រដ្ឋសភារបបឯកបក្សនឹងបើកសម័យប្រជុំពេញអង្គដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅថ្ងៃសុក្រ ទី១០ មេសា ស្អែកនេះ ។ អ្នកឃ្លាំមើលស្នើឱ្យរដ្ឋសភាផ្អឹបសេចក្ដីព្រាងច្បាប់នេះទុកសិន កុំទាន់អនុម័ត ព្រោះសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈរឹតត្បិតជ្រុលហួសហេតុ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឱ្យអាស៊ីសេរីដឹងថា រដ្ឋសភានឹងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដោយគ្មានការបង្អែបង្អង់ឡើយ។ លោកបញ្ជាក់ថា មតិរិះគន់ទាំងឡាយជុំវិញការធ្វើច្បាប់នេះ គឺជាសិទ្ធិសេរីភាពរបស់បុគ្គល ប៉ុន្តែខាងរដ្ឋាភិបាល និងរដ្ឋសភាយល់ថា នេះជាច្បាប់ចាំបាច់ដែលកម្ពុជាត្រូវមាន ដើម្បីអនុវត្តនៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់។ លោកបន្ថែមថា ទោះជាត្រូវបានអនុម័តហើយក៏ដោយ ក៏ច្បាប់នេះអាចនឹងត្រូវធ្វើវិសោធនកម្មបានដែរ ប្រសិនបើមានចំណុចខ្វះខាត៖ «យើងខ្ញុំយល់ឃើញថា ច្បាប់នេះវាត្រូវតែមាន ព្រោះរដ្ឋធម្មនុញ្ញបានចែងហើយ ត្រូវតែមានច្បាប់អនុវត្ត ហើយត្រង់ការប្រើហ្នឹង ប្រើពេលណា គឺថាទាល់តែសភាពការណ៍តម្រូវ បានយើងយកមកប្រើ»។
លោក ឡេង ប៉េងឡុង ទទួលស្គាល់ថា កន្លងទៅ កម្ពុជាធ្លាប់ជួបស្ថានភាពអាសន្ន ដូចជា ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ឆ្នាំ១៩៩៧ ជាដើម ហើយការគ្រប់គ្រងប្រទេសនៅគ្រានោះ ធ្វើឡើងដោយគ្មានច្បាប់នេះឡើយ។ ក៏ប៉ុន្តែ លោកថា ពេលនេះកម្ពុជាមានស្ថិរភាពនយោបាយហើយ ដូច្នេះច្បាប់នេះចាំបាច់ត្រូវតែមានដើម្បីឱ្យស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យ។
ទោះជាបែបនេះក្តី ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៨ មេសា ទាមទារឱ្យរដ្ឋសភាផ្អាកនីតិវិធី ឬលុបចោលសេចក្តីព្រាងច្បាប់នេះតែម្ដង ពីព្រោះពង្រាងច្បាប់នេះមានលក្ខណៈរឹតត្បិតសេរីភាពពលរដ្ឋធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ថ្លែងថា ទោះជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នក៏ដោយ ក៏ជាហូរហែមកនេះ របបលោក ហ៊ុន សែន បានប្រើអំណាចដកហូតសិទ្ធិសេរីភាពពលរដ្ឋ និងបង្ក្រាបសំឡេងប្រឆាំងតាមតែអំពើចិត្តរួចទៅហើយដែរ។ ហេតុដូច្នេះ លោកថា ច្បាប់នេះគ្មានភាពចាំបាច់អ្វីដែលត្រូវធ្វើនោះទេ ប៉ុន្តែបើពិតជាត្រូវធ្វើមែន លោកថា ត្រូវតែមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ រូមទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ៖ «ប្រទេសកម្ពុជា យើងអត់ទាន់ចាំបាច់មានច្បាប់ហ្នឹងទេ។ យកល្អ យើងផ្អឹបវាទុកចោលសិនទៅ ហើយត្រូវសិក្សាឡើងវិញ ពីព្រោះវាមានហានិភ័យខ្ពស់ណាស់សម្រាប់ការអនុវត្ត ហើយបើច្បាប់ហ្នឹងចូលជាធរមានហើយ អ៊ីចឹងអ្វីៗស្រេចតែលើ ហ៊ុន សែន។ គាត់យកលេសហ្នឹងដើម្បីបង្ក្រាបគ្រប់គ្នា សូម្បីតែអ្នកប្រឆាំង អ្នករិះគន់គាត់ ហើយបក្សប្រឆាំងទៅថ្ងៃខាងមុខទៀត នឹងពិបាកធ្វើការ ដូច្នេះវាគ្រោះថ្នាក់ណាស់»។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នដែលរដ្ឋសភាគ្រោងប្រជុំអនុម័តនេះ មានចំនួន៥ ជំពូក ចែកជា១២ មាត្រា។ សេចក្ដីព្រាងច្បាប់នេះ ផ្ដល់អំណាចយ៉ាងច្រើនច្រើនលើសលប់ និងគ្មានការត្រួតពិនិត្យ ដល់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការព្យួរសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងដាក់ទោសទណ្ឌលើជនទាំងឡាយណាដែលមិនគោរពតាមបទបញ្ជា នៅក្នុងកាលៈទេសៈដែលអាជ្ញាធរចាត់ទុកថា ជាភាពអាសន្ន។
ពីដំបូងឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកធ្វើច្បាប់នេះដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោកប្រកាសថា ស្ថានភាពកម្ពុជាមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។ លោកបកស្រាយផ្សេងទៅវិញថា លោកធ្វើច្បាប់នេះដើម្បីទុកប្រើនៅពេលស្ថានការណ៍ស្រុកទេសគ្រប់គ្រងលែងបាន៖ «អាអ្នកនិយាយយប់មិញថា ពេលនេះមិនមែនជាពេលវេលាដាក់ប្រទេសក្នុងគ្រាមានអាសន្ន អញដឹងតើ ! តែអញត្រូវមានឧបករណ៍ក្នុងដៃ នៅពេលណាត្រួតត្រាលែងកើត គឺដាក់ច្បាប់ក្នុងគ្រាមានអាសន្ន។ អ៊ីចឹងពួកឯង ម្តេចក៏បារម្ភខ្វល់អ្វីរឿងហ្នឹងខ្លាំងម្ល៉េះ ? ទុកអំណាចឱ្យយើងបានទេ ក្នុងក្របខ័ណ្ឌរបបសភាដែលអំណាចខ្ពស់បំផុត នៅនឹងនាយករដ្ឋមន្ត្រី»។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន អ្នកឃ្លាំមើលសង្គម និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិយល់ឃើញស្របគ្នាថា លោក ហ៊ុន សែន កំពុងឆ្លៀតឱកាសវិបត្តិជំងឺកូវីដ-១៩ ដើម្បីធ្វើច្បាប់នេះ ទុកបង្ក្រាបសំឡេងរិះគន់ និងសំឡេងឯករាជ្យ ជាពិសេសគឺទុកបង្ក្រាបអ្នកដែលប្រឆាំង និងទុកលើកកូនប្រុសលោកឱ្យឡើងស្នងតំណែងបន្តពីលោកនៅថ្ងៃខាងមុខទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។