ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងជួបពិភាក្សាពិគ្រោះយោបល់លើកទី៤ ជាមួយក្រសួងមហាផ្ទៃ លើការកែប្រែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១០ កុម្ភៈ គឺនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ដែលនិងចូលពិភាក្សាថ្លែងថា ច្បាប់នេះមានបញ្ហាដល់សង្គមស៊ីវិលក្នុងការអនុវត្ត និងងាយនៅក្នុងការបកស្រាយដែលធ្វើឱ្យសង្គមស៊ីវិលរងគ្រោះដល់បិទ ឬរំលាយអង្គការ។ លោកថា មាន ១៤មាត្រាដែលសង្គមស៊ីវិលមានការព្រួយបារម្ភស្នើឱ្យកែប្រែពាក្យពេជន៍និងស្នើលុបចោលតែម្ដង។
លោក យង់ គិមអេង សង្ឃឹមថា ការជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃលើកនេះ នឹងទទួលបានលទ្ធផលល្អជាជាងការដែលក្រសួងលើកឡើងថា សង្គមស៊ីវិលមិនទាន់រួមសំឡេងគ្នា៖ «តាមមាត្រា ១ មាត្រា ២ ហ្នឹង គឺច្បាប់នេះសរសេរល្អណាស់បាទ ! និយាយអំពីការកំណត់បែបបទនៅក្នុងការចុះបញ្ជី និយាយអំពីទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយហ្នឹងរដ្ឋាភិបាល អាជ្ញាធរសាធារណៈជាដើម។ បើសិនត្រឹមកម្រិតហ្នឹងវាមិនធ្វើឲ្យមានបញ្ហាទេប៉ុន្តែក្នុងនោះគឺការផ្ដល់សិទ្ធិអំណាចច្រើនសម្រាប់ក្រសួងមហាផ្ទៃ ដូចជាផ្អាកសកម្មភាព ដូចជា ការផ្ដល់ព័ត៌មានការផ្ដល់របាយការណ៍ផ្សេងៗ ដែលមាននៅក្នុងច្បាប់នេះ ទាំងអស់នេះហើយដែលឃើញថាជាការដាក់បន្ទុកតាំងពីរឿងពន្ធដារ រឿងអីហ្នឹង។ បើយើងមើលទៅរឿងនីតិបុគ្គលអង្គការសង្គមស៊ីវិលជានីតិបុគ្គលមួយក្រសួងមហាផ្ទៃគឺជានីតិបុគ្គលមួយដែរគួរតែនីតិបុគ្គលមួយៗត្រូវមានកាតព្វកិច្ចរាយការណ៍អ៊ីចឹងឬយ៉ាងម៉េច ? បើអង្គការសង្គមស៊ីវិលមិនមែនជាថ្នាក់ក្រោមរបស់ក្រសួងមហាផ្ទៃផងហ្នឹង»។
បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាន ពួកគេយល់ថា ជាឧបសគ្គនិងជួបប្រទះបញ្ហាចម្បងៗមួយចំនួនដូចជា បញ្ហានីតិវិធីនៃការចុះបញ្ជី ការផ្លាស់ប្ដូរថ្នាក់ដឹកនាំ និងអាសយដ្ឋាន ការបើកគណនេយ្យធនាគារ ការបំពេញកាតព្វកិច្ចពន្ធដារ និងការដាក់របាយការណ៍ជូនរដ្ឋាភិបាលជាដើម។ ក្រៅពីនេះ ពាក្យពេចន៍និងខ្លឹមសារនៅក្នុងច្បាប់នេះ នាំឱ្យមានការព្រួយបារម្ភពីការបកស្រាយហាក់មានភាពទូលំទូលាយពេក ដែលនឹងនាំឱ្យមានបទល្មើស ឬថាអាចមានការបកស្រាយតាមកាលៈទេសៈ ឬស្ថានភាពនយោបាយ។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានតាក់តែងឡើងជាង ១០ឆ្នាំមកហើយ និងបានដាក់ឱ្យជជែកគ្នាម្ដងនៅឆ្នាំ២០១១។ កាលណោះ ច្បាប់នេះមាន ១១ជំពូក និង ៥៨មាត្រា ហើយបង្រួមទៅនៅសល់ ៩ជំពូក និង ៣៤មាត្រាវិញ។ ក្រោយមក សេចក្ដីព្រាងច្បាប់នេះហាក់ត្រូវបានកែសម្រួលឡើងវិញយ៉ាងអាថ៌កំបាំង ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ដោយបង្កើនដល់ ៩ជំពូក និង ៣៩មាត្រា ហើយគ្មានការពិគ្រោះយោបល់នោះទេ។ ច្បាប់នេះត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។