ក្រសួងការបរទេសកម្ពុជា អះអាងថា កម្ពុជា បានគោរព និងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិករណីចាត់វិធានការចាប់បញ្ជូនពលករកូរ៉េខាងជើងទៅប្រទេសកំណើតវិញ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើសុំឱ្យ ប្រទេសជាសមាជិកទាំងអស់ ផ្អាកជំនួញរកស៊ី និងចាប់បញ្ជូនពលករកូរ៉េខាងជើងទៅប្រទេសប្រទេសដើមវិញ ដោយសារពួកគេបរិច្ចាគប្រាក់ខែ ដើម្បីផលិតនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ក្នុងនាមប្រទេសកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ គឺកម្ពុជាសន្យាគោរពនិងអនុវត្តតាមសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះយ៉ាងណាក្តី លោក កុយ គួង មិនបញ្ជាក់ថា កម្ពុជា បានចាប់បញ្ជូនពលករកូរ៉េខាងជើងទៅវិញប៉ុន្មាននាក់នោះទេ ដោយនៅតែអះអាងដដែលៗថា កម្ពុជា ប្ដេជ្ញាគោរព និងអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «ខ្ញុំអត់ច្បាស់ទេ មិនដឹងមានចំនួនណាពិតប្រាកដប៉ុន្មានទេ ដោយសារខ្ញុំគ្មានតួលេខក្នុងដៃ។ អ្វីដែលខ្ញុំចង់បញ្ជាក់គឺកម្ពុជា គោរពតាម និងអនុវត្តនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធករណីកូរ៉េខាងជើងនេះ»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងនឹងប្រទេសកុម្មុយនីស្តកូរ៉េខាងជើង ដែលពិភពលោកមិនរាប់រក ដើម្បីឆ្លើយតបនឹងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ។ វិធានការណ៍នោះ បានហាមប្រាមរដ្ឋសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ មិនឱ្យផ្ដល់ការអនុញ្ញាតឱ្យពលករជនជាតិកូរ៉េខាងជើងធ្វើការនៅក្នុងប្រទេសសមាជិកទាំងនោះឡើយ។ វិធានការណ៍ដដែលនេះ ក៏តម្រូវឱ្យរដ្ឋសមាជិកទាំងអស់បញ្ជូនពលករជនជាតិកូរ៉េខាងជើងទាំងអស់ និងមន្ត្រីអនុពន្ធសន្តិសុខរបស់រដ្ឋាភិបាលកូរ៉េខាងជើង (DPRK government safety oversight attache) ឱ្យត្រឡប់ទៅកាន់ស្រុកកំណើតខ្លួនវិញ ត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រកឃើញថា របបក្រុងព្យុងយ៉ាង បានយកលុយប្រមូលពីពលករខ្លួននៅបរទេស ទៅអភិវឌ្ឍន៍កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងផលិតគ្រាប់មីស៊ីល។
របាយការណ៍លម្អិតរបស់ក្រុមអ្នកជំនាញការអង្គការសហប្រជាប្រជាជាតិស្ដីពីករណីកូរ៉េខាងជើង (UN Panel of Experts on North Korea) ផ្សាយកាលពីខែមីនា ឆ្នាំ២០១៩ សរសេរថា កន្លងទៅ កម្ពុជាធ្លាប់បានឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងជើងមួយឈ្មោះ Mnsudae New Tech Corporation។ កម្ពុជាឆ្លើយតបថា ក្រុមហ៊ុននេះបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាវិនិយោគបង្កើតសារមន្ទីរឈ្មោះ Grand Angkor Panorama Museum នៅក្នុងទឹកដីខេត្តសៀមរាប។ កម្ពុជាក៏បាលផ្ដល់ទិន្នន័យអំពីជនជាតិកូរ៉េខាងជើងចំនួន ១២នាក់ ធ្វើការឱ្យក្រុមហ៊ុននោះដែរ។ ក៏ប៉ុន្តែ របាយការណ៍របស់ក្រុមអ្នកជំនាញការអង្គការសហប្រជាជាតិដដែលនេះ បញ្ជាក់ថា កម្ពុជានៅពុំទាន់បានឆ្លើយបំភ្លឺតបទៅនឹងលិខិតចុងក្រោយអំពីការអនុវត្តតាមវិធានការណ៍របស់អង្គការសហប្រជាជាតិ នេះនៅឡើយទេ។
ក្រៅពីនេះ ផ្អែកតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដដែលនេះ ក៏រកឃើញថា យ៉ាងហោចណាស់នៅមានភោជនីយដ្ឋានរបស់កូរ៉េខាងជើងចំនួនបី កំពុងប្រតិបត្តិការនៅកម្ពុជា ក្នុងនោះមានភោជនីយដ្ឋានឈ្មោះ Pyongyang (koryo) ស្ថិតនៅតាមបណ្ដោយវិថីព្រះមុនីវង្ស ភោជនីយដ្ឋាន Pyongyang Arirang ស្ថិតនៅតាមបណ្ដោយវិថីនេរុហ៍ និងភោជនីយដ្ឋាន Pyongyang Unhasu ស្ថិតនៅខណ្ឌទួលគោក។ របាយការណ៍សរសេរថា ក្រុមហ៊ុនភោជនីយដ្ឋានចុងក្រោយនេះ ក៏មានជាប់ពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុដទៃទៀតដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បដិសេធអត្ថាធិប្បាយលម្អិតជុំវិញករណី ថាតើរដ្ឋាភិបាលពិតបានបិទអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េខាងជើងទាំងនេះដែរឬយ៉ាងណានោះទេ គិតត្រឹមថ្ងៃទី២០ ធ្នូ ដោយលោកស្នើឱ្យអ្នកសារព័ត៌មានសង្កេតមើលដោយខ្លួនឯង។
អាស៊ីសេរីពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ ដើម្បីសួរនាំបន្ថែមជុំវិញស្ថានភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េខាងជើងដែលមានឈ្មោះក្នុងបញ្ជីរបកគំហើញរបស់ក្រុមអ្នកជំនាញការអង្គការសហប្រជាជាតិនៅឡើយទេ។
កន្លងមក ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏បានដាក់ទណ្ឌកម្មលើប្រទេសកុម្មុយនិស្តកូរ៉េខាងជើងជាបន្តបន្ទាប់ដែរ ខាងវិស័យសេដ្ឋកិច្ច និងការនាំចេញ ដើម្បីកាត់ផ្ដាច់នូវហិរញ្ញប្បទានទាំងឡាយ ដែលអាចយកទៅចិញ្ចឹមដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕