សាលាឧទ្ធរណ៍កោះហៅប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ឱ្យចូលបំភ្លឺ នៅថ្ងៃទី១៦ មករាខាងមុខ។ ដីកាកោះនេះ បន្ទាប់ពីដើមបណ្ដឹងបានប្ដឹងទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានផ្ដន្ទាទោសដាក់គុកលោក ១ឆ្នាំ ក្នុងសំណុំរឿងមន្ត្រីប៉ូលិសម្នាក់ ដួលសន្លប់មុខឡានលោកនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ថា ជារឿងអយុត្តិធម៌។
ព្រះរាជអាជ្ញានៃមហាអយ្យកាអមសាលាឧទ្ធរណ៍លោក តាន់ សេណារ៉ុង បង្គាប់ឱ្យលោក ឌិន ពុទ្ធី ចូលបំភ្លឺតុលាការនៅបន្ទប់ពិភាក្សាដេញដោលនៅព្រឹកថ្ងៃទី១៦ មករា។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាំងពីខែមករា ឆ្នាំ២០១៧។
លោក ឌិន ពុទ្ធី ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៤ មករាថា មូលហេតុដែលលោកប្ដឹងឧទ្ធរណ៍ដោយសារលោកមិនពេញចិត្តនឹងសាលក្រមរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្រេចឱ្យលោកចាញ់ក្ដី។ លោករំពឹងថា តុលាការឧទ្ធរណ៍នឹងអាចជួយរកយុត្តិធម៌ជូនលោកបាន។ លោកបញ្ជាក់ថា សាលាដំបូងខេត្តបានចោទប្រកាន់លោកដោយអយុត្តិធម៌ ពីព្រោះលោកថា កាលពីឆ្នាំ២០១៦ នោះ អតីតនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ គឺលោក ឈាន ពិសិដ្ឋ បានធ្វើពុតជាដួលដោយខ្លួនឯង៖ «កាលណាគេកាត់ឱ្យខ្ញុំបានទោសអីចឹងទោះបីខ្ញុំរួចខ្លួនក៏ដោយ ក៏នៅក្នុងបញ្ជីខ្មៅរបស់តុលាការដែរ ហើយមួយទៀតវាធ្វើយើងខូចកិត្តិយស ចង់និយាយថាយើងអត់បានធ្វើអីសោះ ស្រាប់តែយើងមានឈ្មោះក្នុងបញ្ជីខ្មៅរបស់គេ។ វាអយុត្តិធម៌ហួសហេតុមិនអាចទទួលយកបានទេ។ អីចឹងសុំឱ្យសាលាឧទ្ធរណ៍ហ្នឹងមេត្តាពិនិត្យឡើងវិញ ហើយនឹងផ្ដល់ភាពយុត្តិធម៌ឱ្យខ្ញុំវិញ។មួយទៀតខ្ញុំសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់ ឬទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ពីព្រោះសាលាឧទ្ធរណ៍ធ្លាប់ធ្វើការដោះលែងខ្ញុំឱ្យនៅក្រៅឃុំកាលពីដើមឆ្នាំ២០១៧»។
កាលពីធ្នូឆ្នាំ២០១៨ សាលាដំបូងខេត្តបន្ទាយមានជ័យបានផ្ដន្ទាទោសលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តទោសតែ ២១ថ្ងៃ ដោយចោទប្រកាន់ថា បានបើកឡានបុកនាយរងប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺលោក ឈាន ពិសិដ្ឋ កាលពីខែធ្នូឆ្នាំ២០១៦។
លោក ឌិន ពុទ្ធី ត្រូវបានតុលាការដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការប្ដឹងទាស់លើសំណុំរឿងនេះ ជារឿងត្រឹមត្រូវ ដើម្បីឱ្យតុលាការជួយរកយុត្តិធម៌ និងដើម្បីស្ដារភាពស្អាតស្អំរបស់ជនត្រូវចោទ។ លោកបញ្ជាក់ថា សាលាដំបូងខេត្តផ្ដន្ទាទោសលោក ឌិន ពុទ្ធី ដោយអយុត្តិធម៌ ពីព្រោះក្នុងវីដេអូឃ្លីប និងសាក្សីស្ថិតនៅកន្លែងកើតហេតុជាច្រើននាក់ បានអះអាងថា មន្ត្រីសង្គមស៊ីវិលរូបនេះមិនបានបើកឡានបុកប៉ូលិសដូចការចោទប្រកាន់ឡើយ៖ «ហ្នឹងវីដេអូបញ្ជាក់ផងចុះបើសិនអត់មានវីដេអូបញ្ជាក់ទៀត គឺសមត្ថកិច្ចអះអាងតាមតែចិត្តហ្នឹង។ ហើយដាក់ទោសទៅលើមនុស្សដែលមិនបានប្រព្រឹត្តអីចឹងអយុត្តិធម៌សង្គមណាស់ដែលនៅក្នុងការមិនចាត់ការ ចាត់ការដែរ ប៉ុន្តែទៅជាដាក់ទោសទៅតាមអ្វីដែលខ្លួននឹកឃើញតាមដែលខ្លួនរៀបចំធ្វើការចោទប្រកាន់នោះ»។
ក្រោយពីមានក្ដីក្ដាំងនេះលោក ឈាន ពិសិដ្ឋ ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ បន្ទាប់ពីមានជម្លោះជាមួយមិត្តរួមការងារនៅក្រុងប៉ោយប៉ែតកាលពីឆ្នាំ២០១៧។
អាស៊ីសេរីមិនអាចទាក់ទងលោក ឈាន ពិសិដ្ឋ ដើម្បីអត្ថាធិប្បាយជុំវិញពីការប្ដឹងទាស់របស់លោក ឌិន ពុទ្ធី នេះបាននៅឡើយទេ នៅថ្ងៃទី១៤ មករា។
លោក ឌិន ពុទ្ធី ថ្លែងថា ប្រសិនបើសាលាឧទ្ធរណ៍មិនអាចផ្ដល់យុត្តិធម៌ជូនលោកបានទេ លោកនឹងប្ដឹងរកយុត្តិធម៌ទៅតុលាការកំពូលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។