សមត្ថកិច្ច មិន​ទាន់​កំណត់​មុខ​សញ្ញា​​ជាក់លាក់ និង​​​កំពុង​​​ស៊ើប​អង្កេត ករណី​​​​ក្រុម​​ចោរ​​​ប្លន់​​ធនាគារ RHB Indochina នៅ​​ក្រុង​​ភ្នំពេញ

0:00 / 0:00

សមត្ថកិច្ច ដែល​ចុះ​ស្រាវជ្រាវ​ករណី​ក្រុម​ចោរ​ប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank)នៅ​រាជធានី​ភ្នំពេញ មិនទាន់​កំណត់បានមុខ​សញ្ញាជាក់លាក់​នៅឡើយទេ។ ក្រុម​ប៉ូលីស​ជំនាញ បាន​បញ្ចប់​ការ​ស៊ើបអង្កេត​​នៅ​ទីតាំង​កើត​ហេតុ នៅ​ម៉ោង​ប្រមាណ​ជិត ៧​យប់ ថ្ងៃទី​២៣​ សីហា ​បាន​ប្រាប់​ថា​ ករណី​នេះ ស្ថិត​ក្នុង​ការ​ស៊ើបអង្គេត​នៅ​ឡើយ និង​មិន​ទាន់​អាច​ផ្ដល់​ភស្ដុតាង​​ច្រើន ឲ្យ​អ្នក​សារព័ត៌មាន​ទេ។

សមត្ថកិច្ច​ជំនាញ​ពីរ​នាក់ ស្លៀកពាក់​ស៊ីវិល បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ការ​ស៊ើបអង្គេត​​ទីតាំង​ធនាគារ នៅ​ព្រលប់​ថ្ងៃ​ទី២៣ សីហា​ថា​ ទឹកប្រាក់​ដែល​ក្រុម​ចោរ​ប្លន់ មាន​ចំនួន​ជាង ១០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​បាន​ឃើញ​ក្រុម​ចោរ​មាន​គ្នា ៤​នាក់ ធ្វើ​សកម្មភាព​ប្លន់​ក្នុង​ធនាគារ។ ទោះ​យ៉ាង​នេះ​ក្ដី ដោយសារ​ករណី​នេះ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ សមត្ថកិច្ច​មិន​ទាន់​អាច​បង្ហាញ​បាន​ច្រើន​ទេ៖ «»

អាស៊ីសេរី​មិនអាចសុំការបញ្ជាក់បន្ថែម​ជុំវិញ​ករណី​នេះ ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភគ្គ បាន​ទេ នៅ​ថ្ងៃ​ទី២៣ សីហា ដោយសារ​មិន​លោក​លើក​ទូរស័ព្ទ។

ប៉ុន្ដែ គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ សីហា បង្ហាញ​ថា អំពើ​ប្លន់​ធនាគារ បាន​កើត​ឡើង​នៅ​ម៉ោងប្រហែល ១​រសៀល នៅ​ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ​ម៉ៅ ​សេ​ទុង សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ គេហទំព័រ​ប៉ូលិស​ បង្ហាញ​ថា ជន​សង្ស័យ​ មាន​គ្នា ៥​នាក់ ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ជា​ច្រើន​ដើម បាន​ចូល​ទៅ​ក្នុង​ធនាគារ​ធ្វើ​សកម្មភាព​ប្លន់ បាន​សម្រេច និង​​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ភ្លាមៗ។

គេហទំព័រ​នេះ បាន​ស្រង់​សម្ដី​របស់​សន្តិសុខ​យាម​ការពា​រធនាគារ រៀបរាប់​ថានៅ​មុន​ពេល​កើត​ហេតុ​ រូប​គាត់ ជា​សន្តិសុខ​កំពុង​អង្គុយ​យាម​ធម្មតា ​នៅ​ក្រោម​ឆ័ត្រ​មុខ​ធនាគារ ស្រាប់​តែ​ជន​សង្ស័យ​ស្លៀក​ពាក់​ស៊ីវិល ​បាន​ដើរ​មក​ក្បែរ​សន្តិសុខ​ រួច​ធ្វើ​សកម្មភាព​ភ្ជង់​ និង​ចាប់​ក្រៀក​សន្តិសុខ រួច​នាំ​ចូល​ទៅ​ក្នុង​ធនាគារ ហើយ​បន្ទាប់​មក​ធ្វើ​សកម្មភាពភ្ជង់​បុគ្គលិក​ធនាគារគំរាម​ឲ្យ​ប្រមូល​លុយ​ឲ្យ​​ក្រុម​ចោរ ​រួច​ក្រុម​ចោរ​បាន​នាំគ្នា​រត់​ចេញ ​ឡើង​ជិះ​ម៉ូតូ​ ដោយ​មាន​​បក្ខពួក ​រង់ចាំ​នៅ​ខាង​ក្រៅ​ធនាគារ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។ ទោះ​យ៉ាង​ណា​ក្ដី អំពើ​ប្លន់​នោះ មិន​បាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ទេ។

អំពើប្លន់​ធនាគារ​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​ធនាគារ​ជាតិ លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ នៅ​ក្នុង ឬ​​នៅ​ក្បែរ​បរិវេណ យាមកាម​ទីស្នាក់ការ​គ្រឹះស្ថាន​របស់​ខ្លួន។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ធនាគារជាតិ បាន​លើក​ជូន​ដំណឹង​ថា ​ធនាគារ​ជាតិ បាន​ពិនិត្យ​ឃើញ​ថា គ្រឹះស្ថាន​មួយ​ចំនួន កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់​អាវុធ​ការពារ​នៅ​ក្នុង ឬ​នៅ​ក្បែរ​បរិវេណ​ទី​ស្នា​ក់​ការ​របស់​ខ្លួន ដែល​អាច​បង្ក​ហានិភ័យ​ជា​យថាហេតុ ដល់​អាយុ​ជីវិត​ប្រជាជន និង​សណ្តាប់​ធ្នាប់​​សាធារណៈ។ ធនាគារ​ជាតិ​របប​ក្រុង​ភ្នំពេញ បាន​ប្រាប់​ម្ចាស់​ធនាគារ​ឯកជន នៅ​មុន​ព្រឹត្តិការណ៍ ថ្ងៃ​ទី២៩ កក្កដា​ថា របប​ក្រុង​ភ្នំពេញ មាន​សន្ដិភាព និង​សន្ដិសុខ​ពេញលេញ​ហើយ មិន​ចាំបាច់​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​យាម​ធនាគារ​ឯកជន​ទេ។

ក្នុងលិខិតរបស់ធនាគារជាតិ ក៏បាន​ដាក់​កំហិត​ឲ្យ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​រាយការណ៍​ទៅ​ធនាគារ​ជាតិ ឲ្យ​បាន​មុន​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ អំពី​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សន្តិសុខ និង​ចំនួន​អាវុធ ដែល​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​ដាក់​យាម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា អាជ្ញាធរ​របស់​រដ្ឋ ត្រូវ​ធានា​ពង្រឹង​សន្ដិសុខ លុប​បំបាត់​ករណី​ប្លន់​ប្រដាប់​អាវុធ ជូន​ពលរដ្ឋ​គ្រប់រូប និង​អ្នក​រកស៊ី​ឲ្យ​បាន​ទាំង​ស្រុង ទើប​វិធានការ​នេះ អាច​ទទួល​បាន​ជោគជ័យ។ លោក យង់ គឹមអេង បន្ដ​ថា នៅ​ពេល​ដែល​រដ្ឋ អាច​ធានា​ទាំង​ស្រុង លើ​ហានិភ័យ​ប្លន់​ប្រដាប់​អាវុធ​បាន​ម្ចាស់​ធនាគារ និង​អ្នក​រកស៊ី​ដទៃ ពិត​ជា​មិន​ចង់​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ យាម​នៅ​តាម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទេ ហើយ​ប្រសិន​បើ​ហានិភ័យ​បែប​នេះ នៅ​តែ​កើត​មាន បើ​ទោះ​ជា​គ្រប់​ធនាគារ ឬ​ហាង​​រក​ស៊ី​ទាំង​អស់ ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​មិន​អាច​ទប់ទល់​ជាប់​ដែរ៖ «»

សង្គមស៊ីវិលរូបនេះ បន្ដថា នៅពេលមានករណីប្លន់ប្រដាប់អាវុធបែបនេះ​កើត​ឡើង អាច​ធ្វើ​ឲ្យ​វិនិយោគិន​ដទៃ​ទៀត មាន​ការ​បារម្ភ ភ័យ បាត់​ទំនុក​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។