់​ពេល​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ៣៨៥​នាក់​ហើយ។

កន្លង​ទៅ​សង្គម​ស៊ីវិល​បាន​រិះគន់​អាជ្ញាធរ​ភ្នំពេញ​ថា មិនបាន​ផ្ដន្ទាទោស​ជនជាតិ​ចិន មុន​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​នោះ​ទេ ដែល​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ទាំងនោះ មិន​ខ្លាច​នឹង​បន្ត​ប្រព្រឹត្ត​បទល្មើស​តទៅទៀត ក្នុងពេលដែល​ពួកគេ​ស្នាក់នៅ​ប្រទេស​មួយ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។