មន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរនិងតុលាការ ដែលអនុញ្ញាតឱ្យឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើប្រាស់គ្រឿងញៀននោះ បន្តរស់នៅក្រៅ ពន្ធនាគារ ជិត១ឆ្នាំហើយ និងការបើកសវនាការជំនុំជម្រះធ្វើឡើងដោយអសាធារណៈ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ករណីនេះ ធ្វើឱ្យសាធារណជន មើលឃើញអំពីការអនុវត្តច្បាប់ មានស្តង់ដារពីរ និងមានការសង្ស័យពីអំពើពុករលួយជាប្រព័ន្ធ។
ការរិះគន់ពីសំណាក់មន្ត្រីអង្គការសង្គមស៊ីវិលនេះ គឺបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក គិត ធាង ជាអសាធារណៈ ឬបិទទ្វារ បិទបាំងពីភ្នែកមហាជន កាលពីថ្ងៃទី១៨ កុម្ភៈ។ លើសពីនេះ ឧកញ៉ាគិត ធាង ដែលពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀនជិត ៥០គីឡូក្រាម នៅក្លឹបកម្សាន្តរ៉ក់ (Rock) នៅតែទទួលបានសិទ្ធិពិសេស គឺអាចរស់នៅក្រៅពន្ធនាគារក្រោមហេតុផលព្យាបាលជំងឺជិត ១ឆ្នាំមកហើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងជួញដូរគ្រឿងញៀន ដែលមានជនជាប់ចោទជាឧកញ៉ា គិត ធាង នេះគឺជាសំណុំរឿងធំមួយ និងមានការចាប់អារម្មណ៍ពីសាធារណជនខ្លាំង ដូច្នេះនៅពេលដែលតុលាការក្រុងភ្នំពេញ បើកសវនាការជាអសាធារណៈ ដោយគ្មានសំអាងហេតុត្រឹមត្រូវ គឺកាន់តែធ្វើឱ្យ សាធារណជន បន្តរិះគន់ និងមានមន្ទិលសង្ស័យអំពីភាពមិនប្រក្រតីជាច្រើន។ លោក អំ សំអាត ពន្យល់ថា ការបើកសវនាការអសាធារណៈនេះ គឺកម្រមានណាស់ លុះត្រាតែតុលាការមានសំអាង ហេតុច្បាស់លាស់ត្រឹមត្រូវ ជាឧទាហរណ៍ដូចជាពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ និងរឿងអនីតិជនជាដើម ទើបតុលាការអាចធ្វើជាអសាធារណៈ ឬបិទទ្វារបាន ដើម្បីកុំឱ្យប៉ះពាល់ដល់ឯកជនភាព ឬកិត្តិយសរបស់ពួកគេ៖ «ប៉ុន្តែរឿងបទឧក្រិដ្ឋ រឿងសំខាន់ធំៗដែលគេហៅថា ជាសវនាការជាសាធារណៈនោះ គឺត្រូវតែបើកជាឡាយ (Live) ហើយ។ កាលណារឿងបទល្មើសធំៗដែលប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចង់ដឹងហើយធ្វើជាអសាធារណៈ គឺវាធ្វើឱ្យមានការសង្ស័យច្រើនទៅវិញ។ បទល្មើសគ្រឿងញៀនដែលមានការល្បីល្បាញខ្ចរខ្ចាយច្រើន ហេតុអីបានធ្វើអសាធារណៈ។ ករណីនេះ នាំឱ្យមានមន្ទិលសង្ស័យជាច្រើនទៀត បន្ទាប់ពីកន្លងមក លោកឧកញ៉ា គិត ធាង នៅតែក្នុងមន្ទីរពេទ្យ ដោយគាត់មិនបានជាប់នៅក្នុងពន្ធនាគារនោះទេ»។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការជំនុំជម្រះជាអសាធារណៈលើជនជាប់ចោទឧកញ៉ា គិត ធាង និងស្ត្រីចំនួន ៣នាក់ ក្នុងចំណោមជនជាប់ចោទ ២៧នាក់ ដែលពាក់ព័ន្ធនឹង អំពើជួញដូរគ្រឿងញៀនជិត ៥០គីឡូក្រាម ក្នុងក្លឹបកម្សាន្តរ៉ក់ (Rock)។ សវនាការកាលពីថ្ងៃពុធនោះគឺជាលើកទីមួយហើយ ដែលលោក គិត ធាង បង្ហាញខ្លួនក្នុងបន្ទប់សវនាការ ខណៈដែលតុលាការ បានបើកសវនាការជាអសាធារណៈចំនួន ៣ ទៅ ៤ដងរួចមកហើយ តែមិនមានវត្តមានលោក គិត ធាង។
មន្ត្រីពន្ធនាគារ បាននាំខ្លួនឧកញ៉ា គិត ធាង ចូលក្នុងបន្ទប់សវនាការដោយមិនមានដាក់ខ្នោះដៃ ហើយមានសំលៀកបំពាក់ធម្មតា ថែមទាំងមានក្រវាត់ក ពាក់ម៉ាស់ការពារ ខុសពីជនជាប់ចោទផ្សេងទៀត។
នៅមុនសវនាការចាប់ផ្ដើម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានប្រកាសថា តុលាការ មិនអនុញ្ញាតឱ្យអ្នកមិនជាប់ពាក់ព័ន្ធ និងអ្នកសារព័ត៌មានចូល ស្តាប់នោះទេ ក្រោមហេតុផលថា សំណុំរឿងនេះ មានជនជាប់ចោទជាអនីតិជន។
ទោះជាយ៉ាងណា កាសែតភ្នំពេញប៉ុស្តិ៍ បានស្រង់សម្ដីមេធាវីមួយរូបដែលសុំមិនបញ្ចេញឈ្មោះថា ក្នុងចំណោមជនជាប់ចោទទាំង ២៧ នាក់ នៅក្នុងឃុំមានជនមិនទាន់គ្រប់អាយុ ឬអនីតិជនតែម្នាក់ទៅ ២ នាក់ប៉ុណ្ណោះ ហើយពួកគេត្រូវបានសួរដេញដោលរួចអស់ហើយ កាលពីសវនាការលើកមុន។ មេធាវីរូបនោះ បន្តថា សវនាការនៅថ្ងៃ១៨ កុម្ភៈនោះ អត់មានអនីតិជនទេ គឺសុទ្ធតែមនុស្សគ្រប់អាយុទាំងអស់ ហើយលោក ក៏មានចម្ងល់ដែរថា ហេតុអ្វីក៏តុលាការ នៅតែត្រូវជំនុំជម្រះជាអសាធារណៈ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទជាច្រើនលើកទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និង តំណាងអយ្យការលោក សុក កែវបណ្ឌិត ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។
ចំណែកមេធាវីការពារក្តីមួយរូបឱ្យឧកញ៉ា គិត ធាង គឺលោក សួង ចាន់ថន បដិសេធមិនឆ្លើយតប ជាមួយអាស៊ីសេរីនោះទេ ដោយបង្វែរឱ្យទៅសួរមេធាវីមួយរូបទៀត គឺអ្នកស្រី ទី គឹមស្រ៊ាន៖ « អូ ! សូមបងជួយខលទៅមេធាវី ទី គឹមស្រ៊ាន វិញ»។
អាស៊ីសេរី បានទាក់ទងទៅអ្នកស្រីមេធាវី ទី គឹមស្រ៊ាន ជាច្រើនដងដែរ តែគ្មានអ្នកទទួលទូរស័ព្ទ។
បងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ។ គិតមកទល់ពេលនេះលោក គិត ធាង នៅក្រៅពន្ធនាគារ ក្រោមហេតុផលព្យាបាលជំងឺអស់រយៈពេលជាង ១០ខែមកហើយ។ កន្លងមក សារព័ត៌មានក្នុងស្រុក ក៏បានចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យរស្ស៊ីថា លោក គិត ធាង គ្មានជំងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ ប៉ុន្តែ លោក គិត ធាង មិនព្រមត្រឡប់ទៅវិញ ព្រោះលោកមានសមត្ថភាពជួលបន្ទប់ពិសេសរបស់មន្ទីរពេទ្យដើម្បីស្នាក់នៅដែលអាចងាយស្រួលជាងការរស់នៅក្នុងពន្ធនាគារ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា ក្រោយបញ្ចប់ការសួរដេញដោលនៅតុលាការ គឺលោក គិត ធាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី វិញ។ លោក នៅតែបញ្ជាក់ដដែលថា ការមិនអាចនាំខ្លួនលោក គិត ធាង ចូលពន្ធនាគារវិញនេះ គឺ ដោយសារតែខាងមន្ទីរពេទ្យ មិនព្រមចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និងអនុញ្ញាតឱ្យនាំខ្លួនទៅ ឃុំនៅក្នុងពន្ធនាគារវិញ៖ «ហេតុផលសាមញ្ញ គឺពេទ្យអត់ឱ្យចេញ ហើយឱ្យខ្ញុំទៅអូសកគាត់មកម៉េច អានឹងវាមិនខុសច្បាប់។ ពេទ្យគេអះអាងថា គាត់កំពុងមានជំងឺរ៉ាំរ៉ៃត្រូវតាមដានសុខ ភាពនិងព្យាបាលនៅទីនោះ ហើយបើខ្ញុំទៅដល់ថា អត់ទេ តើខ្ញុំសំអាងលើអី បើខ្ញុំមិនមានជំនាញវេជ្ជសាស្ត្រផង»។
លោក នុត សាវនា ឱ្យដឹងដែរថា ការអនុញ្ញាតឱ្យលោក គិត ធាង ស្លៀកពាក់ស៊ីវិល និងមិនដាក់ខ្នោះ ដៃឡើងសវនាការនេះ ដោយសារតែជនជាប់ចោទរូបនេះ មានសុខភាពទ្រុឌទ្រោម និងងាយស្រួលកំណត់អត្តសញ្ញាណ៖ «ដោយឡែកចំពោះជនជាប់ឃុំមួយចំនួនដែលឡើងសវនាការពាក់អាវអ្នកទោសនេះ គឺទី១គាត់មិនបានស្នើពាក់អាវស៊ីវិលមកយើង ហើយបើគាត់ស្នើ ក៏យើងពិចារណា អនុញ្ញាតឱ្យដែរ។ មួយទៀត ករណីខ្លះយើងធ្វើដើម្បីហេតុផលសន្តិសុខ ហើយបើគាត់ពាក់ស៊ីវិលទៅ និងករណីមុខសញ្ញាខ្លះគាត់អាចលួចរត់គេចខ្លួនឬយ៉ាងម៉េចនោះ គឺយើងប្រថុយប្រថានដែរ»។
មន្ត្រីសង្គមស៊ីវិល ពិនិត្យឃើញថា ការអនុវត្តច្បាប់លើឧកញ៉ា គិង ធាង នេះ មានលក្ខណៈស្តង់ដារពីរតាំងពីដើមមក។
កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំផ្ទាល់ដោយស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ក ពាក់ព័ន្ធករណីប្រើប្រាស់សម្រួល និងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្ស ៣១១នាក់ ជាមួយវត្ថុតាងគ្រឿងញៀនផ្សេងៗ សរុបទាំងអស់ជិត ៥០ ( ៤៩,៤៤) គីឡូក្រាម។ ប៉ុន្តែក្នុងសមត្ថកិច្ច មិនបានចាប់ខ្លួនម្ចាស់ក្លិប កម្សាន្តរ៉ក ភ្លាមៗទេ ពោលគឺទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាដោយផ្ទាល់ ទើបសមត្ថកិច្ចចាប់ខ្លួនលោក គិត ធាង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ បទបញ្ជារបស់លោក ហ៊ុន សែន ពេលនោះទៀតសោត ក៏ដោយសារតែមានការរិះគន់ខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក។ ទាក់ទងនឹងករណីនេះ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនមនុស្សចំនួន ២៧នាក់ ចំណែកអ្នកផ្សេងទៀត ត្រូវបានដោះលែងវិញជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។