អ្នកវិភាគនយោបាយ លោក គឹម សុខ នៅតែប្រកាន់ជំហរថា លោកមិនខ្លាចនឹងការរិះគន់ចំពោះរបបក្រុងភ្នំពេញទេ បើទោះបីជារបបនេះ បានបង្ខំលោកឱ្យបង់ប្រាក់ចំនួន ២០ម៉ឺនដុល្លារពាក់ព័ន្ធរឿងក្តីចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ កាលពីឆ្នាំ២០១៧។ មេធាវីការពារក្តីឱ្យលោក ហ៊ុន សែន មិនធ្វើអត្ថាធិប្បាយចំពោះរឿងក្តីនេះទេ ដោយលោកនិយាយថា រឿងក្តីនីមួយៗ មិនអាចនិយាយចេញជាសាធារណៈទេ។
អ្នកហ៊ាននិយាយរិះគន់ឥត សំចៃចំពោះរបបក្រុងភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក គឹម សុខ
ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២ មករាថា ការណ៍ដែលលោក ហ៊ុន សែន ព្យាយាមទាមទារលុយសំណង ៨០០រយលានរៀល គឺគ្រាន់តែជាការរឹតត្បិតសេរីភាព របស់លោកមិនឱ្យចូលរួមក្នុងសកម្មភាពនយោបាយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា រឿងក្ដីក្ដាំរវាងលោក និងលោក ហ៊ុន សែន មិនមែនជារឿងធំនោះទេ ដោយសារតុលាការបានកាត់ទោសលោកឱ្យជាប់ទោសនៅក្នុងពន្ធនាគារចំនួន ១៨ខែ ហើយលោកក៏បានអនុវត្តទោសរួចរាល់ហើយដែរ។ លោកបញ្ជាក់ថា រឿងក្តីរបស់លោកគឺជារឿងចម្លែក ពីព្រោះកន្លងមក តុលាការកាត់ទោសអ្នកផ្សេងពីបទចោទដូចគ្នានេះដែរ ប៉ុន្តែតុលាការអត់មានតម្រូវឱ្យសងជំងឺចិត្តក្នុងទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះទេ។ លោកចាត់ទុកថា ករណីរបស់លោក ជាមួយនឹងលោក ហ៊ុន សែន គឺជារឿងនយោបាយ៖ «បើទោះបីជាក្រុមរបស់លោក ហ៊ុន សែន ខំព្យាយាមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសកម្មភាពរបស់ខ្ញុំមិនបង្អាក់ឬក៏បញ្ឈប់ដោយសារតែរឹតត្បិតរបស់ក្រុមលោក ហ៊ុន សែន នោះទេ ហើយខ្ញុំរឹតតែធ្វើឱ្យកាន់តែសកម្មជាមុនទៅទៀត។ ដូចជាខ្ញុំធ្លាប់បានប្រកាសដដែលៗ ហើយគោលដៅរបស់ខ្ញុំ គឺដើម្បីកម្ពុជាមួយផ្លាស់ប្ដូរទៅកាន់លទ្ធិប្រជាធិបតេយ្យដោយចូលជាមួយខ្មែរអ្នកប្រជាធិបតេយ្យនានា»។
ការប្រកាសជំហររបស់លោក គឹម សុខ បានកើតមានឡើងក្រោយពេលតុលាការក្រុងភ្នំពេញបានបានសរសេរលិខិតមួយជូនអគ្គទេសាភិបាលធនាគារជាតិ សំណើសុំផ្ដល់ឯកសារស្ដីពីគណនី និងទំហំទឹកប្រាក់ក្នុងគណនីរបស់កូនបំណុលលោក គឹម សុខ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
លិខិតដដែលបានបញ្ជាក់ថា កូនបំណុលលោក គឹម សុខ មិនទាន់បានអនុវត្តសំណងជំងឺចិត្តចំនួន ៨០០លានរៀល គឺប្រមាណ ២០ម៉ឺនដុល្លារ ទៅជូនម្ចាស់បំណុលលោក ហ៊ុន សែន នៅឡើយ។
លោក គឹម សុខ បានបញ្ជាក់ថា លោកគ្មានប្រាក់ឯណាទៅបង់សំណងទាំងនេះទេ ហើយនៅក្នុងគណនីធនាគាររបស់លោកមុនពេលចាកចេញពីប្រទេសកម្ពុជាមានចំនួនតែជាង ២០០ដុល្លារប៉ុណ្ណោះ។
មេធាវីការពារក្តីលោក ហ៊ុន សែន គឺលោក គឺ តិច បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងដំណើរការនីតិវិធីរបស់លោកបន្តទេទៀតនៅពេលដែលលោក គឹម សុខ គ្មានប្រាក់សម្រាប់បង់សំណង៖ «ជាទូទៅវិធានការណ៍មេធាវីគេប្រុងធ្វើ ក៏គេមិនអាចទៅប្រាប់ឱ្យដឹងមុនដែរ ពីព្រោះការងាររបស់មេធាវីជាការងារសម្ងាត់»។
លោក គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីជាប់ពន្ធនាគារអស់រយៈពេល ១៨ខែ ដោយសារតែលោក ហ៊ុន សែន ប្ដឹងចោទលោក គឹម សុខ ថា បាននិយាយចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។ ទោះបីជាសំណុំរឿងទី១ នេះ ត្រូវបានបញ្ចប់ក្ដី ប៉ុន្តែលោក គឹម សុខ នៅជាប់សំណុំរឿងមួយទៀតដែលគេនៅមិនទាន់ច្បាស់ថា តើតុលាការនឹងបន្តចាត់ការឬទេ។ សំណុំរឿងនោះគឺ មេធាវីលោក ហ៊ុន សែន បានប្ដឹងចោទលោក គឹម សុខ ថា បានចោទរបបលោក ហ៊ុន សែន ជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស។
អ្នកច្បាប់ថា តុលាការមិនអាចបំបែកសំណុំបែបនេះជាពីរទេ ព្រោះវាជាករណីតែមួយ ឬស្រដៀងគ្នា ហើយលោកគឹម សុខ បានបញ្ចេញមតិរិះគន់រដ្ឋាភិបាលនិងបក្សកាន់អំណាចនោះ គឺស្រដៀងគ្នា ធ្វើឡើងក្នុងពេលតែមួយ ហើយតុលាការបានកាត់ទោសគាត់រួចទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។