តុលាការក្រុងភ្នំពេញចាប់ផ្តើមសាកសួរជនជាតិចិន ២នាក់ពីបទចាប់ជំរិតទារ ប្រាក់ចំនួនជាង២០ម៉ឺនដុល្លារ ពីជនរងគ្រោះជនជាតិចិនដូចគ្នាមិនបានសម្រេចកាលពីថ្ងៃទី៣០ កក្កដា កន្លងទៅនេះ។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីវត្តមានជនជាតិចិនអាចនឹងបង្កអសន្តិសុខ និងភាពភ័យខ្លាចរបស់ពលរដ្ឋខ្មែរ។
សមត្ថកិច្ចឲ្យដឹងថា តុលាការក្រុងភ្នំពេញមិនទាន់បានបញ្ចប់នីតិវិធីសាកសួររបស់ខ្លួននៅឡើយទេទាក់ទិននឹងជនជាតិចិនចំនួនពីរនាក់ ដែលក្រុមសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នាមិនបានសម្រេច។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីថា តុលាការកំពុងនីតិវិធីរបស់ខ្លួន ក្រោយពីសមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតុលាការ ដើម្បីជំនុំជម្រះទោស។ តែលោកមិនបានបញ្ជាក់ថា តុលាការសម្រេចយ៉ាងណានៅឡើយទេ៖ «រឿងចិនដែលចាប់ជំរិតនៅខណ្ឌ សែន សុខ នោះ បញ្ជូនទៅតុលាការហើយពីរនាក់។ ចំណែកពីរនាក់ទៀត កំពុងស្វែងរកចាប់ខ្លួន»។
សមត្ថកិច្ចខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ កក្កដា កំពុងស្វែងរកចាប់ខ្លួនជនជាតិចិន២នាក់ទៀត បន្ទាប់ពីបានឃាត់ខ្លួនជនជាតិចិន ២នាក់ ក្រោយពីធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នាចំនួន ៣នាក់ មិនបានសម្រេច។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា មូលហេតុដែលនាំទៅរកការចាប់ខ្លួននេះដោយសារតែមានការសហការពីអ្នកជិតខាងបានប្ដឹងមកសមត្ថកិច្ចថា ពួកគេសង្ស័យទៅលើជនជាតិចិនមួយក្រុម បានចាប់ជនរងគ្រោះយកទៅបង្ខាំងក្នុងផ្ទះកន្លែងនៅខណ្ឌសែនសុខ ដើម្បីជំរិតទារប្រាក់។លោកបានបញ្ជាក់ថា ជនល្មើសបានគំរាមទារប្រាក់ចំនួន២៥ម៉ឺនយ័ន គឺប្រមាណជិត២០ម៉ឺនដុល្លារពីក្រុមគ្រួសារជនរងគ្រោះ។
លោកនិយាយថា ជនរងគ្រោះត្រូវជនល្មើសធ្វើទារុណកម្ម ប៉ុន្តែ មិនមានសភាពធ្ងន់ធ្ងរទេ ហើយជនរងគ្រោះបានចេញពីមន្ទីរពេទ្យហើយក្រោយពីបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយរយៈ។
សមត្ថកិច្ច ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ កក្កដា បានចាប់ខ្លួនជនជាតិចិនចំនួន ១១នាក់។ ក្រោយពីពួកគេបានចាប់បុរសជនជាតិចិនដូចគ្នាម្នាក់ បង្ខាំងទុកដើម្បីជំរិតទារប្រាក់មិនបានសម្រេច ចំនួន៣០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន។
កាលពីខែមិថុនា ដល់ខែកក្កដានេះ ករណីជំរិតទារប្រាក់ដែលរវាងជនជាតិចិន និងជនជាតិចិនដូចគ្នានេះបានកើតមានឡើងចំនួនចំនួន ៤ករណី ហើយគឺពីរករណីកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ និងករណីចុងក្រោយកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ។
ករណីចាប់ជំរិតទារប្រាក់នេះ បានបង្កឲ្យមន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានសំដែងការព្រួយបារម្ភពីអសន្តិសុខនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជនជាតិចិនបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ជាប់ៗគ្នា នៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ប្រាប់អាស៊ីសេរីថាមួយរយះចុងក្រោយនេះ នៅក្នុងខេត្តព្រះសីហនុ ដែលសំបូរទៅដោយជនជាតិចិនរស់នៅ និងមករកស៊ី ច្រើនគឺជាទីកន្លែងមួយដែលមានការប្រព្រឹត្តិបទល្មើសច្រើន ទៅលើជនជាតិចិនដូចគ្នា។ ករណីទាំងនោះរួមមាន បទល្មើសទាំងនោះរួមមាន បទល្មើសចាប់ជំរិតជនជាតិចិនគ្នាឯង បទល្មើសបង្ករបួសស្នាម វាយតប់គ្នាជាបន្តបន្ទាប់ដែលធ្វើឱ្យប្រជាពលរដ្ឋទីនោះព្រួយបារម្ភពីបញ្ហាអសន្តិសុខ ក្នុងសង្គម៖ «ជាសំណូមពរបន្ថែមគឺសូមឲ្យអាជ្ញាធរ មានការចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយត្រូវពិនិត្យឱ្យបានច្បាស់លាស់ដែរ ចំពោះជនជាតិ ចិនទាំងឡាយដែលមករស់នៅហ្នឹង តែស្របច្បាប់ ឬមិនស្របច្បាប់កុំឲ្យមានបទល្មើសហ្នឹងកើនឡើងជាបន្តទៅទៀត»។
កាលពីឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុក៏បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន ១២៧នាក់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិចិន ត្រូវបានចាត់ទុកថា ជាជនបរទេស ដែលបានចូលមកក្នុងប្រទេសកម្ពុជា ហើយបានប្រព្រឹត្តបទល្មើសច្រើនជាងគេ ក្នុងចំណោមជនបរទេសដទៃទៀត ដែលករណីបទល្មើសសរុបចំនួន ៣២៤ករណី នៅឆ្នាំ២០១៩។ ចំនួននេះ បានកើនឡើងជិត ៥០ករណី ធៀបទៅនឹងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។