តុលាការ​កោះ​ហៅ​មន្ត្រី​អាដហុក​មួយ​រូប​ទៀត​សាកសួរ​ពី​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា

ដោយ យាង សុជាមេត្តា
2016.08.15
ឆន សុគន្ធា ២០១៦ ៨៥៥ ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មួយ​រូប​ទៀត​ចូល​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា នោះ។

មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ គឺ​អ្នកស្រី ឆន សុគន្ធា ជា​ប្រធាន​ផ្នែក​ស្ត្រី​ប្រចាំ​សមាគម​អាដហុក។ អ្នកស្រី​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ឲ្យ​ចូល​ខ្លួន​ជា​សាក្សី ដើម្បី​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា អ្នកស្រី ឆន សុគន្ធា នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ។ លោក​បញ្ជាក់​ថា អ្នកស្រី ឆន សុគន្ធា មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ៖ «ខ្ញុំ​គិត​ថា​ដោយសារ​តែ​សមាគម​អាដហុក យើង​ក៏​ធ្វើ​ការ​ទៅ​លើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​អ៊ីចឹង​ដែរ យើង​យល់​ពី​ដំណើរការ​នីតិវិធី​ផ្លូវ​ច្បាប់ ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ តែង​តែ​មាន​នីតិវិធី​ក្នុង​ការ​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ ឬ​សាក្សី ដើម្បី​រក​ភស្តុតាង​ទាំង​ខាង​ដោះ​បន្ទុក និង​ដាក់​បន្ទុក។ អ៊ីចឹង​អាដហុក យល់​ពី​ដំណើរ​ការ​របស់​តុលាការ។ ដូច្នេះ​ហើយ​វា​មិន​មាន​អ្វី​ប្លែក​នោះ​ទេ​ចំពោះ​នីតិវិធី​ហ្នឹង»

អ្នកស្រី ឆន សុគន្ធា គឺ​ជា​មន្ត្រី​សមាគម​អាដហុក ទី​ពីរ​ហើយ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា។ កាល​ពី​ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​កោះ​ហៅ​មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ចូល​ខ្លួន​ជា​សាក្សី ដើម្បី​សាកសួរ​ពាក់ព័ន្ធ​សំណុំ​រឿង​ដូច​គ្នា​នេះ​ដែរ។ ដោយឡែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចំនួន ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​តាម​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។