អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថាចំណាត់ការពន្លឿនច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន គឺជាការលើកទឹកចិត្តបន្ថែម ដល់អ្នកប្រជាធិបតេយ្យ។ អ្នកស្រី មូរ សុខហួរ ថ្លែងថា មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមគ្រប់មធ្យោបាយ ជាពិសេស មធ្យោបាយការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដើម្បីទាមទារឲ្យរបបក្រុង ភ្នំពេញស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៖ «នេះយើងអបអរសាទរ! នេះជាការងារដែលយើងបានធ្វើ ដើម្បីឲ្យមានការដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការសម្លាប់ប្រជាធិបតេយ្យ អំពើពុករលួយ និងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា។ នេះជាការលើកទឹកចិត្ត ឲ្យយើងបន្តធ្វើឲ្យមានប្រជាធិបតេយ្យ ដើម្បីសំឡេងរួមមួយ និងការពារប្រយោជន៍ជាតិ»។
ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូប កាលពីថ្ងៃទី៣ ខែមករា បានស្នើច្បាប់បន្ថែមមួយទៀត ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន។
សមាជិកព្រឹទ្ធសភាទាំងពីររូបនោះ គឺលោក អិត ម៉ាឃី (Ed Markey) ដែលជាប្រធានអនុគណៈកម្មាធិការទំនាក់ទំនងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ព្រឹទ្ធសភា និងលោក ឃ័ររី ហ្កាតន័រ (Cory Gardner) បានដាក់សេចក្តីស្នើច្បាប់ ឈ្មោះថា ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា The Cambodia Democracy Act ឬ S.3081 ដើម្បីជាសេចក្តីស្នើច្បាប់ អមទៅនឹងសេចក្តីស្នើច្បាប់ H.R.526 ដែលរដ្ឋសភាបានអនុម័តរួចហើយ កាលពីកក្កដា ឆ្នាំ ២០១៩។
សមាជិកព្រឹទ្ធសភាទាំងពីរ បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថាសេចក្តីស្នើច្បាប់ថ្មី ដែលជាច្បាប់អមនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។
សមាជិកព្រឹទ្ធសភាលោក ហ្កាតន័រ ថាសហរដ្ឋអាមេរិក មិនអាចឈរឱបដៃមើល នៅពេលដែលរបបផ្តាច់ការ កំពុងបំផ្លាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងការបើកដៃឲ្យឥទ្ធិពលចិន បំផ្លាញកម្ពុជានោះទេ។ លោកថា ច្បាប់នេះ នឹងការពារអ្នកប្រជាធិបតេយ្យ និងដាក់ទណ្ឌកម្មលើអ្នកបំផ្លាញប្រជាធិបតេយ្យ។
ទណ្ឌកម្មដែលមាននៅក្នុងច្បាប់នោះ រួមមានបង្កកទ្រព្យសម្បត្តិ របស់មន្រ្តីជាន់ខ្ពស់របបលោក ហ៊ុន សែន និងមន្រ្តីយោធា ដែលចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និងបិទដ្ឋាការ ដោយមិនឲ្យអ្នកទាំងនោះ ធ្វើដំណើរចូលទឹកដីអាមេរិក។
មន្ត្រីព្រឹទ្ធសភាអាមេរិក ថា ច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ឬច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526 នឹងត្រូវយកមកពិភាក្សាដេញដោល ពេលព្រឹទ្ធសភាចូលកងវិញ នៅដើមឆ្នាំ២០២០។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ ជុំវិញរឿងនេះបាននៅឡើយទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន តែងតែអះអាងជាប្រចាំថា រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍នឹងសេចក្តីស្នើច្បាប់ ដែលស្នើឡើងដោយតំណាងអាមេរិកនោះទេ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ។
ចំណែកឯអ្នកនាំពាក្យគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស (Suzanne Wrasse) ឱ្យអាស៊ីសេរី ដឹងកាលពីពេលថ្មីៗ នេះថា គ្មានហេតុផលណាមួយ ដែលអាចរារាំងព្រឹទ្ធសភា ក្នុងការអនុម័តច្បាប់នេះនោះទេ។ អ្នកស្រីបញ្ជាក់ថា ព្រឹទ្ធសភាបានដឹងឮ អំពីច្បាប់នេះរួចហើយ ហើយព្រឹទ្ធសភានឹងពិចារណាច្បាប់នេះ នៅឆ្នាំថ្មី ឆ្នាំ ២០២០ ពេលដែលព្រឹទ្ធសភាចូលកងវិញ។
តាមកាលវិភាគឆ្នាំ២០២០ ព្រឹទ្ធសភាអាមេរិក នឹងចូលកងវិញនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០៕
សូមអានសេចក្តីរាយការណ៍ ដែលពាក់ព័ន្ធនឹងនីតិវិធីធ្វើច្បាប់ H.R.526 ដោយចុចលើ Link នេះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។