តុលាការ​ក្រុង​ភ្នំពេញ​ចាប់ផ្ដើម​សាកសួរ​ជនជាតិ​ចិន​២​នាក់ ទាក់ទិន​ចាប់ជំរិត​ជនជាតិ​ចិន ៣​នាក់

តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ផ្តើម​សាកសួរ​ជនជាតិ​ចិន ២​នាក់​ពី​បទ​ចាប់ជំរិត​ទារ ប្រាក់​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ ពី​ជនរងគ្រោះ​ជនជាតិ​ចិន​ដូចគ្នា​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី៣០ កក្កដា កន្លង​ទៅ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​វត្តមាន​ជនជាតិ​ចិន​អាច​នឹង​បង្ក​អសន្តិសុខ និង​ភាព​ភ័យខ្លាច​របស់​ពល​រដ្ឋ​ខ្មែរ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​បញ្ចប់​នីតិវិធី​សាកសួរ​របស់​ខ្លួន​នៅឡើយ​ទេ​ទាក់ទិន​នឹង​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់ ដែល​ក្រុម​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជន​ជាតិ​ចិន​ដូចគ្នា​មិន​បាន​សម្រេច។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ីសេរី​ថា តុលាការ​កំពុង​នីតិវិធី​របស់​ខ្លួន ក្រោយពី​សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ទៅ​តុលាការ ដើម្បី​ជំនុំជម្រះ​ទោស។ តែ​លោក​មិន​បាន​បញ្ជាក់​ថា តុលាការ​សម្រេច​យ៉ាងណា​នៅឡើយ​ទេ៖ «រឿង​ចិន​ដែល​ចាប់ជំរិត​នៅ​ខណ្ឌ សែន សុខ នោះ បញ្ជូន​ទៅ​តុលាការ​ហើយ​ពីរ​នាក់​។ ចំណែក​ពីរ​នាក់​ទៀត កំពុង​ស្វែងរក​ចាប់ខ្លួន»។

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ កាល​ពី​ថ្ងៃ​ទី៣០ កក្កដា កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ចិន​២​នាក់​ទៀត បន្ទាប់ពី​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូចគ្នា​ចំនួន ៣​នាក់ មិន​បាន​សម្រេច។

ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ីសេរី​ថា មូល​ហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​នេះ​ដោយសារ​តែ​មាន​ការ​សហការ​ពី​អ្នកជិតខាង​បាន​ប្ដឹង​មក​សមត្ថកិច្ច​ថា ពួកគេ​សង្ស័យ​ទៅលើ​ជនជាតិ​ចិន​មួយ​ក្រុម បាន​ចាប់​ជនរងគ្រោះ​យក​ទៅ​បង្ខាំង​ក្នុង​ផ្ទះ​កន្លែង​នៅ​ខណ្ឌ​សែន​សុខ ដើម្បី​ជំរិត​ទារ​ប្រាក់​។​លោក​បាន​បញ្ជាក់​ថា ជនល្មើស​បាន​គំរាម​ទារ​ប្រាក់​ចំនួន​២៥​ម៉ឺន​យ័ន គឺ​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ។

លោក​និយាយ​ថា ជនរងគ្រោះ​ត្រូវ​ជនល្មើស​ធ្វើ​ទារុណកម្ម ប៉ុន្តែ មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ហើយ​ជនរងគ្រោះ​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​រយៈ​។​

សមត្ថកិច្ច ក្រសួងមហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់​។ ក្រោយពី​ពួកគេ​បាន​ចាប់​បុរស​ជន​ជាតិ​ចិន​ដូចគ្នា​ម្នាក់ បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​មិន​បាន​សម្រេច ចំនួន​៣០​ម៉ឺន​ដុល្លារ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន។

កាលពី​ខែ​មិថុនា ដល់​ខែកក្កដា​នេះ ករណី​ជំរិត​ទារ​ប្រាក់​ដែល​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូចគ្នា​នេះ​បាន​កើតមានឡើង​ចំនួន​ចំនួន ៤​ករណី ហើយ​គឺ​ពីរ​ករណី​កើតមានឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​ចុងក្រោយ​កើតមាន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ករណី​ចាប់ជំរិត​ទារ​ប្រាក់​នេះ បាន​បង្ក​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​បាន​សំដែង​ការ​ព្រួយបារម្ភ​ពី​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារ​ប្រាក់​ជាប់ៗ​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា​មួយ​រយះ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​សំបូរ​ទៅ​ដោយ​ជនជាតិ​ចិន​រស់នៅ និង​មក​រក​ស៊ី ច្រើន​គឺជា​ទីកន្លែង​មួយ​ដែល​មាន​ការប្រព្រឹត្តិ​បទល្មើស​ច្រើន ទៅ​លើ​ជនជាតិ​ចិន​ដូចគ្នា​។ ករណី​ទាំងនោះ​រួមមាន បទល្មើស​ទាំងនោះ​រួមមាន បទល្មើស​ចាប់ជំរិត​ជនជាតិ​ចិន​គ្នាឯង បទល្មើស​បង្ក​របួស​ស្នាម វាយតប់​គ្នា​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទីនោះ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ ក្នុង​សង្គម៖ «ជា​សំណូមពរ​បន្ថែម​គឺ​សូម​ឲ្យ​អាជ្ញាធរ មានការ​ចាត់​វិធានការ​តឹងរ៉ឹង​បំផុត ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ដែរ ចំពោះ​ជនជាតិ ចិន​ទាំងឡាយ​ដែល​មក​រស់នៅ​ហ្នឹង តែ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​កុំ​ឲ្យ​មាន​បទល្មើស​ហ្នឹង​កើន​ឡើង​ជា​បន្ត​ទៅ​ទៀត»។

កាលពី​ឆ្នាំ​២០១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏​បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន ១២៧​នាក់​ទៅកាន់​ប្រទេស​ចិន​វិញ ក្រោយពី​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

របាយការណ៍​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនបរទេស ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ ក្នុង​ចំណោម​ជនបរទេស​ដទៃ​ទៀត ដែល​ករណី​បទល្មើស​សរុប​ចំនួន ៣២៤​ករណី នៅ​ឆ្នាំ​២០១៩​។ ចំនួន​នេះ បាន​កើន​ឡើង​ជិត ៥០​ករណី ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។