ភរិយារបស់សកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ស្នើសុំសាលាឧទ្ធរណ៍ឱ្យពន្លឿននីតិវិធី និងទម្លាក់ចោលការចោទប្រកាន់គ្មានមូលដ្ឋានលើស្វាមីរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារជាង ១ឆ្នាំហើយ ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រដ្ឋាភិបាលលើហ្វេសប៊ុក។ សង្គមស៊ីវិលយល់ថា ការពន្យារពេលរបស់សាលាឧទ្ធរណ៍នេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ ដែលកើតទុក្ខមិនសុខចិត្ត ចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ។
ភរិយារបស់លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ប្រាប់អាស៊ីសេរីថា ស្វាមីរបស់លោកស្រី បាន ដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍រយៈពេល ៣ខែហើយ ដើម្បីឱ្យតុលាការជាន់ខ្ពស់មួយនេះ ច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសស្វាមីលោកស្រីឱ្យជាប់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រដ្ឋាភិបាលលើហ្វេសប៊ុក។ ភរិយាសកម្មជនបក្សប្រឆាំងរូបនេះ ស្នើសុំសាលាឧទ្ធរណ៍ឱ្យពន្លឿននីតិវិធីឱ្យបានឆាប់ ដើម្បីរកយុត្តិធម៌ជូនស្វាមី ដែល បានជាប់ពន្ធនាគារជាង ១ឆ្នាំហើយ ដោយគ្មានកំហុសអ្វីសោះគ្រាន់តែបង្ហោះសារនៅលើបណ្ដាញសង្គមដោយសន្តិវិធី៖ «ខ្ញុំចង់ឱ្យគេ ( សាលាឧទ្ធរណ៍ ) ពន្លឿនហៅគាត់មកកាត់ក្តី ប្រសិនបើគេមិនដោះលែងគាត់ក៏សូមជួយបន្ធូរបន្ថយទោស ទី១ ដោយសារ គាត់លើសឈាម ហើយទី ២ ពេលនេះគាត់ខាតពេលវេលាច្រើនហើយដែរ។ គេចាប់ក្រោយគេដោះលែងអស់ហើយ តែគាត់ត្រូវបានចាប់តាំងពីដំបូងគេ អត់ទាន់ដោះលែងទៀត។ ខ្ញុំយល់ថា នេះជារឿងនយោបាយ»។
បណ្ដឹងរបស់លោក គង់ ម៉ាស់ បានដាក់ជូនសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាសមាជិកក្រុមការងារគណបក្សសង្គ្រោះ ជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយគិតមកទល់ពេលនេះ លោកកំពុង ជាប់ក្នុងពន្ធនាការព្រៃសជាង ១ឆ្នាំហើយ។ លោកជាប់ទោស ២ករណី គឺទី១ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បន្ទាប់ពីលោកបានសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតកាលពីមុនការបោះឆ្នោត ឆ្នាំ២០១៨ និងសាររិះគន់បែបស្ថាបនាអំពីភាពអសកម្មមួយចំនួនរបស់រដ្ឋាភិបាលលោក ហ៊ុន សែន រួមទាំងការបង្ហោះសារចុងក្រោយរឿងតម្លៃកសិផលចុះថោកក្រោយពីសហភាព អឺរ៉ុបយកពន្ធអង្កកម្ពុជាជាដើម។ ចំណែកករណីទី២ គឺសាលាដំបូងខេត្តស្វាយរៀង ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៥ថ្ងៃ និងពិន័យជាប្រាក់ ៥លានរៀលទៅដើមបណ្ដឹង និង ១លានរៀលចូល រដ្ឋតាមបណ្ដឹងរបស់អតីតអភិបាលស្រុករមាសហែក លោក ពេញ ជា។ ទោសទណ្ឌក្នុងសំណុំរឿង នេះ ដោយសារតែសមាជិកបក្សប្រឆាំងរូបនេះ បង្ហោះសារលើហ្វេសប៊ុក សុំអន្តរាគមន៍ពីរដ្ឋាភិបាលករណីចោទ លោក ពេញ ជា ថា បានប្រើអំណាច និងឃុបឃិតជាមួយអាជ្ញាធរមួយចំនួនទៀត បណ្ដេញប្រជាពលរដ្ឋក្រីក្រដើម្បីរំលោភយកដីធ្លី។
មេធាវីការពារក្តីលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ថ្លែងថា សាលាឧទ្ធរណ៍គួរតែពន្លឿនសំណុំរឿង របស់លោក គង់ ម៉ាស់ មិនត្រូវពន្យារពេលរហូតដល់កូនក្តីរបស់លោក អនុវត្តទោសក្នុងពន្ធនាគារចប់សព្វគ្រប់នោះទេ ព្រោះការចោទប្រកាន់ និងការឃុំខ្លួនកូនក្តីរបស់លោក មានភាពអយុត្តិធម៌បំផុត៖ «រឿងក្តីរបស់លោក គង់ ម៉ាស់ គេផ្ដន្ទាទោសដល់ ១៨ខែ វាមានភាពអយុត្តិធម៌ចំពោះគាត់ហើយ។ គាត់មិនពេញចិត្តចំពោះសាលក្រមកាត់ទោសគាត់នេះ ទើបប្តឹងទៅឧទ្ធរណ៍ដោយសារគាត់អះអាងថា គាត់ធ្វើនេះទាក់ទងនឹងការប្រើប្រាស់សិទ្ធិបញ្ចេញក្នុងនាមពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យ ហើយការរិះគន់មិនមែនជាកំហុសទេ ដូច្នេះតុលាការ គួរតែពិចារណាអំពីសិទ្ធិពលរដ្ឋ។ ទាក់ទងនឹងការអូសបន្លាយពេលរបស់សាលាឧទ្ធរណ៍នេះ ក៏រំលោភសិទ្ធិដល់កូនក្តីរបស់ខ្ញុំបាទដែរ ព្រោះដោយសារតែគាត់មិនពេញចិត្តចំពោះសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញហើយទើបគាត់ប្តឹង ដូច្នេះសូមសាលាឧទ្ធរណ៍ ពន្លឿនបើកសវនាការឱ្យបានឆាប់តាមគោលការណ៍ច្បាប់អន្តរជាតិ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ និងអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Adhoc) លោក អំ សំអាត មានប្រសាសន៍ថា ការទាមទាររបស់មេធាវី និងភរិយារបស់លោក គង់ ម៉ាស់ គឺជារឿងត្រឹមត្រូវ ព្រោះតាមគោលការណ៍ច្បាប់អន្តរជាតិលើកឡើងថា ការជំនុំជម្រះត្រូវធ្វើឡើងដោយឆាប់រហ័សបំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ជនជាប់ចោទ៖ «ការពន្យារនេះវាអត់ជិតដល់ពេលកំណត់នៃទោស ឬអាចផុតការកំណត់នៃទោស ដូច្នេះបានន័យថា វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់ដែលគាត់ចង់ឱ្យ សាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់»។
អង្គការជាតិនិងអន្តរជាតិ ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យអាជ្ញាធរកម្ពុជា ដោះលែងលោកគង់ ម៉ាស់ ដោយឥតលក្ខខណ្ឌ ដោយសារពួកគេចាត់ទុកថា ជារឿងឈឺចាប់ និងស្អប់ខ្ពើម បំផុត ដែលដឹងថា មនុស្សម្នាក់អាចប្រឈមមុខជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយគ្មានកំហុសអ្វីសោះ គ្រាន់តែបង្ហោះសារនៅលើបណ្ដាញសង្គមដោយសន្តិវិធី។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះ យល់ថា ការបង្ហោះសារផ្សេងៗ របស់លោក គង់ ម៉ាស់ គឺគ្រាន់តែជាការប្រើសិទ្ធិបញ្ចេញមតិ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ ដូច្នេះ ការចាប់ឃុំខ្លួន និងការចោទប្រកាន់ គឺគ្មានមូលដ្ឋានច្បាប់ និងជាសកម្មភាពបន្ថែមមួយទៀត នៃការបង្ក្រាបអ្នកនយោបាយបក្សប្រឆាំង ដោយរដ្ឋាភិបាលលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។