តុលាការ​ខេត្ត​កោះកុង​សម្រេច​ឱ្យ​លោក អាឡិច រួច​ផុត​ពី​បទ​ចោទ​ប្រកាន់

0:00 / 0:00

តុលាការ​ខេត្ត​កោះកុង​សម្រេច​លើកលែង​បទចោទប្រកាន់​ប្រឆាំង​នឹង​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) (ហៅ​អាឡិច) បន្ទាប់ពី​បាន​បើកសវនាការ​កំបាំងមុខ​កាលពី​ចុងខែ​សីហា​កន្លង​ទៅ​។ សង្គម​ស៊ីវិល​ស្វាគមន៍​ការសម្រេច​នេះ និង​ស្នើ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​លោក​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ ដើម្បី​បន្ត​ការងារ​​ការពារ​បរិស្ថាន​តទៅ​ទៀត។

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​លោក អាឡិច សម្ដែង​ការ​សាទរ ​ដែល​តុលាការ​ខេត្ត​កោះកុង​ផ្ដល់​យុត្តិធម៌​ដល់​រូបលោក​វិញ​។ លោក​ថ្លែង​ថា នេះ​ជា​ករណី​ដំបូង​ហើយ​ដែល​ចៅក្រម​កាត់​ឱ្យ​សកម្មជន​ឈ្នះ​ក្តី បន្ទាប់ពី​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​។ លោក​រំពឹង​ថា សាលក្រម​នេះ​នឹង​ក្លាយ​ជា​គំរូ​ដល់​តុលាការ​រាជធានី​-​ខេត្ត​ផ្សេងទៀត ឱ្យ​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ​ក្នុង​ការ​វិនិច្ឆ័យ​រឿង​ក្តី​របស់​សកម្មជន និង​អ្នកទោស​មនសិការ​ដទៃ​ទៀត៖ «ខ្ញុំ​មិន​មានអី​រិះគន់​ទេ​លើក​នេះ ខ្ញុំ​មានតែ​សប្បាយចិត្ត​។ និយាយ​រួម អ្វី​ដែល​ចៅក្រម​ជាមួយ​នឹង​ព្រះរាជអាជ្ញា​បាន​ធ្វើ​រយៈពេល​ ៣ឆ្នាំ​កន្លង​​មក​ហ្នឹង ចំពោះ​ខ្ញុំ​វា​រឿង​អត់​ត្រឹមត្រូវ រឿង​ខុស​នីតិវិធី ប៉ុន្តែ​ឥលូវ​នេះ​ដូចជា​រឿង​ល្អ​វិញ ដែល​ខ្ញុំ​លើស​ពី​អាច​ទទួល​យក​បាន»។

តុលាការ​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២២ សីហា ដោយ​សម្រេច​ឱ្យ​លោក អាឡិច បាន​រួចផុត​ពី​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​សមគំនិត។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក អាឡិច លោក សំ ចំរើន ថ្លែង​ថា សាលក្រម​នេះ​បង្ហាញ​ថា កូន​ក្តី​របស់​លោក គឺជា​ជន​សុចរិត ស្អាតស្អំ និង​មិន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ដែល​ត្រូវ​បាន​ចោទប្រកាន់​នោះ​ឡើយ៖ «ការចោទប្រកាន់​កន្លង​មក​ហ្នឹង វា​ជា​ការ​ចោទប្រកាន់​ដែល​មិន​មាន​មូលដ្ឋាន​អង្គហេតុ និង​អង្គច្បាប់​គ្រប់គ្រាន់ មានន័យថា គាត់​ជា​ជន​សុចរិត មិនបាន​ប្រព្រឹត្ត​អំពើ​ដូច​ការចោទប្រកាន់​សោះឡើយ»។

លោក អាឡិច ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ "​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​" ប្រព្រឹត្តទៅ​នៅ​ចំណុច​ភូមិ​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កាលពី​អំឡុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១៥ កន្លង​ទៅ​។ តុលាការ​បាន​បំបែកសំណុំរឿង​នេះ ចេញពី​សំណុំរឿង​អតីត​យុវជន​មាតា​ធម្មជាតិ​៣ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស បន្ទាប់ពី​ពួកគេ​តស៊ូ​មតិ​ប្រឆាំង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ ក្នុង​ខេត្ត​កោះកុង។ ទោះជា​យ៉ាងណា សំណុំរឿង​របស់​លោក អា​ឡិច នេះ ទើបតែ​ត្រូវ​បាន​លើក​យក​មក​ជំនុំ​ជម្រះ​​កាល​ពី​ពេល​ថ្មីៗ ​នេះ​ទេ ហើយ​សវនាការ​ទៀតសោត​ ក៏​មិន​មាន​ការចូលរួម​ពី​ភាគី​លោក អាឡិច ដែរ។ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ នៃ​អង្គការ ​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ ពីព្រោះ​លោក​មើល​ឃើញ​ថា លោក អាឡិច មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​បន្ត​ថា ក្រោយពេល​សាលក្រម​នេះ​ចូល​ជា​ធរមាន អាជ្ញាធរ​កម្ពុជា​គួរតែ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​លោក អា​ឡិច វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ឱ្យ​សកម្មជន​រូប​នេះ​បាន​ជួយ​ការពារ​បរិស្ថាន​បាន​ពេញ​ដៃ​ពេញ​ជើង​ដូច​កាលពីមុន​វិញ៖ «កន្លងមក​ហ្នឹង គឺ អាឡិច ហ្នឹង​បាន​ជួយ​ច្រើន​ទៅលើ​បញ្ហា​បរិស្ថាន និង​ធនធានធម្មជាតិ​។ នេះ​ជា​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​គួរតែ​គិតគូរ​ពិចារណា​ដើម្បី​ផ្តល់​ឱកាស​ឱ្យ អាឡិច ហ្នឹង​បាន​ចូល​មក​រួម​ចំណែក​​ក្នុង​ការ​អភិវឌ្ឍ​ទៅតាម​ឆន្ទៈ និង​ការ​ចង់​បាន​របស់​គាត់​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន»។

លោក អាឡិច បញ្ជាក់​ថា លោក​នឹង​យក​សាលក្រម​របស់​តុលាការ​នេះ ដើម្បី​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ទៀត ឱ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​រូបលោក​វិញ​។ ម្យ៉ាងវិញ​ទៀត លោក​ថា សាលក្រម​នេះ​គួរតែ​ជា​មូលដ្ឋាន​សម្រាប់​តុលាការ​កំពូល ឱ្យ​ពិចារណា​លើកលែងទោស​ដល់​អតីត​យុវជន​មាតា​ធម្មជាតិ​៣ នាក់ ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង​កាត់​ឱ្យ​មានទោស​ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។