ការពិភាក្សាស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម អង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ធ្នូ មានភាពយឺតយ៉ាវខ្លាំង ស្ទើរតែនៅទ្រឹងតែម្ដង។ តំណាងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះ ឲ្យដឹងថាមូលហេតុចម្បង ដែលធ្វើឲ្យកិច្ចពិភាក្សានេះ ស្ទើរតែទៅមុខមិនរួច គឺដោយសារ ក្រសួងមិនបានដាក់គោលការណ៍ជាក់លាក់ ចំពោះសមាសភាព អ្នកចូលរួមប្រជុំ។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់ថា ការជជែកគ្នារវាងក្រុមអង្គការ សមាគម ជាមួយក្រសួងមហាផ្ទៃ បន្តបានចំនួន ២មាត្រា គឺមាត្រា៨ និងមាត្រា៩ បន្ថែមទៀត។ លោកថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសង្គមស៊ីវិលផ្សេងទៀត ដែលមិនសូវមានសកម្មភាពការពារសិទ្ធិមនុស្ស ចូលរួមផ្ដល់មតិយោបល់ និងជំទាស់ការលើកឡើងរបស់ក្រុមសង្គមស៊ីវិល សកម្មខាងការពារសិទ្ធិមនុស្ស។ លោកបន្តថា ការមិនបានកំណត់ពីគោលការណ៍សមាសភាពអ្នកចូលរួមជាក់លាក់នាំឱ្យការជជែកមានភាពយឺតយ៉ាវ។ មិនតែប៉ុណ្ណោះ លោកថា តំណាងក្រសួងមហាផ្ទៃបានលើកយកមាត្រា ដែលធ្លាប់ជជែកគ្នារួចហើយ មកជជែកគ្នាឡើងវិញថែមទៀត ដែលធ្វើឲ្យកាន់តែមានភាពយឺតយ៉ាវ។
(លោក កន សាវាង្ស អ្នកសម្របសម្រួល និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL)
អ្នកតំណាងឲ្យក្រុមអង្គការសមាគមសិទ្ធិមនុស្សធំៗ នៅកម្ពុជារូបនេះបារម្ភថា បើការជជែក ផ្ដល់យោបល់លើច្បាប់នេះ នៅបន្តភាពយឺតយ៉ាវ និងនៅទ្រឹង ត្រឹមដំណាក់ក្រសួងមហាផ្ទៃ បែបនេះ នឹងមិនអាចបញ្ជូនទៅគណៈរដ្ឋមន្ត្រី ឬរដ្ឋសភាអនុម័តឆាប់ៗ បានទេ។ លោកបញ្ជាក់ថា ប្រការនេះ នឹងធ្វើឲ្យអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា នៅតែបន្តរងផលប៉ះពាល់ដល់ការធ្វើសកម្មភាព។ ឯរដ្ឋាភិបាល នឹងបន្តមានឈ្មោះមិនល្អ ពីការរឹតត្បិតសិទ្ធិ សេរីភាព សង្គមស៊ីវិលដដែល៖ « ការបើកដោយទូលាយអ៊ីចឹង យើងគិតថា កិច្ចការងារហ្នឹង យើងមិនអាចជជែកបានច្រើន ឲ្យបានទាន់ពេលវេលាទេ។ ទី២ យើងចង់បានដែរ ឆន្ទៈក្រសួងក្នុងការ ដែលលើកឲ្យជជែកហ្នឹង ថាតើមានផែនការពេលណា ព្រោះយើងអត់ចង់បាន ទៅប្រជុំម្ដង ពីរមាត្រា បីមាត្រា។ ក្នុងករណី ដែលយើងជជែកក្នុងក្រុមរបស់យើងរួចរាល់ហើយ ស្រាប់តែប្រទូស្តប្រទាំងជាមួយស្ថាប័នផ្សេង ដែលយើងអត់ដែលស្គាល់ ហើយក៏អត់ដឹងថា គាត់ដាក់ ឬក៏មិនមកយ៉ាងម្ដេចផង ហើយយើងមកលើកបញ្ហាជំទាស់ដែរ ហើយមកថា សង្គមស៊ីវិលអត់ត្រូវគ្នា ខ្ញុំគិតថា ចំណុចនេះ ហាក់ដូចជាយើងមិនដឹងជា យល់ឃើញបែបម្ដេចណា ? យើងមិនចង់ឃើញការធ្វើកិច្ចការងារណាមួយ ដែលវាអត់ឃើញមានសញ្ញាណាមួយ ជាលទ្ធផលវិជ្ជមានទេណា»។
ក្រសួងមហាផ្ទៃ និងក្រុមអង្គការសមាគម បានបន្តកិច្ចប្រជុំលើកទី២ ដើម្បីពិគ្រោះយោបល់ពិនិត្យ និងពិភាក្សាលើខ្លឹមសារ ដើម្បីស្នើសុំធ្វើវិសោធនកម្ម ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមសំណើរបស់អង្គការសង្គមស៊ីវិល។ គេហទំព័រក្រសួងមហាផ្ទៃ ចុះផ្សាយថា ក្រុមតំណាងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧មាត្រា ដែលពួកគេ ចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ដែលដឹកនាំកិច្ចប្រជុំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក ប្រាក់ សំអឿន បានទេ នៅថ្ងៃទី៣ ធ្នូ ដោយសារ ទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
(លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ)
ទោះយ៉ាងណា លោក ប៊ុន ហុន ក៏ធ្លាប់លើកឡើងពីផលលំបាក នៃក្រុមអង្គការសង្គមស៊ីវិលខ្លះ នៅមិនទាន់យល់ច្បាស់ខ្លឹមសារ ដែលចង់កែប្រែ។ តំណាងភាគីក្រសួងមហាផ្ទៃរូបនេះ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៤ វិច្ឆិកាថា ក្រសួងមហាផ្ទៃចង់ឲ្យតំណាងអង្គការ សមាគមទាំងអស់ លើកយកអំណះអំណាងផ្សេងៗ ដែលចង់ឲ្យធ្វើវិសោធនកម្មឲ្យបានច្បាស់ កុំឲ្យមានមតិច្របូកច្របល់គ្នា។ តែលោកថា រដ្ឋាភិបាលស្វាគមន៍ ចំពោះការស្នើសុំរបស់អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ក្នុងការផ្ដល់យោបល់ស្នើសុំកែប្រែច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានភាពចម្រូងចម្រាស និងរងការរិះគន់ តាំងពីមិនទាន់អនុម័តមកម្ល៉េះ។ ច្បាប់នេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើ កាលពីខែសីហា ឆ្នាំ២០១៥ មាន ៩ជំពូក និង ៣៩មាត្រា ហើយច្បាប់នេះ តាក់តែង និងអនុម័តតំណាលគ្នា ជាមួយច្បាប់ស្ដីពីសហជីព ព្រោះតែកំហឹងរបស់លោក ហ៊ុន សែន។ ពេលនោះ លោក ហ៊ុន សែន បានប្រើហេតុផលថា ក្រុមអង្គការ និងសហជីពឯករាជ្យខ្លះ មានចេតនាជួយគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ក៏ទទួលបានសំឡេងអនុម័ត តែពីក្រុមសមាជិករដ្ឋសភា មកពីគណបក្សកាន់អំណាចប៉ុណ្ណោះ ព្រោះតំណាងរាស្ត្របក្សប្រឆាំង យល់ថា ច្បាប់នេះ រឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិល ដូច្នេះ មិនចូលរួមលើកដៃអនុម័តឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ដែលបានចូលរួមក្នុងការពិភាក្សាផ្ដល់យោបល់លើវិសោធនកម្មច្បាប់អង្គការសមាគម សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងសម្រួលបរិយាកាសឲ្យមានការជជែកគ្នា ល្អប្រសើរជាងនេះ ដើម្បីឆាប់សម្រេចបាននូវសំណើស្នើសុំកែប្រែច្បាប់នេះ៖ « ប្រសិនបើយើងអត់មានការកែប្រែទេ អ្វីដែលយើងប្រឹងប្រែងជជែកទាំងអស់ហ្នឹង យើងមានការសោកស្ដាយ ដែលមិនមានការគិតគូរអំពីបញ្ហាទាំងអស់ហ្នឹងណា។ ជាការពិតទៅ កាតព្វកិច្ចទទួលបន្ទុកទាំងអស់នេះ គឺរដ្ឋាភិបាល។ ប្រសិនបើសង្គមស៊ីវិល មានការប្រឈមនឹងបញ្ហាទាំងអស់ហ្នឹង គឺជាមុខមាត់របស់រដ្ឋាភិបាលដែរទេ»។
ក្រុមអង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានអះអាងថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចរិតគាបសង្កត់លំហសេរីភាពរបស់សង្គមស៊ីវិល។ ច្បាប់នេះ ត្រូវបានរកឃើញថា មានភាពអធម្មនុញ្ញភាព ដោយសារបានរំលោភលើមាត្រាជាច្រើន នៃរដ្ឋធម្មនុញ្ញ ហើយច្បាប់នេះ ក៏បានបើកដៃឲ្យរបបក្រុងភ្នំពេញប្រើអំណាចដោយបំពាន ដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្ម លើសង្គមស៊ីវិលឯករាជ្យក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា ក្រសួងមហាផ្ទៃមិនទាន់កំណត់ថ្ងៃបន្តកិច្ចប្រជុំទៀត នៅពេលណានៅឡើយទេ៕
( ឆ្វេង ) លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ អមរិន្ទ្រ លោក យង់ គិមអេង ( កណ្ដាល ) ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍនៅកម្ពុជា និង ( ស្ដាំ ) លោក គឹម ឈន នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (COMFREL) តំណាងឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងកិច្ចប្រជុំជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ពិភាក្សាអំពីការកែប្រែច្បាប់ស្ដីពីអង្គការសមាគម អង្គការមិនមែនរដ្ឋាភិបាល។ រូប៖ ក្រសួងមហាផ្ទៃ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។