"តុលាការ​នឹង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​រឿង​លោក អ៊ូ វីរៈ"

ដោយ ម៉ម មុនីរតន៍
2016.05.12
អ៊ូ វីរៈ ២០១៦ ៨៥៥ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ពេល​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

មន្ត្រី​នាំ​ពាក្យ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម Telegram ថា តំណាង​អយ្យការ​ដែល​ទទួល​បន្ទុក​ក្នុង​រឿង​ក្ដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​លើ​លោក អ៊ូ វីរៈ។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​សាកសួរ​លោក អ៊ូ វីរៈ រួច​ហើយ​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​គណបក្ស​កាន់​អំណាច។ ចំណែក​លោក អ៊ូ វីរៈ វិញ​បញ្ជាក់​ជំហរ​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​ថា លោក​នឹង​មិន​បោះបង់​តួនាទី​ជា​អ្នក​វិភាគ​សង្គម​ឡើយ បើ​ទោះ​ជា​ត្រូវ​រង​ការ​គំរាមកំហែង​បែប​នេះ​ក៏ដោយ​ចុះ។

បើ​ទោះ​ជា​ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​របស់​លោក​ក៏ដោយ ក៏​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​នឹង​មិន​ត្រូវ​ទាត់​ចោល ដូច​ការ​ទាមទារ​របស់​លោក អ៊ូ វីរៈ ឡើយ។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ព្រះរាជអាជ្ញា​រង​ផង លោក លី សុផាណា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម Telegram របស់​លោក នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា បើ​ទោះ​ជា​នៅ​ពេល​នេះ​តំណាង​អយ្យការ​លោក សៀង សុខ បាន​បញ្ចប់​ការ​សាកសួរ​អំពី​ដំណើរ​រឿង និង​ភស្តុតាង​ខ្លះៗ​របស់​លោក អ៊ូ វីរៈ ហើយ​ក្ដី ក៏​សំណុំ​រឿង​មួយ​នេះ នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ។ លោក លី សុផាណា បន្ត​ថា ជុំវិញ​ករណី​នេះ តំណាង​អយ្យការ​នឹង​ចាត់​វិធានការ​ក្នុង​ការ​ស៊ើបអង្កេត​បន្ត​ទៀត។

ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​បដិសេធ​បទ​ចោទ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក អ៊ូ វីរៈ បង្ហាញ​ការ​សោកស្ដាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ប្ដឹង​លោក​ទាំង​អត់​សម​ហេតុផល ហើយ​បទ​ចោទ​នោះ​ទៀត​សោត គឺ​លោក​អះអាង​ថា ពុំ​បាន​មួល​បង្កាច់​ដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​កាន់​អំណាច​ឡើយ។ ការ​សាកសួរ​ដែល​ប្រើ​ពេល​ជាង ១​ម៉ោង​កន្លះ​នេះ ត្រូវ​បាន​លោក អ៊ូ វីរៈ យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​នេះ ប្រហែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា យល់​ខុស​ពី​ការ​ពិត​ចំពោះ​ការ​វិភាគ​របស់​លោក។ លោក​បន្ត​ថា «ជា​ការ​សោកស្ដាយ​ដែល​គណបក្ស​កាន់​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ប្ដឹង។ ខ្ញុំ​សោកស្ដាយ ព្រោះ​អី​វា​បាន​ផ្ញើ​សារ​មួយ​អវិជ្ជមាន​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​យុវជន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ម៉េច​ក៏ដោយ ខ្ញុំ​សង្ឃឹម​ថា យើង​គួរ​តែ​បញ្ចប់​ករណី​នេះ​ឲ្យ​លឿន ដើម្បី​អាច​យើង​បែរ​ទិស​ទៅ​ជជែក​គ្នា​ពី​បញ្ហា​សង្គម​ដែល​កំពុង​តែ​ប្រឈម»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា តំណាង​អយ្យការ​ក្រុង​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​ឲ្យ​លោក អ៊ូ វីរៈ ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ទាម​សំណង​ជំងឺ​ចិត្ត ៤០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អាមេរិក។ ការ​ចេញ​ដីកា​នេះ​ធ្វើ​ឡើង ៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក សុខ ឥសាន តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​លោក អ៊ូ វីរៈ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។

បើ​ទោះ​ជា​បែប​ណា លោក អ៊ូ វីរៈ បញ្ជាក់​មុន​ចូល​តុលាការ​ថា លោក​នឹង​មិន​ផ្ដល់​លុយ​ទៅ​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក​ចាត់​ទុក​ថា ដោយសារ​ពាក្យ​បណ្ដឹង​នេះ​ពុំ​មាន​ធាតុផ្សំ​នៃ​បទល្មើស និង​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ដែល​ចាំបាច់​ចាប់​បង្ខំ​ឲ្យ​លោក​ត្រូវ​តែ​បង់​លុយ​ដូច​ក្នុង​បទ​ចោទ​​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​នេះ ជា​ការ​ទាមទារ​ដែល​គ្មាន​ហេតុផល​ថែម​ទៀត​ផង។

ក្នុង​ថ្ងៃ​លោក អ៊ូ វីរៈ ចូល​បំភ្លឺ​ផ្ទាល់​មាត់​នៅ​តុលាការ​នេះ គេ​សង្កេត​ឃើញ​ថា មាន​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ មួយ​ចំនួន​បាន​បន្ត​ឃ្លាំមើល​ដំណើរការ​ក្ដី​នេះ​ដែរ។

មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ប្ដឹង​ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត នេះ ដោយ​យោង​លើ​ការ​វិភាគ​របស់​លោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ យ៉ាង​នេះ​ក្ដី​ប្រធាន​អង្គការ​វេទិកា​អនាគត នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​វិភាគ​របស់​លោក​គឺ​ពុំ​មែន​ការ​មួល​បង្កាច់​ដូច​បទ​ចោទ​ឡើយ។

អ្នក​វិភាគ​សង្គម លោក កែម ឡី ដែល​ឃ្លាំមើល​ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ យល់​ឃើញ​ថា វា​គួរ​ឲ្យ​អស់​សំណើច​ដែល​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ និង​មតិយោបល់​ដែល​គាំពារ​ដោយ​ច្បាប់​សោះ​ត្រូវ​ជាប់​បណ្ដឹង​ដែរ។ លើស​ពី​នេះ​ទៀត ទាំង​អ្នក​ប្ដឹង និង​អ្នក​សម្រេច​ថា ខុស ឬ​ត្រូវ គឺ​សុទ្ធ​តែ​ក្រុម​តែមួយ ហេតុ​នេះ យុត្តិធម៌​ដែល​រំពឹង​ថា នឹង​ទទួល​បាន​ពី​សំណុំរឿង​នេះ​ប្រហែល​ជា​នៅ​ឆ្ងាយ។ លោក​បន្ត​ថា «យើង​មាន​សំណួរ​ដែល​គួរ​ឲ្យ​ចង់​សើច ដោយសារ​អ្នក​ប្ដឹង គឺ​គណបក្ស​ប្រជាជន។ បើ​អ្នក​កាត់​ក្ដី​អ្នក​ធំៗ​នៅ​តុលាការ​សុទ្ធតែ​សមាជិក​គណបក្ស។ អ៊ីចឹង​គ្រាន់​តែ​យើង​មើល គ្រាន់​តែ​យក យើង​ឧទាហរណ៍​ក្រុម រៀល ម៉ាឌ្រីដ (Real Madrid C.F.) យក​សមាជិក​ធ្វើ​អាប៊ីត យក​មក​ធ្វើ​អាជ្ញា​កណ្ដាល ហើយ​ទៅ​ប្ដឹង អា​ហ្នឹង​វា​អស់​សំណើច»

លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ហើយ​ថា អ្នក​ដែល​ហាន​រិះគន់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា និង​រិះគន់​ដល់​បុគ្គល​សាធារណៈ​ថែម​ទៀត បើ​បំពាន​នឹង​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា បច្ចុប្បន្ន កំពុង​រួម​តូច និង​ស្ថិត​នៅ​មាត់​ជ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។